សម្តេចក្រឡាហោមសខេងជំរុញការកាត់ទោសក្រុមសង្ស័យគ្រឿងញៀន
| ព័ត៌មានជាតិ
SHARE

សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ស្ថាប័នតុលាការ ជួយពន្លឿនការបើកសវនាការ ដើម្បីកាត់ទោស អ្នករកស៊ីគ្រឿងញៀន និងអ្នកពាក់ព័ន្ធ ក្រោយកម្លាំងនគរបាលយុត្តិធម៌ បង្ក្រាបបាននិងបញ្ជួនទៅតុលាការហើយ នោះ។ ប្រសាសន៍អំពាវនាវរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាត បូកសរុបលទ្ធផលការងារ និង ទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាមួយនឹងវត្តមាន លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រីនិងជារដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានរាជធានីភ្នំពេញ។ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវ ដល់ស្ថាប័នតុលាការ ត្រូវតែកាត់ ក្ដីអ្នកដែលពាក់ព័ន្ធការជួញដូរ កែច្នៃគ្រឿងញៀនទំាងនោះ អោយបានច្បាស់លាស់ និងយុត្តិធម៌ ដើម្បីផ្ដល់ជំនឿ ទុកចិត្តដល់ប្រជាពលរដ្ឋ និងស្ដែងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ដែលបានរួមដៃគ្នាបង្ក្រាបទាំងយប់ ទាំងថ្ងៃ សំដៅលុបបំបាត់គ្រឿងញៀនក្នុងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់បន្ថែមថា សមត្ថកិច្ចនគរបាលយុត្តិធម៌ ពិសេសក្រសួងមហាផ្ទៃ បានត្រៀម ខ្លួនជានិច្ច ដើម្បីសហការជាមួយស្ថាប័នតុលាការ ប្រសិនបើត្រូវការភស្ដុតាងណាមួយ ដើម្បីដាក់បន្ទុកបន្ថែមដល់ ជនល្មើសទាំងអស់នោះ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងឲ្យដឹងទៀតថា ក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយនេះ សមត្ថកិច្ចរឹបអូស គ្រឿងញៀនបានជាង១តោន និងរហូតមកដល់ពេលនេះទៀត ជនសង្ស័យ និងជនត្រូវចោទពាក់ព័ន្ធបទល្មើស គ្រឿងញៀនដែលជាប់ឃុំ មានការកើនឡើងកាន់តែច្រើន រហូតដល់ជាង៣ម៉ឺននាក់ ប៉ុន្ដែបានកាត់ទោសរួច រាល់ជាស្ថាពរ មានតែ៨ពាន់នាក់ប៉ុណ្ណោះ ដែលចំនួននេះមិនដល់មួយភាគបីនោះឡើយ៕អត្ថបទ ៖ម៉ៅ​ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation