ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធានក្រុមការងារចុះជួយខណ្ឌចំការមន បានជំរុញក្រុមការងារនៅតាមឃុំ សង្កាត់ ខណ្ឌពង្រឹងរបៀបរបបធ្វើការងារ

image

  ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធានក្រុមការងារចុះជួយខណ្ឌចំការមន បានជំរុញក្រុមការងារនៅតាមឃុំ សង្កាត់ ខណ្ឌនិមួយៗយកចិត្តទុកដាក់ក្នុងការបន្តពង្រឹងរបៀបរបបធ្វើការងារកិច្ចប្រជុំក្រុមប្រឹក្សា និងការទំានក់ទំនងរវាងក្រុមប្រឹក្សានិងចៅរង ចៅសង្កាត់ ក៏ដូចជានៅថ្នាក់ខណ្ឌរវាងក្រុមប្រឹក្សានិងគណៈអភិបាលខណ្ឌផងដែរ។ 

  ប្រសាសន៍ជំរុញធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤២ អាណត្តិទី៥ ដល់សមាជិក សមាជិកាប្រមាណជិត៧០០នាក់នៅខណ្ឌចំការមនព្រឹកថ្ងៃទី២៣ កុម្ភៈនេះ។

  ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍បន្ថែមថាការជំរុញនេះស្របតាមប្រសាសន៍របស់សម្តេចតេជោហ៊ុន សែនលើកឡើងក្នុងពិធីបិទសន្និបាតរបស់ក្រសួងមហាផ្ទៃដែលប្រារព្ធធ្វើថ្មីៗនេះ ឯកឧត្តម បន្តអោយដឹងថា ក្នុងនាមគណៈអភិបាលនិងក្រុមប្រឹក្សាខណ្ឌត្រូវតែធ្វើការរួមគ្នា ដើម្បីការទទួលខុសត្រូវរួមគ្នា ម្នាក់ជានិតិបញ្ញត្តិ និងម្នាក់ទៀតជានិតិប្រតិបត្តិ គណៈអភិបាលត្រូវតែចូលរួមប្រជុំជាមួយក្រុមប្រឹក្សា ដើម្បីស្តាប់ពីការលើកឡើងបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ប្រសិនបើគណៈអភិបាលអវត្តមានដោយគ្មានមូលហេតុចំនួន៣ដង គឺត្រូវដកដំណែងហើយ។ដូច្នេះទាំងគណៈអភិបាលនិងក្រុមប្រឹក្សាត្រូវតែសហការគ្នាអោយបានល្អទៅតាមច្បាប់។ ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធថ្នាក់មូលដ្ឋានពាក់ព័ន្ធបញ្ហាពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានតួនាទីជាស្មៀនត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនអោយបានល្អ អោយរហ័យប្រកបដោយឥរិយាបថទន់ភ្លន់ ជាទីប្រឹក្សាដល់ប្រជាពលរដ្ឋដែលទៅទទួលសេវាផងដែរ។

  លោក ថេង សុថុល អភិបាលខណ្ឌចំការមន មានប្រសាសន៍ក្នុងពិធីប្រជុំអោយដឹងថាដើម្បីលើកកម្ពស់ការឆ្លើយតប និងគណនេយ្យភាពរបស់ក្រុមប្រឹក្សា សង្កាត់ ដែលដឹកនាំ ដោយគណបក្សប្រជាកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចមូលនិធិ ឃុំ សង្កាត់ ដែលនៅក្នុង ឆ្នាំ២០២០នេះរដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកាចំនួនទ្វេដង ប្រៀបនឹងឆ្នាំ២០១៩ ពោលគឺមានចំនួនសរុបជាមធ្យមប្រមាណ ៥២២លាន៨២ម៉ឺន០៨៥៨រៀល សមមូលនឹង១២ម៉ឺន៩.០៩១ ដុល្លារ ក្នុងនោះថវិកាសម្រាប់ចំណាយលើការអភិវឌ្ឍមូលដ្ឋាន ៣១១លាន ៩២ម៉ឺន១៧២៥រៀល សមមូលនឹង៧ម៉ឺន៧ពាន់០១៧ដុល្លារអាមេរិក ។

  លោកអភិបាលខណ្ឌបានបន្ថែមអោយដឹងថា ថវិកានេះនឹងបន្តបង្កើនរៀងរាល់ខែរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់និមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យម ចំនួនប្រមាណ៩២១លាន ៥២ម៉ឺនរៀល សមមូលនឹង២២ម៉ឺន៧ពាន់៥៣៥ដុល្លារអាមេរិក ក្នុងនោះ ថវិកាសម្រាប់ចំណាយលើការអភិវឌ្ឍមូលដ្ឋានមានជាមធ្យមចំនួនប្រមាណ ៦២៥លាន២២ម៉ឺនរៀល សមមូល នឹង ១៥ម៉ឺន៤៣៧៥ ដុល្លារអាមេរិក ។ ហេតុនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវស្រាវជ្រាវ អំពីបែបបទនីតិវិធីនៃការចាត់ចែង ប្រើប្រាស់ថវិកាទាំងនោះនិងនីតិនៃការអនុវត្តគម្រោងឃុំ សង្កាត់ ដើម្បីជួយពង្រឹងឃុំ សង្កាត់ក្នុងការប្រើប្រាស់ថវិកាទាំងនោះអោយចំទិសដៅ ប្រកបដោយតម្លាភាព សុចរិត ភាព និងគណនេយ្យភាព៕អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា