កម្ពុជា-ឡាវ រៀបចំសន្និសីទអន្តរជាតិលើកទី២ ស្តីពីការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អ
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង ៖ សន្និសីទអន្តរជាតិលើកទី២ ស្តីពីការកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អ រវាងរណសិរ្សប្រទេសទាំងពីរ កម្ពុជា-ឡាវ ត្រូវបានប្រារព្ធពិធីបើកក្រោមអធិបតីភាពឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០​២០។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ខាំបៃ ជាំឡាត់ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃអង្គសន្និសីទ។

ថ្លែងក្នុងឱកាសបើកសន្និសីទអន្តរជាតិលើកទី២នេះ ឯកឧត្តម ស៊ីម កា បានមានប្រសាសន៍ថា ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើក្នុងគោលបំណងដើម្បីពិនិត្យ និងបូកសរុបលទ្ធផលការងាររបស់រណសិរ្សប្រទេសទាំងពីរ កម្ពុជា-ឡាវ ជាពិសេសរវាងគណៈ​​កម្មការរណសិរ្សខេត្តជាប់ព្រំដែន០៣ ខេត្តរបស់កម្ពុជា និង០២ ខេត្តរបស់ឡាវ ក្នុងរយៈពេល០១ឆ្នាំ នៃការអនុវត្តតាមស្មារតីអនុស្សរណៈ នៃការយោគយល់គ្នា​ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩-២០២៣ រវាងរណសិរ្សប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីពេលកន្លងទៅ។

ឯកឧត្តម ស៊ីម កា បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឡាវ ធ្លាប់បានឆ្លងកាត់នូវការលំបាក និងភាពប្រឈមរួមគ្នាជាច្រើន នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនដំណាក់កាលមកហើយ។ ក៏ប៉ុន្តែបច្ចុប្បន្ន ប្រទេសទាំងពីរ បានឈានចូលទំព័រថ្មីនៃប្រវត្តិសាស្ត្រ​​ ដោយសម្រេចបានសន្តិភាព បូរណភាពទឹកដី វឌ្ឍនភាព ការ អភិវឌ្ឍ និងបានបោះជំហានឈានឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការរួមចំណែកដល់សុខសន្តិភាព កិច្ចសហប្រតិបត្តិការវិបុលភាព ការអភិវឌ្ឍន៍ សេដ្ឋកិច្ចតំបន់ និងពិភពលោក។ ជាមួយគ្នានេះ តាងនាមរណសិរ្ស និងប្រជាជនកម្ពុជា ឯកឧត្តមបានសម្តែងជាថ្មីនូវការគោរពដឹងគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុត​ ចំពោះបក្ស រដ្ឋ រណសិរ្ស និងប្រជាជនឡាវជាបងប្អូន ដែលតែងតែបានរួមចំណែក នៅគ្រប់ដំណាក់កាលរបស់កម្ពុជា ក្នុងបុព្វហេតុរំដោះ និងសង្រ្គោះមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួមចាកផុតពីគ្រោះមហន្តរាយ នៃសង្គ្រាម និងបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព និងភាពយុត្តិធម៌​​​ ជូនដល់ប្រទេសកម្ពុជា។ ជាក់ស្តែងបទពិសោធន៍អតីតកាលបានជំរុញឱ្យប្រជាជនកម្ពុជា ប្រែក្លាយពីវប្បធម៌សង្គ្រាម និងប្រទូស្តរាយគ្នា ទៅរកវប្បធម៌សន្តិភព ពីវប្បធម៌ជម្លោះ ទៅកាន់វប្បធម៌យោគយល់គ្នា និងពីវប្បធម៌ប្រឈមមុខ មករកវប្បធម៌ចរចារ រហូតប្រជាជនកម្ពុជា បានបញ្ចក់សង្គ្រាមដ៏រ៉ាំរ៉ៃ នៅកម្ពុជាជាស្ថាពរទទួលបានសន្តិភាព និងឯកភាពទឹកដី នៅទូទាំងប្រទេសផងដែរ។

ឯកឧត្តម ស៊ឹម កា បានបន្តថា ទំនាក់ទំនងកម្ពុជា-ឡាវ បានរីកធំធាត់ និងរឹងមាំជាប្រចាំ ជាពិសេស នៅក្នុងដំណាក់កាលដែលប្រទេសជាតិមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ការកើនឡើងនូវការផ្លាស់ប្តូរទស្សនកិច្ចជាផ្លូវរដ្ឋ ផ្លូវការជាញឹកញាប់របស់ថ្នាក់ដឹកនាំកម្ពុជា-ឡាវ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអត្ថន័យធំធេងណាស់ ដោយបានពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវចំណងសាមគ្គីភាព មិត្តភាពដ៏ល្អប្រពៃ និងសហប្រតិបត្តិការជិតស្និទ្ធ។ ទំនាក់ទំនងទ្វេរភាគី បានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយរហូតដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច ឧស្សាហកម្ម ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រ។ ទន្ទឹមនេះ ទំនាក់ទំនងពាណិជ្ជកម្ម​​​ រវាងប្រទេសទាំងពីរកាន់តែកើនឡើងជាលំដាប់ ហើយដំណោះស្រាយបញ្ហាព្រំដែនទទួលបានលទ្ធផលជាវិជ្ជមាន ជាពិសេសព្រំដែន គោក ត្រូវបានដោះស្រាយស្ទើរតែចប់ទាំងស្រុងផងដែរ។ កត្តាទាំងនេះ បានផ្តល់នូវបរិស្ថានគ្របដណ្តប់ដ៏ប្រសើរសម្រាប់ការរក្សាសន្តិភាព ស្ថេរភាព ការបង្កើនល្បឿនអភិវឌ្ឍសេដ្ឋកិច្ច ការ លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តម ស៊ឹម កា បានគូសបញ្ជាក់ថា សន្និសីទនាពេលនេះ គឺផ្តោតជាសំខាន់ទៅលើការកសាងសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អ​ រវាងប្រទេសទាំងពីរកម្ពុជា-ឡាវ និងដើម្បីឧទ្ទិសដល់ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីនេះកាន់តែស្អិតរមួត និងរឹងមាំខ្លាំងក្លាថែមទៀត ហើយការជួបជុំនាពេលនេះ គឺជាទិដ្ឋភាពជាក់ស្តែងមួយបង្ហាញឱ្យឃើញពីការពូនជ្រុំបន្តពង្រឹង និងពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឲ្យកាន់តែទូលំទូលាយរឹងមាំ និងគង់វង្ស ស្ថិតស្ថេរយូរអង្វែងតទៅ។

ឯកឧត្តម ស៊ឹម កា បានសំណូមពរដល់សមាជិក សមាជិកានៃអង្គសន្និសីទ សូមយកខ្លឹមសារនៃសេចក្តីប្រកាសរួម ទៅបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ នៃប្រទេសទាំងពីរ ដោយពង្រឹង និងពង្រីកនូវប្រពៃណីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អ ព្រមទាំងជម្រុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់ប្រជាជនឲ្យចូលរួមក្នុងគ្រប់សកម្មភាពសង្គម សកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច ្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ វេជ្ជសាស្ត្រ បរិស្ថាន។ល។ ជាងនេះទៅទៀត ត្រូវលើកទឹកចិត្តដល់ថ្នាក់មូលដ្ឋានតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជាពិសេសរវាងខេត្ត និងខេត្ត ស្រុក និងស្រុក ឃុំ និងឃុំ ដែលមានព្រំដែនជាប់គ្នា រួមគ្នាចងសម័្ពន្ធភាពបង្កើតជាសមាគមមិត្តភាព ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងប្រាស្រ័យ ទាក់ទងគ្នាលើគ្រប់វិស័យ ក្នុងនោះយកចិត្តទុកដាក់រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែនផងដែរ៕ដោយ៖អោម ចែតច័ន្ទណរ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation