ក្រសួងសុខាភិបាលអំពាវនាវអោយបញ្ចប់ការចែកចាយឱសថហួសការកំណត់ប្រើប្រាស់ ជាពិសេសឱសថប្រឆាំងមេរោគរបេង
| ព័ត៌មានជាតិ
SHARE

  រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម អេង ហួត បានអំពាវនាវអោយប្រជាពលរដ្ឋបញ្ចប់ការចែកចាយនូវឱសថហួសកំណត់ពេលប្រើប្រាស់ ជាពិសេសឱសថប្រឆាំងមេរោគរបេងនិងស្នើអោយពលរដ្ឋគប្បីស្វែងរកការថែទាំសុខភាពនៅតាមសេវាសុខភាពសាធារណៈរបស់រដ្ឋ ដែលមានវិជ្ជាជីវៈត្រឹមត្រូវ ចៀសវាងបាននូវការចំណាយថវិកាលើសលប់ និងមិនចាំបាច់ ។

  ការអំពាវនាវបែបនេះរបស់ឯកឧត្តម រដ្ឋលេខាធិការធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ ក្នុងពិធីសម្ពោធគម្រោង ខំមីត ដែលរៀបចំដោយ CENAT និងរួមជាមួយអង្គការ KHANA, CHC, HSD និង CATA នៅវត្តសាលាអណ្តែត និងមណ្ឌលសុខភាព ហ៊ុន សែន ក្រាំងយ៉ូវ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

  ឯកឧត្តមអេង ហួត មានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ យូ អេស អេ អាយ ឌី  (USAID) បានផ្តល់លុយចំនួន ប្រាំពីរលានដុល្លារអាមេរិក សម្រាប់គម្រោង «ផ្តួចផ្តើមនៃការចលនាសហគមន៍ ដើម្បីបញ្ចប់ជំងឺរបេង ឬខំមីត រយៈពេល ៥ឆ្នាំ ដោយចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។ ការបន្តជួយពីប្រជាពលរដ្ឋអាមេរិក ដល់ពលរដ្ឋកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កម្ពុជា ឆ្ពោះទៅរកការបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០ ស្របទៅតាមផែនការយុទ្ឋសាស្ត្រនៃកម្មវិធីប្រយុទ្ឋនឹងជំងឺរបេង ២០២១ ដល់ ២០៣០ និងស្របជាមួយគោលដៅទីបី «សុខភាព និងសុខមាលភាព» នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព របស់កម្ពុជានាឆ្នាំ២០៣០នេះផងដែរ ក្នុងការធានានូវសុខមាលភាពប្រជាពលរដ្ឋ គ្រប់រូប និងគ្រប់វ័យ។

  ឯកឧត្តម អេង ហួត បន្តថា គម្រោងខំមីត បានបង្ហាញផងដែរ ពីកិច្ចខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុត របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រួមជាមួយនឹងបណ្តាអង្គការនានា ដូចជាអង្គការ KHANA ខាណា អង្គការ CHC អង្គការ HSD និងអង្គការ CATA ព្រមទាំងអង្គការជាដៃគូដទៃទៀត ។អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីសុខាភិបាលទាំងអស់ ជាមួយនឹងកិច្ចសហការគ្នាបានយ៉ាងល្អ ក្នុងការរួមគ្នាឆ្ពោះទៅរកការបញ្ចប់ជំងឺរបេង តាមរយៈពន្លឿនការស្វែងរក អ្នកដែលរស់នៅជាមួយមេរោគរបេង ដែលមិនទាន់ធ្វើរោគវិនិច្ឆ័យ អោយទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យជំងឺរបេង និងជួយពួកគេអោយទទួលបានការព្យាបាលទាន់ពេលវេលា រួមទាំងកុមារ ។

   ជាមួយគ្នានេះ លោកក៏បានអំពាវនាវអោយបន្តកិច្ចសហការដ៏ល្អនេះ ដើម្បីអោយកម្ពុជាឆ្ពោះទៅរកការបញ្ចប់ជំងឺរបេងដូចបានគោងទុក នាឆ្នាំ២០៣០ ជាពិសេសគឺបញ្ចប់ការឈឺ និងការស្លាប់ ដែលបណ្តាលមកពីជំងឺរបេងនេះ ។ដោយមានការចិត្តទុកដាក់ និងគាំទ្រផ្នែកនយោបាយដោយផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រី និងពីក្រសួងសុខាភិបាល បានធ្វើអោយកម្ពុជាកាត់បន្ថយអត្រាឈឺដោយសារជំងឺរបេង (អាំងស៊ីដង់) ពី ៣២៦ករណី ក្នុងចំណោមប្រជាពលរដ្ឋមួយសែននាក់ មកនៅត្រឹម ៣០២ករណី ក្នុងចំណោមប្រជាពលរដ្ឋ មួយសែននាក់ ។ នេះបើតាមរបាយការណ៍ពិភពលោកស្តីពីជំងឺរបេង ដែលចេញផ្សាយដោយអង្គការពិភពលោក WHO ក្នុងឆ្នាំ២០១៩កន្លងមក ។ 

   អភិបាលរងខេត្តកណ្តាល  ឯកឧត្តម នូវប៉េង ច័ន្ទតារា បានមានប្រសាសន៍ថា  ខេត្តកណ្តាលពិតជាមានមោទនភាពដែលបានក្រសួងសុខាភិបាលដែលមានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង  និងហង់សិន  អង្គការខាណា  និង អង្គការដៃគូជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់សម្ភោធកម្មវិធី  ក៏ដូចជាសម្រាប់អនុវត្តគម្រោង  ដើម្បីប្រយុទ្ធ  និងជំងឺរបេង  ដែលមានរយៈពេល  ទៅដល់៥ឆ្នាំក្នុងស្រុកប្រតិបត្តិ ទាំង៤របស់ខេត្តរួមមាន   ស្រុកប្រតិបត្តិលើកដែក  ស្រុកប្រតិបត្តិមុខកំពូល  ស្រុកប្រតិបត្តិល្វាឯម  និងស្រុកប្រតិបត្តិស្អាង  ។

  ដើម្បីជាការការឆ្លើយតប  ក្នុងនាមរដ្ឋបាលខេត្ត  និងស្ថាប័នពាក់ព័ន្ធទាំងអស់  នៅក្រោមរដ្ឋបាលខេត្ត  និងចូលរួមចំណែកគ្រប់សកម្មភាពរបស់គម្រោង ធ្វើយ៉ាងណាជួយសម្រប សម្រួលដល់ក្រុមការងារគម្រោង  អោយមានភាពងាយស្រួល  ក្នុងការធ្វើសកម្មភាពអោយមានប្រសិទ្ធភាពខ្ពស់  ដើម្បីជួយប្រយោជន៍សម្រាប់ពលរដ្ឋក្នុងខេត្តកណ្តាល  ឆ្ពោះទៅរកការបញ្ចប់របេងនាឆ្នាំ២០៣០ ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation