ព័ត៌មានជាតិ

ព្រះមហាក្សត្រ ប្រោសព្រះរាជទានអំណោយ ដល់កសិករក្រីក្រ៦២០គ្រួសារ នៅស្រុកមេសាង

image

នាវេលាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជានុរាស្រ្តជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនដល់ប្រជាកសិករក្រីក្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមគ្រូពេទ្យ ចំនួន ៦២០គ្រួសារ ស្ថិតនៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១), មី១កេស ត្រីខ ១០កំប៉ុង, កន្ទេល១, ស្បែកជើងផ្ទាត់១គូ, អាវយឺតចំនួន១ ដែលមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ថវិកា ១០ម៉ឺនរៀល និងអាហារសម្រន់ពេលព្រឹក។ 

ក្នុងព្រះរាជពិធីនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានប្រោសព្រះរាជទានព្រះរាជអំណោយដល់លោកគ្រូ អ្នកគ្រូ ចំនួន ៨នាក់ និងក្រុមគ្រូពេទ្យចំនួន ៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតចំនួន១ និងអាវរងារចំនួន១ ដែលមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថវិកា ១០ម៉ឺនរៀល។ ចំណែកសិស្សានុសិស្សចំនួន ៤០០នាក់ ទទួលបានអាហារពេលព្រឹកមួយពេលសម្រាប់ទទួលទាន មាន៖ ទឹកបរិសុទ្ធ១ដប ទឹកក្រូច១កំប៉ុង មីចាន២ នំប៉ាវ១ នំផ្អែម១កញ្ចប់ ផ្លែប៉ោម១ផ្លែ ព្រមទាំងសម្លៀកបំពាក់មួយសម្រាប់ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ ថវិកា៥.០០០រៀល និងសម្ភារសិក្សាមួយចំនួន៕