សម្ដេចក្រឡាហោម ស ខេង ដាស់តឿន គ្រប់អង្គភាពស្ថាប័នក្រោមចំណុះក្រសួង ត្រូវយកចិត្តទុកដាក់ ជួយដល់ការងារយេនឌ័រ  
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ "មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ" នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ទៀតថា «ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំតែងដាស់តឿន ក្រើនរំលឹក ដល់គ្រប់អង្គភាព ស្ថាប័នក្រោមចំណុះ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យយកចិត្តទុកដាក់ ជួយដល់ក្រុមការងារយេនឌ័រក្រសួង និងក្រុមការងារយេនឌ័រតាមបណ្ដាអគ្គនាយករដ្ឋាន ដើម្បីបែងចែងតួនាទី ការងារ ភារកិច្ច ការទទួលខុសត្រូវ សិទ្ធិអំណាច ឱកាស ធនធាន និងផលប្រយោជន៍ប្រកបដោយសមធម៌រវាងស្ដ្រី និងបុរស»។

សម្ដេចក្រឡាហោម បន្ដថា ជាបណ្ដើរៗ នារីក្នុងវិស័យទាំងបី គឺកងកម្លាំងនគរបាលជាតិ រដ្ឋបាល ស៊ីវិល និងអង្គភាពពន្ធនាគារ បានបង្កើតនូវទិន្នន័យថ្មី នៃការកើនឡើងនូវចំនួនស្ដ្រី ក្នុងតួនាទីដឹកនាំអង្គភាព នៅគ្រប់កម្រិត រៀងរាល់អណត្តិ និងខិតខំបង្កើនបរិមាណស្ដ្រី ដើម្បីបន្ដវេនដឹកនាំទៅអនាគត។

សម្ដេចក្រឡាហោម បន្ថែមថា ជាការពិត ក្រសួងមហាផ្ទៃ មិនទាន់បានធ្វើឲ្យកំណើនជាអត្រាភាគរយស្ដ្រី ក្នុងមុខតំណែងគ្រប់ឋានានុក្រម បានសមស្របនៅឡើយ តែជាបណ្ដើរៗ ក្រសួងបានរៀបចំយុទ្ធសាស្ដ្រ សម្រាប់ការបង្កើនចំនួនស្ដ្រីឲ្យបានសមស្របពី មួយឆ្នាំ ទៅមួយឆ្នាំ ផ្នែកលើភាពចាំបាច់ គោលការណ៍ និងច្បាប់កំណត់ រួមទាំង ការខិតខំបង្កើនសមត្ថភាព ពង្រឹងការទទួលខុសត្រូវ ដល់មន្ដ្រី ទាំងស្ដ្រី និងបុរស ដែលត្រូវបានបង្ហាញឡើ់ងតាមរយៈ កិច្ចខិតខំប្រឹងប្រែង បង្កើតស្នាដៃ ប្រកបដោយស្មារតីទទួលខុសត្រូវ និងការអភិវឌ្ឍ ដែលជាលក្ខ័ខ័ណ្ឌ ត្រូវលើកទឹកចិត្ត។

ដើម្បីធ្វើឲ្យសម្រេចគោលដៅ ក្នុងផែនការយុទ្ធសាស្ដ្រសមភាពយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ ពីការប្ដេជ្ញាចចិត្តជាថ្មី ដូចខាងក្រោម ៖ 

ទី១-ត្រូវលុបបំបាត់ឲ្យបានដាច់ខាត ការរើសអើងយេនឌ័រ ក្នុងក្រសួងមហាផ្ទៃដែលនាំឲ្យមានភាពលំអៀងរវាង ស្ដ្រី និងបុរស ក្នុងការវាយតម្លៃអំពី គុណ ភាព ការងាររបស់មន្ដ្រី។

ទី២-ពិនិត្យលទ្ធភាព និងល័ក្ខខ័ណ្ឌដើម្បីជ្រើសរើស និងតែងតាំងស្ដ្រីក្នុងមុខតំណែងដឹកនាំអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបន្ថែមទៀត ជាពិសេស ជាប្រធានអង្គភាព និងអភិបាលខេត្ត ក្រុង-ស្រុក-ខណ្ឌ ដើម្បីបង្កើនអត្រាចូលរួមរបស់ស្ដ្រី ឲ្យបានសមស្រប និងលើកវិធានការ ដើម្បីបង្កើនចំនួនមន្ដ្រីជ្រើសរើសថ្មីជាស្ដ្រី ឲ្យបានសមស្រប។

ទី៣-អង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងវិន័យ របៀបរបបការងារ ក្រមសីលធម៌មន្ដ្រីសាធារណៈ ក្រមសីលធម៌កងកម្លាំងនគរបាល និងក្រមសីលធម៌មន្ដ្រីពន្ធនាគារ ដោយសហការគ្នាបំពេញភារកិច្ចឲ្យបានល្អ ដើម្បីលើកតំកើនតំលៃស្ដ្រី។

ទី៣-មន្ដ្រីក្រសួងមហាផ្ទៃទាំងអស់ ត្រូវខិតខំធ្វើការងារឲ្យស្មើដៃគ្នា និងខិតខំពង្រឹងសមត្ថភាព រៀនសូត្របន្ថែមទៀត នូវមុខជំនាញ ដែលបម្រើឲ្យភារកិច្ច ដែលខ្លួនទទួលខុសត្រូវ ដើម្បីក្លាយជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។

និងទី៤-យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់និន្នាការ ដោយមិនទុកឲ្យអ្នកណាម្នាក់ នៅក្រៅរង្វង់នៃការទទួលខុសត្រូវរបស់យើងឡើយ៕អត្ថបទ÷ឃឹម វិសាល 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation