ស្ត្រីមានផ្ទៃពោះ ស្រ្តីសម្រាលកូនជាង១០០នាក់ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ នៅថ្ងៃចុងសប្តាហ៍នេះ ដើម្បីជាការលើកទឹកចិត្តដល់ស្ត្រីដែលមានផ្ទៃពោះ ស្ត្រីសម្រាលកូន ទារក និងកុមារ នៅក្នុងឱកាសទិវាជាតិសុខភាពមាតា និងទារក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងថ្នាក់ដឹកនាំជាច្រើននាក់ទៀត បានអញ្ជើញចុះសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ក្នុងទិវាជាតិ សុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ។ ដែលទិវានេះប្រារព្ធឡើង នៅសាលប្រជុំ មន្ទីរសុខាភិបាលខេត្តកំពង់ចាម។

បន្ទាប់ពី លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ សាខាកាកបាក្រហមកម្ពុជា ខេត្តកំពង់ចាម អាននូវសាលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងទិវាសុខភាព មាតា ទារក និងកុមារ រួចមកឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ទិវាជាតិថ្ងៃទី២១ កុម្ភៈឆ្នាំ២០២០នេះបានរៀបចំឡើងក្រោមប្រធានបទ «សុខភាពកុមារកម្ពុជា នាពេល អនាគត» ។

អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៩ មក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនមន្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោមពីរឆ្នាំ ចំពោះ គ្រួសារដែលមានប័ណ្ណសមធម៌ និងប័ណ្ណអាទិភាព ក្នុងការសម្រចបាន នូវការគ្រប់ដណ្ដប់សេវាសុខភាព ជាសកលនៅកម្ពុជា និងជាការយកចិត្តទុកដាក់ ចំពោះ ការថែទាំជាបន្តលើកការលូតលាស់ របស់ទារក ចាប់ពីនៅក្នុងផ្ទៃម្ដាយ ទារកទើបកើត និងបន្តថែទាំដល់កុមារតូច ឲ្យមានការលូលាស់ល្អទាំងរាងកាយ ស្មារតី និងប្រាជ្ញា ។

ដូច្នេះ ដើម្បី ឲ្យកូនមានការលូតលាស់ល្អ បងប្អូនស្ត្រី ដែលជាម្ដាយ ចាំបាច់ណាស់ត្រូវដឹងច្បាស់ អំពីការចិញ្ចឹមទារក និងកុមារតូច ការតាមដានការលូលាស់ របស់កូន ការពន្យាកំណើត ពីកូនមួយ ទៅកូនបន្ទាប់ ដើម្បីឲ្យមាតា និងទារកមានសុខភាពល្អ។ ក្រៅពីនោះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏បានផ្ដល់ជូនបងប្អូនកម្មការិនីរោងចក្រ សហគ្រាស ដើម្បីទទួលបានសេវាគាំពារសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ និងសាសនា អ្វីឡើយ ក្នុងន័យចូលរួមចំណែក លើកកម្ពស់ សុខុមាលភាពបងប្អូនស្ត្រីកម្ពុជា ជាពិសេស ការកាត់បន្ថអត្រាមរណភាពមាតា និងទារក ផងដែរ ។

នៅក្នុងឱកាសទិវាជាតិ សុខភាព មាតា ទារក និងកុមារសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ចាម ក៏បានផ្ដល់ជូននូវអំណោយមនុស្សធម៌ របស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងកុមារ ប្រមាណជាង១០០នាក់ ដោយ ១គ្រួសារៗ ទទួលបាន កន្សែង ១ កន្ទបកូនក្មេង ១យួរ សាប៊ូកូនក្មេង ១ដប សារ៉ុង ១ ក្រម៉ា ១ និងថវិកា ២០.០០០រៀល ផងដែរ៕ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation