ក្រុមហ៊ុនគ្រប់គ្រងនាវាWESTERDAM ទាមទារឲ្យម៉ាឡេស៊ី ពិនិត្យឡេីងវិញ អំពីករណីរកឃើញស្រ្តីអ្នកដំណើរឆ្លងវីរុស Covid-19 ព្រោះថា មុនចាកចេញពីកម្ពុជាពួកគេមានសុខភាពល្អនិងត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ក្រុមហ៊ុន Holland American Line ដែលគ្របគ្រងនាវាទេសចរណ៍ WESTERDAM បានប្រកាសស្នើសុំឱ្យអាជ្ញាធរដុខាភិបាលម៉ាឡេស៊ី ពិនិត្យឡើងវិញសារជាថ្មីទៅលើករណីដែលខ្លួនប្រកាសពីរកឃើញវីរុស Covid-19 លើខ្លួនស្ត្រីចំណាស់ជនជាតិអាមេរិកាំងម្នាក់ ដែលជាអ្នកដំណើរ ដែលបានចុះពីនាវាWesterdamនៅក្នយងព្រះសីហនុ ហើយបានចាកចេញពីកម្ពុជា តាមយន្តហោះទៅកាន់បរទេសម៉ាឡេស៊ី។

ការប្រកាសទាមទាររបស់ក្រុមហ៊ុន Holland American Line ធ្វើឡើងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្របគ្នាទៅនឹងការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលស្នើសុំឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ពិនិត្យនូវករណីនេះឡើងវិញដូចគ្នា។

សូមបញ្ជាក់ថាយោងតាមការចុះផ្សាយរបស់ Channel News Asia បានផ្សាយថា ស្ត្រីជនជាតិអាមេរិកាំងម្នាក់ដែលបានចូលប្រទេសម៉ាឡេស៊ីបន្ទាប់ពីបានចាកចេញពីនាវាទេសចរណ៍ WESTERDAM នៅក្នុងប្រទេសកម្ពុជាគឺជាមនុស្សចុងក្រោយគេដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានវីរុស Covid-19 នៅក្នុងប្រទេសកាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

ក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជំងឺដែលមានអាយុ ៨៣ ឆ្នាំស្ថិតក្នុងចំណោមអ្នកដំណើរដែលជិះលើនាវាទេសចរណ៍ WESTERDAM ដែលចូលចតនៅកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី មានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាល កម្ពុជាបានអនុញ្ញាតឱ្យអ្នកដំណើរនិងសមាជិកនាវិកវិលត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីបានប្រកាសថា ការត្រួតពិនិត្យសុខភាពត្រូវបានអនុវត្ត ។ ក្នុងចំណោមអ្នកដំណើរ ទាំងនោះ មានមនុស្ស ១៤៥នាក់ នៅលើនាវាបានធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រ ហើយមានប្តីប្រពន្ធអាមរិកកាំង២នាក់ ត្រូវបានគេរកឃើញថា មានរោគសញ្ញាឡើងកម្តៅ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sungai Buloh ដើម្បីធ្វើការត្រួតពិនិត្យបន្តទៀត។

លោកវេជ្ជបណ្ឌិត Noor Hisham បាននិយាយថា អ្នកជំងឺបានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ការវីរ៉ុស Covid-19 កាលពីថ្ងៃសៅរ៍ ហើយពេលនេះ ស្ងានភាពសុភាពរបស់ស្ថិតក្នុងស្ថានភាពធម្មតា។
ដោយឡែកលទ្ធផលតេស្តសំរាប់ស្វាមីរបស់អាយុ ៨៥ ឆ្នាំរបស់គាត់គឺអវិជ្ជមាន។ លោកវេជ្ជបណ្ឌិត Noor Hisham បានបន្ថែមថា គាត់កំពុងស្ថិតនៅការដាក់អោយនៅដាច់ដោយឡែកពីដើម្បីតាមតាននៅមន្ទីរពេទ្យSungai Buloh ជាមួយភរិយារបស់គាត់ដែរ។

ជុំវិញការរកឃើញនេះដែរ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងប្រាប់អ្នកសារព័ត៌មានតាមបណ្ដាញតេឡេក្រាម នៅព្រឹកថ្ងៃអាទិត្យយ៉ាងដូច្នេះថា « សម្បីតែម្ចាស់នាវា​ ក៏ទាមទារឲ្យមានការពិនិត្យឡេីងវិញដែរ​ ហេីយបានបញ្ជាក់ពីភាពមិនមានបញ្ហាសុខភាពអ្វីមុនពេលអ្នកដំណេីរចាកចេញពីកប៉ាល់នេះដែរ​។ យេីងនឹងបន្តកិច្ចការនៅកម្ពុជាទៅតាមស្តង់ដារបច្ចេកទេសនិងនិយ័តកម្មអន្តរជាតិឆ្នាំ២០០៥​ របស់អង្គការសុខភាពពិភពលោក​ ហេីយមកទល់េពលនេះ​ យេីងនៅតែមិនទាន់រកឃេីញមានករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី​ (Covid-19) លេីប្រជាជនកម្ពុជាឫជនជាតិណាមួយនៅកម្ពុជានៅឡេីយទេ​ លេីកលែងតែមួយករណីគត់ដែលកេីតមានលេីជនជាតិចិននៅខេត្តព្រះសីហនុ​ ហេីយដែលគាត់បានជាសះស្បេីយ​ និងបានវិលត្រឡប់ទៅប្រទេសកំណេីតគាត់វិញតាំងពីថ្ងៃទី១១​ ខែកុម្ភ:​ ឆ្នាំ២០២០។ អរគុណ»។

ឆ្លើយតបករណីនេះ នៅយប់រំលងអាធ្រាតថ្ងៃទី១៥ ខែកុម្ភៈ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសផ្លូវការ ដោយស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តរបស់ខ្លួន ឲ្យមានភាពសុក្រឹតឡើងវិញ។

អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់អះអាងថា មុនការចាកចេញរបស់ស្ត្រីចំណាស់ខាងលើ ក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំ WESTERDAM ក្រសួងសុខាភិបាល បានពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួយអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការ US CDC របស់អាមេរិក ហើយយើងបានអនុវត្តតាមស្តង់ដាបច្ចេកទេស និងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ (HR2005) របស់អង្គការសុខភាពពិភពលោក។

សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក WESTERDAM បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជ រដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។ កម្ពុជាក៏បានពិនិត្យសំណាកបំពង់ក អ្នកដំណើរជាង២០នាក់ ដែលមានបញ្ហាសុខភាពផងដែរ ប៉ុន្តែលទ្ធផល មិនវីរុសកូរ៉ូណា Covid-19នោះទេ។

តាមអាជ្ញាធរខេត្តព្រះសីហនុ បានឱ្យដឹងថា រយៈពេលពេញមួយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ ភ្ញៀវទេសចរសរុប ៨២៧នាក់ បានបន្ដចាកចេញពីនាវា WESTERDAM មកព្រលានយន្ដហោះកងកេង ខេត្តព្រះសីហនុ រួចឆ្ពោះមកកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញរៀងៗខ្លួន។ ខណៈដែល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មានភ្ញៀវទេសចរសរុបជាង៤០០នាក់ ចាកចេញពីនាវាWESTERDAM៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation