ឯកអគ្គរដ្ឋទូតអាមេរិក អំណរគុណ​កម្ពុជា​ ដែល​បានឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលឲ្យកប៉ាល់ Westerdam បានចូលចត នៅក្រុងព្រះសីហនុ ហើយប្តេជ្ញាបន្តសហការ ជាមួយ​កម្ពុជាថែមទៀត​   
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ​នេះ បានអនុញ្ញាតឲ្យឯកឧត្តម ផាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព។

​  តាមប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ បានជម្រាបជូន សម្ដេចតេជោថា ឯកឧត្តម បានធ្វើដំណើរទៅគ្រប់ទិសទីទាំងអស់ រួមទាំងដល់ខេត្តព្រះសីហនុ ព្រលានយន្តហោះ និងកន្លែងដទៃទៀត ហើយក៏បានទទួលនូវការស្វាគមន៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីប្រជាជនកម្ពុជា ជាពិសេស នៅក្នុងការចូលចតកប៉ាល់ ដែលមានភាគច្រើន ជាជនជាតិអាមេរិក នៅក្នុងនោះ។ 

  ឯកឧត្តម បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ក៏ដូចជា ប្រជាជនកម្ពុជាទាំងមូល ដែលបានឆ្លើយតប យ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលឲ្យកប៉ាល់ Westerdam បានចូលចតនៅក្រុងព្រះសីហនុ។ ឯកឧត្តម ​ថា នេះជាកាយវិការមនុស្សធម៌ យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការអនុញ្ញាត ឱ្យចូលចតទេនោះ នោះនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ជាមិនខាន។ 

  ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោផងដែរថា នេះជាកាយវិការមនុស្សធម៌ពិតៗ របស់សម្តេចតេជោ គឺជាកាយវិការមនុស្សធម៌ នៅពេលដែលមនុស្ស កំពុងតែត្រូវការចាំបាច់ ហើយឯកឧត្តម ក៏បានបញ្ជាក់ជម្រាបជូនសម្ដេចតេជោផងដែរថា ជាមួយនឹងកាយវិការនេះ ឯកឧត្តមក៏បានធ្វើការសហការ ជាមួយនឹងស្ថាប័នកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្រសួងក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងអាជ្ញាធរដែនដី គឺមានកិច្ចសហប្រតិបត្តិការល្អណាស់ ហើយអ្វីដែលជាកត្តាសំខាន់នោះ គឺនៅពេលនេះយើងមានមូលដ្ឋាន កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងក្រសួងសុខាភិបាល ហើយឯកឧត្តម បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្តសហការជាមួយនឹងកម្ពុជា បន្តទៀត។

  ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះពាក្យពេចន៍ដ៏ល្អប្រសើរ របស់ឯកឧត្តមផាទ្រីក ហើយសម្ដេច មានប្រសាសន៍បន្ថែមថា អ្វីដែលកម្ពុជាធ្វើ គឺដើម្បីការងារមនុស្សធម៌សុទ្ធសាធ ហើយជាងនេះទៀតការងារដែលបានធ្វើនេះ គឺធ្វើដើម្បីបញ្ចៀសកុំឲ្យមានអ្វីដែលហៅថា វិបត្តិមបុស្សធម៌ ព្រោះថាប្រសិនណា បើកប៉ាល់ Westerdam នេះ មិនត្រូវបានអនុញ្ញាតឱ្យចូលចត នៅកំពង់ផែក្រុងព្រះសីហនុទេ មិនដឹងថាកប៉ាល់នេះ ត្រូវបានទៅចូលចតនៅទីណាទេ ហើយម្យ៉ាងទៀតប្រសិនបើ មានអ្វីកើតឡើងនៅលើកប៉ាល់នោះ អ្នកដំណើរពិតជាមានបញ្ហាជាមិនខាន។   សម្ដេចបានបញ្ជាក់ផងដែរថា កាយវិការរបស់កម្ពុជានៅពេលនេះ បើទោះបី កប៉ាល់មានអ្នកជំងឺក្ដី ក៏កម្ពុជានៅតែឲ្យចូលចតនៅកម្ពុជាដែរ ហើយកាន់តែឱ្យចូលចត កាន់តែលឿនបំផុតទៀតផង ព្រោះថាដើម្បីធ្វើយ៉ាងណា ជួយសង្គ្រោះអ្នកជំងឺនៅលើកប៉ាល់ ហើយក៏ដូចជា ជួយសង្គ្រោះប្រជាជន ដែលនៅក្នុងកប៉ាល់នោះមិនឲ្យឆ្លង ពីអ្នកជំងឺដែលមានមេរោគកូរ៉ូណានេះ។ 

  សម្តេចបានបន្តថា សម្ដេចបានចុះទៅដល់ក្រុងព្រះសីហនុ បានទៅកន្លែងកប៉ាល់ចូលចត សម្ដេចពិតជាមានក្ដី សង្វេគចិត្តខ្លាំងណាស់ ពេលឃើញអ្នកដំណើរចុះមកពីកប៉ាល់ ដោយទឹកមុខរីករាយ ហើយខ្លះទៀត បានឱនលុតជង្គង់ថើបដី ដែលនោះគឺជាកាយវិកាមួយ ដែលធ្វើឱ្យសម្ដេច មានភាពតក់ស្លុតបំផុត ហើយអ្វីដែលជាកត្តាសំខាន់ពីរនោះទៀតនោះ សម្ដេចបានមានប្រសាសន៍ថា នៅពេលនេះ អ្នកដំណើរតាមកប៉ាល់ភាគច្រើន បានចេញពីកម្ពុជាទៅហើយ ហើយមិនមានផ្ទុកមេរោគអ្វីសោះឡើយ លើកលែងតែអ្នកដំណើរម្នាក់ ដែលឆ្លងកាត់ប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលម៉ាឡេស៊ី សុខាភិបាលម៉ាឡេស៊ី បញ្ជាក់ថាមានជំងឺនេះ ប៉ុន្តែអ្វីយ៉ាងណាក៏ដោយ ក៏កម្ពុជាស្នើសុំឲ្យពិនិត្យឡើងវិញដែរ ថាតើពិតជាមានមែនឬអត់? ព្រោះថាអ្នកដំណើរ នៅកម្ពុជាទាំងប៉ុន្មាន ដែលបានធ្វើតេស្ត កន្លងមក គឺមិនមានទេ ហើយអ្នកដំណើរ ដែលបានទៅដល់ប្រទេសថៃ ក៏ខាងរដ្ឋាភិបាលថៃ ក្រសួងសុខាភិបាលថៃ បញ្ជាក់ថា មិនមានជំងឺនេះដែរ។ ម្យ៉ាងទៀតថ្មីៗនេះ អ្នកធ្វើការនៅលើកប៉ាល់ ដែលជាជនជាតិឥណ្ឌូនេស៊ី ប្រមាណ២៦៣នាក់ ក៏ត្រូវបាន រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ប្រកាសថាមិនមានជំងឺនេះដែរ៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation