សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីនឹករលឹក និងសច្ចាបញ្ចូលសមាជិកថ្មី ក្រោមប្រធានបទ «ភាពចម្រុះ សមធម៌ ការរួមបញ្ចូលគ្នា»
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ សមាគមកាយឫទ្ធិកម្ពុជា បានរៀបចំកម្មវិធី ប្រារព្ធពិធីសច្ចា និងអបអរសាទរ ទិវានឹករលឹកឆ្នាំ២០២០ Thinking Day 2020 ក្រោមប្រធានបទ «ភាពចម្រុះ សមធម៌ ការរួមបញ្ចូលគ្នា» ( Happy Thinking Day 2020 Under The Theme Diversity Equilty and Inclusion) ដោយមានការចូលរួមពី សំណាក់ស្ថាបនិក ស្នងការ ស្នងការរង សមាជិកកិត្តិយសលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសមាជិកសមាជិការជាង២០០នាក់ នៅអគារពិពរណ៍កោះពេជ្រ អគារ B ។

លោកជំទាវ ស៊ិន សិរី ជាអគ្គស្នងការសមាគម បានបញ្ជាក់ថា ចលនាកាយឫទ្ធិនារី ជាសកម្មភាពដែលមាន គោលដៅ និងភាពសប្បាយរីករាយ សម្រាប់កុមារី និងយុវតី គឺជាការ អប់រំក្រៅប្រព័ន្ធ មួយដែលផ្តល់ឱកាសឱ្យកុមារី និងយុវតីសាកល្បងចូលរួមសកម្មភាពផ្សេងៗ ដើម្បីឱ្យពួកគេមាន ការទុកចិត្តលើខ្លួនឯង និងចាប់អារម្មណ៍ទៅលើបញ្ហាសង្គម។ ចលនាកាយឫទ្ធិនារីជាចលនា ស័្មត្រចិត្ត មិនមែនរដ្ឋាភិបាល មិនប្រកាន់ក្រុម មិនប្រកាន់វណ្ណៈ សាសនា ជាតិសាសន៍ ឬ ពណ៌សម្បុរឡើយ ។

សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ​គឺជា​សមាគម​ក្រៅ​រដ្ឋា​ភិបាល​មួយ​ដែល​មាន​ទិស​ដៅ​លើក​កំពស់​​ការអប់រំ​ដល់​កុមារី​និងយុវតី​ឱ្យ​ក្លាយ​ទៅជា​ពលរដ្ឋ​ល្អ។ សមាគម​នេះ​មាន​បេសកកម្ម​ជួយ​អភិវឌ្ឍន៍​ថាម​ពល​កុមារី​ យុវតី​​ ដើម្បី​​ឱ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ល្អ​ដែល​មាន​ការ​​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួនឯង​ គ្រួសារ ​សហគមន៍ និង​ប្រទេស​​ជាតិ។

លោកជំទាវ ពេជ ចន្ទមុន្នី ដែលបានចូលរួមនៅក្នុងពិធីបំពាក់កន្សែងចូលជាសមាជិកសមាគមន៍កាយរឹទ្ធនៃកម្ពុជា បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងមោទនភាពដែលបានចូលរួមជាមួយសមាគមកាយរឹទ្ធិនារីកម្ពុជាលោកជំទាវបានមានប្រសាសន៍ថាយើងដើរទៅមុខទាំងអស់គ្នា ប្រកបដោយមោទនភាពនិងប្ដេជ្ញាដឹកនាំបន្តដោយមានការគាំទ្រនិងលើកទឹកចិត្តពីថ្នាក់ដឹកនាំចាស់ៗដើម្បីបុព្វហេតុសកម្មភាពសង្គមរបស់សមាគមន៍កាយរឹទ្ធនារីកម្ពុជា។ 

សូមរំលឹកថា ប្រវត្តិនៃកកើតសមាគមកាយឫទ្ធិនារីកម្ពុជា ផ្តើមនៅពេលអាណានិគមបារាំង ប៉ុន្តែសកម្មភាពត្រូវកាត់ផ្តាច់២ទស្សវត្ស ដោយសង្គ្រាម និងបង្កើតឡើងវិញនៅឆ្នាំ១៩៩៦ ដោយការស្នើពីគណៈប្រតិភូសមាគមកាយឫទ្ធិពិភពលោក (WAGGGS) លោកស្រី លាង ម៉េងហូ បានប្រមូលនិសិ្សត១៦នាក់ និងរៀបចំជូនគណៈកម្មាការបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បង្កើតអោយមាន គណៈកម្មាការ និងរៀបចំជាសមាគម អង្គការមិនមែនរដ្ឋាភិបាលខែរជាមួយក្រសួងមហាផ្ទៃ ថ្ងៃទី ១៧ ឧសភា ឆ្នាំ១៩៩៧។

ឆ្នាំ១៩៩៩ គណៈកម្មការប្រតិបត្តិដំបូងបង្អស់ត្រូវបានរៀបចំឡើង បន្ទាប់ពីការបណ្តុះបណ្តាលដោយគណៈកម្មការប្រតិបត្តិនៅក្រុងបាងកក។ ឆ្នាំ១៩៩៩ ខែសីហា សមគមទទួលវិញ្ញាបនប័ត្រពីសមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) ដើម្បីចូលជាសមាជិក។ នៅថ្ងៃ០៧ ខែធ្នូ​ ឆ្នាំ១៩៩៩ សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថសីហនុ ទ្រង់បានទទួលយល់ព្រមតាមសំណើរបស់គណៈកម្មាការប្រតិបត្តិជា ព្រះប្រធានកិតិ្តយស។

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ សមាគមកាយឫទ្ធិនារីកម្ពុជាត្រូវបានទទួលស្គាល់ និងបានក្លាយជាសមាជិកពេញសិទ្ធ នៃសមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) នៅក្នុងសន្និសីទពិភពលោកលើកទី៣៤ បានប្រារព្ធឡើងនៅក្នុងទី Edinburgh, Scotland United Kingdom។

នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦ តាមរយៈសន្និបាតលើកទី៩ បានបោះឆ្នោតជ្រើសរើសគណៈកម្មាធីការប្រតិបត្តិអាណត្តិ ២០១៦-២០១៨ ដឹកនាំដោយលោកជំទាវ ស៊ិន សិរី ជាអគ្គស្នងការ។

បច្ចុប្បន្ននេះ សមាគមកាយឫទ្ធិនារីកម្ពុជា មានសមាជិកដែលចុះក្នុងបញ្ជីឈ្មោះចំនួន ៤៥០១សមាជិក ដែលមាននៅរាជធានីភ្នំពេញ, ខេត្តកំពត, កំពង់ស្ពឺ, បាត់ដំបង, តាកែវ, កំពង់ធំ, កណ្តាល, ព្រៃវែង និងខេត្តសៀមរាប ។ សមាគមកាយឫទ្ធិនារីកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនៃយុវតី និងស្រ្តី ៕ដោយ៖អោម ចែងច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation