ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា:មន្រ្តីនគរបាលចរាចរត្រូវចៀសវាងដាច់ខាតកុំឲ្យមានសកម្មភាពអវិជ្ជមានណាមួយក្នុងពេលបំពេញភារកិច្ច
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នសមត្ថភាពមន្រ្តីនគរបាលចរាចរ ដែលមានសិក្ខាកាមសរុប ១២០នាក់ មកពីការិយាល័យចរាចរផ្លូវគោក នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋានជំនាញ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅបណ្ឌិត្យនគរបាលកម្ពុជា។

ឯកឧត្តម សេង ផល្លី មានប្រសាសន៍ថា មន្រ្តីនគរបាលចរាចរត្រូវចៀសវាងដាច់ខាតកុំឲ្យមានសកម្មភាពអវិជ្ជមានណាមួយក្នុងពេលបំពេញភារកិច្ច ហើយត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពបទបញ្ជា គោរពសិទ្ធិមនុស្ស និងរក្សាភាពថ្លៃថ្នូរឲ្យបានខ្ជាប់ខ្ជួន និងសក្តិសមជាមន្រ្តីនគរបាលល្អដែលបម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត សេង ផល្លី បានលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាអាទិភាពនៅឡើយ ដែលបានជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ កន្លងមករាជរដ្ឋាភិបាលនឹងក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរផ្លូវគោក ដែលចេះតែកើនឡើងជារៀងរាល់ឆ្នាំ ដូចជាការធ្វើវិសោធនកម្មច្បាប់ចរាចរផ្លូវគោកជាបន្តបន្ទាប់ ការដាក់ចេញនូវបទបញ្ញត្តិផ្សេងៗ និងការបង្កើតយន្តការនានាជាដើម។ 

ហេតុនេះក្នុងការអនុវត្តវិធានការរាជរដ្ឋាភិបាលនឹងក្រសួងមហាផ្ទៃ បណ្ឌិត្យសភា និងអគ្គស្នងការដ្ឋាននគរបាលជាតិបានសហការគ្នា បើកវគ្គបំប៉នសមត្ថភាពមន្រ្តីនគរបាលចរាចរនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារចរាចរ ពង្រឹងសមត្ថភាពជំនាញ និងអប់រំក្រមសីលធម៌វិជ្ជាជីវៈមន្រ្តីនគរបាលចរាចរ ក្នុងគោលដៅបង្ការនឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរផ្លូវគោកឲ្យបានជាអតិបរិមា ព្រមទាំងឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមប្រធានបានសង្កត់ធ្ងន់ថា មន្រ្តីនគរបាលចរាចរផ្លូវគោក ត្រូវមានចំណេះដឹងអំពីច្បាប់ពាក់ព័ន្ធជំនាញឯកទេសចរាចរ ចេះជំនាញបច្ចេកទេសអន្តរាគមន៍ ចេះក្បាច់គុន ចេះប្រើអាវុធស្ទាត់ជំនាញការគោរពគំនាប់ និងការស្លៀកពាក់ឲ្យបានត្រឹមត្រូវ អត្តចរិតថ្លៃថ្នូរ សុភាពរាបសារ និងមុឺងម៉ាត់ក្នុងការងារ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា សកម្មភាពការងារប្រចាំថ្ងៃរបស់មន្រ្តីនគរបាលចរាចរផ្លូវគោកបានបង្ហាញឲ្យសាធារណៈជនអាចវាយតម្លៃបានភ្លាមៗ អំពីជំនាញនឹងក្រមសីលធម៌វិជ្ជាជីវៈ ភាពថ្លៃថ្នូរ និងអត្តចរិតរបស់មន្រ្តីនគរបាល។ ក្នុងករណីនេះបើសិនជាមន្រ្តីនគរបាលណាម្នាក់ប្រព្រឹត្តនូវសកម្មភាពខុសឆ្គងណាមួយពិតជាត្រូវប្រជាពលរដ្ឋមើលឃើញ ហើយថតយកសកម្មភាពមិនល្អនោះផ្សព្វផ្សាយតាមបណ្តាញសង្គមនានា នាំឲ្យជះឥទ្ធិពលមិនល្អដល់សាមីខ្លួន ដល់អង្គភាព ដល់ក្រសួងមហាផ្ទៃ និងដល់រាជរដ្ឋាភិបាល ដោយសារតែសកម្មភាពខុសឆ្គងរបស់មន្រ្តីនគរបាលមួយចំនួនតូច៕អត្ថបទ÷ឃឹម វិសាល 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation