សម្តេចតេជោ៖ ឆ្នាំក្រោយនេះ ចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដែលជាស្រ្តីនឹងមានចំនួនច្រើន
ភ្នំពេញ៖ សម្កេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៏សង្ឃឹមថា នៅឆ្នាំក្រោយនេះ ចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដែលជាស្រ្តីនឹងមានចំនួនច្រើនជាងឆ្នំានេះ ក្នុងន័យនេះសម្តេចចង់អោយមានការលើកកម្ពស់ និងផ្តល់ឪកាសដល់ស្រ្តីបន្ថែមទៀត ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាព្រឹកថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មិនា ខួបលើកទី១០៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។ នៅក្នុងពិធីនេះសម្កេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏សង្ឃឹមថា នៅឆ្នាំក្រោយនេះ ចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដែលជាស្រ្តីនឹងមានចំនួនច្រើនជាងឆ្នំានេះ ក្នុងន័យនេះសម្តេចចង់អោយមានការលើកកម្ពស់ និងផ្តល់ឪកាសដល់ស្រ្តីបន្ថែមទៀត ។
ជាមួយនឹងការយកចិត្តទុកដាក់ចំពោះស្រ្តីកម្ពុជា សម្តេចតេជោក៏បានអំពាវនាវគ្រប់ក្រសួងស្ថាប័នរដ្ឋ ឯកជន អង្កការសង្គមស៊ីវិល នឹងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមរក្សាសន្តិភាព ការពារដ្ឋធម្មនុញ្ញ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ដើម្បីអោយមានសន្តិសុខ ស្ថេរភាពសង្គម អោយប្រជាពលរដ្ឋរស់ប្រកបដោយសេចក្តីសុខក្នុងការរស់នៅ ជាពិសេសដើម្បីអោយស្រ្តីរស់នៅប្រកបដោយសុវត្ថិភាព។
របាយការណ៍ក្រសួងកិច្ចការនារី បានបង្ហាញចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិលនាពេលបច្ចុប្បន្នមានការកើនឡើងច្រើនខ្វះតែ៩ភាគរយទៀតប៉ុណ្ណោះ នឹងស្មើជាមួយមន្ត្រីរាជការជាបុរស។ ប៉ុន្តែចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិលក្នុងតួនាទីជាថ្នាក់ដឹកនាំនៅមានចំនួនតិចតួចនៅឡើយ។
របាយការណ៍បានបង្ហាញថា ស្រ្តីជាមន្ត្រីរាជការស៊ីវិលសរុបនៅតាមក្រសួងស្ថាប័ននានា គិតត្រឹមឆ្នាំ២០១៧ មានចំនួន ៨ម៉ឺន៦ពាន់៧៦៨នាក់ ស្មើនឹង ៤១ភាគរយ នៃមន្ត្រីរាជការសរុប ២សែន១ម៉ឺន៤ពាន់១០នាក់។ ក្នុងនោះថ្នាក់ជាតិស្រ្តីមានចំនួន ១ម៉ឺន២ពាន់៣៥១នាក់ ថ្នាក់ក្រោមជាតិ ៧ម៉ឺន៤ពាន់៤១៧នាក់។
របាយការណ៍បានបង្ហាញផងដែរថា ស្រ្តីដែលជាមន្រ្តីរាជការស៊ីវិលមានតំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង/ស្រុក/ខណ្ឌ រហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើនៅឆ្នាំ២០១៧ មានចំនួន ៧,០៤៥នាក់ ស្មើនឹង ២៤ភាគរយ នៃចំនួនសរុប ២ម៉ឺន៩ពាន់៦៩១នាក់។
ស្ត្រីជាថ្នាក់ដឹកនាំនៅតាមរាជធានី/ខេត្ត៖ ស្រ្តីជាអភិបាលខេត្តមានចំនួន ១នាក់, ស្ត្រីជាអភិបាលរងខេត្ត មានចំនួន ២៦នាក់, ស្រ្តីជាប្រធានក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ១នាក់, ស្រ្តីជាសមាជិកក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៦៤នាក់, ស្ត្រីជាប្រធានមន្ទីររាជធានី/ខេត្ត មានចំនួន ៥៧នាក់ ហើយស្ត្រីជាអនុប្រធានមន្ទីររាជធានីខេត្ត/ខេត្តមានចំនួន ៣០៦នាក់។
ស្ត្រីជាថ្នាក់ដឹកនាំនៅតាមខេត្ត/ក្រុង/ស្រុក/ខណ្ឌ៖ ស្រ្តីជាអភិបាលក្រុង/ស្រុក/ខណ្ឌ មានចំនួន ៧នាក់, ស្រ្តីជាអភិបាលរងក្រុង/សុក/ខណ្ឌ មានចំនួន ១៨៥នាក់, ស្រ្តីជាប្រធានក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ២នាក់, ស្រ្តីជាសមាជិកក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៤០៤នាក់។
ស្ត្រីជាថ្នាក់ដឹកនាំនៅតាមឃុំ/សង្កាត់៖ ស្រ្តីជាប្រធានការិយាល័យស្រុក/ក្រុង មានចំនួនសរុប ៣៤៦នាក់, ស្រ្តីជាអនុប្រធានការិយាល័យស្រុក/ក្រុង មានចំនួន ៤៣៩នាក់, ស្រ្តីជាមេឃុំ/ចៅសង្កាត់ ១៣០នាក់, ស្ត្រីជាជំទប់ទី១ មានចំនួន ២៧២នាក់, ស្ត្រីជាជំទប់ទី២ មានចំនួន ២៨៥នាក់ និងស្រ្តីជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មានចំនួន ១ពាន់៦១១នាក់។
របាយការណ៍បានបង្ហាញផងដែរពីចំនួនស្រ្តីក្នុងប្រព័ន្ធតុលាការ និងមេធាវី។ របាយការណ៍បានបង្ហាញថា ស្រ្តីជាចៅក្រម មានចំនួន ៣៨នាក់ ស្មើនឹង ១៤.៣៤ភាគរយ នៃចៅក្រមសរុប ២៦៥នាក់, ស្ត្រីជាព្រះរាជអាជ្ញា មានចំនួន ២៣នាក់ ស្មើនឹង ១២.៧៨ភាគរយ នៃព្រះរាជអាជ្ញាសរុប ១៨០នាក់, ស្រ្តីជាក្រឡាបញ្ជីមានចំនួន ១៦៥នាក់ ស្មើនឹង ២១.៥៤ភាគរយ នៃចំនួនក្រឡាបញ្ជីសរុប ៧៦៦នាក់, ស្ត្រីជាអាជ្ញាសាលាមានចំនួន ២នាក់ ស្មើនឹង ៧.៤១ភាគរយ នៃចំនួនអាជ្ញាសាលាសរុប ២៧នាក់, ស្ត្រីជាមេធាវីមានចំនួន ២០៦នាក់ ស្មើនឹង ២០.២២ភាគរយ នៃចំនួនមេធាវីសរុប ១ពាន់១៩នាក់, ស្ត្រីជាសការីមានចំនួន ៩នាក់ ស្មើនឹង ៤៥ភាគរយ នៃចំនួនសការីសរុប ២០នាក់៕
ដោយ៖ ហ៊ន សុភ័ក្រ