រយៈពេល៦ខែ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាង ៣០លានដុល្លារ រៀបចំបង្កើតប្រព័ន្ធការពារ និងឧបករណ៍តាមដាន, រៀបចំទីកន្លែងពាក់ព័ន្ធវីរុសកូវីត១៩
| ព័ត៌មានជាតិ
SHARE

ការរីករាលដាលនៃវីរុស Covid-19 នៅក្នុងពិភពលោក និងក្នុងតំបន់ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា ផ្នែកវិស័យឯកជន បានស្នើសុំការផ្ដល់ព័ត៌មាន វិធានការរបស់រាជរដ្ឋាភិបាលលើបញ្ហានេះ ដូចជា ការរៀបចំជាច្បាប់បទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ប្រសិនបើវីរុសរីករាលដាលនៅប្រទេសកម្ពុជា និង ផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។ 

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសុខាភិបាល បានចាត់វិធានការលើកពីការការពារការរីករាលដាលនៃវីរុស Covid-19 ព្រមទាំងគិតគូររកវិធានការជាប្រព័ន្ធ ដើម្បីទប់ស្កាត់បញ្ហានេះពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈការរៀបចំផែនការយុទ្ធសាស្ត្រ, វិធានការឆ្លើយតបបន្ទាន់, រៀបចំគោលការណ៍ណែនាំ ចុះធ្វើការផ្សព្វផ្សាយនៅហ្នឹងកន្លែង និងវិធានការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងបង្ការបញ្ហា ដែលអាចកើតមានជាយថាហេតុឱ្យបានទាន់ពេលវេលា ក្នុងស្មារតីបុរេសកម្ម ក៏ដូចជា ពង្រឹង និងបង្កើនធនធានបន្ថែម ទាំងផ្នែកគ្រូពេទ្យ សម្ភារៈពេទ្យ រៀបចំឧបករណ៍ស្គេនកម្តៅ ប្រព័ន្ធគ្រប់គ្រង និងភ្នាក់ងារចាំទទួលព័ត៌មានពាក់ព័ន្ធវីរុស តាមរយៈលេខទំនាក់ទំនងបន្ទាន់លេខ ១១៥ ព្រមទាំងពង្រឹងកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ជាដើម។ 

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងសហការជាមួយក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំក្របខណ្ឌរួម ជាវិធានការ និងយន្តការជាកញ្ចប់ពាក់ព័ន្ធនឹងការការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល ៦ខែ ដោយគ្រោងចំណាយថវិកាជាង ៣០លានដុល្លារអាមរិក តាមរយៈការរៀបចំបង្កើតប្រព័ន្ធការពារ និងឧបករណ៍តាមដាន, រៀបចំទីកន្លែងដើម្បីទទួលដោះស្រាយ ក៏ដូចជា ស្វែងរកអ្នកដែលមានលទ្ធភាពឆ្លងកុំឱ្យមានការរីករាលដាល សំដៅបង្ការ ការពារ និងព្យាបាលក្នុងករណីមានការឆ្លងវីរុស។ ការរៀបចំក្របខណ្ឌដោះស្រាយទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីអាចទប់ស្កាត់ រួមជាមួយវិធានការដោះស្រាយលើគ្រប់ទិដ្ឋភាព ដែលអាចឈានទៅដល់ការគិតគូរឱ្យមានប្រព័ន្ធការពារសុខភាពសាធារណៈសម្រាប់ការពារជំងឺឆ្លងទៅអនាគតតែម្តង។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ នៅក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី៤១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ទាក់ទងនឹងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិយើង ស្របពេលដែលមានការវាយលុកពីជម្ងឺកូវីដ១៩ គឺគ្រប់ស្ថាប័នទាំងអស់ ចាប់ពីពេលនេះតទៅ ត្រូវកាត់បន្ថយការចំណាយរហូតដល់ ៥០% មានតែក្រសួង៣ទេ គឺក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវមានការកាត់បន្ថយការចំណាយ ២៥%៕អត្ថបទ៖ ចេង ឆហួត 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation