ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី កោតសរសើរ អំពីការអភិវឌ្ឍន៍យ៉ាងច្រើន របស់ប្រទេសកម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅទីស្ដីការក្រសួងកិច្ចការនារី, ឯកឧត្តម ប៉ាប្លូ ជីហូកាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា បានកោតសរសើរ អំពីការអភិវឌ្ឍន៍យ៉ាងច្រើន របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លៀសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តមទូត ក៏បានលើកទឹកចិត្ដឲ្យស្ដ្រីកម្ពុជា ដាក់ពាក្យស្នើសុំអាហារូបករណ៍ របស់អូស្ដ្រាលី ឲ្យបានច្រើនថែមទៀត ខណ:កាលពីឆ្នាំមុន ក្នុងចំណោមនិស្សិតកម្ពុជា ដែលជាប់អាហារូបករណ៍ទៅសិក្សា នៅអូស្ត្រាលី មាន៥៤ភាគរយជាស្ត្រី។ ព្រមជាមួយនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើសុំឲ្យក្រសួងកិច្ចការនារី ជួយផ្សព្វផ្សាយ អំពីអាហារូបករណ៍អូស្ត្រាលី ដល់និស្សិតកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកជំទាវ អ៉ឹង កន្ថាផាវី ថានឹងជួយផ្សព្វផ្សាយ អំពីអាហារូបករណ៍ ទៅដល់មន្ដ្រី ដែលកំពុងបម្រើការងារ នៅក្នុងក្រសួង ឲ្យដឹងអំពីព័ត៌មាននេះ ដើម្បីទៅដាក់ពាក្យស្នើសុំអាហារូបករណ៍ ឲ្យបានច្រើន។

លោកជំទាវរដ្ឋមន្ត្រី បានប្រាប់ ឯកឧត្តម ប៉ាប្លូ ជីហូកាង ផងដែរថា ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់ របស់ប្រល័យពូជសាសន៍ ដែលទទួលរង ការឈឺចាប់ជាច្រើន ហើយរាជរដ្ឋាភិបាល ព្យាយាមអភិវឌ្ឍន៍ប្រទេស​ ដែលអាចធ្វើទៅបាន។

លើសពីនោះទៀត លោកជំទាវរដ្ឋមន្ត្រី បានបន្ដថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានកសាងប្រព័ន្ធគាំទ្រសង្គម នៅដល់ប្រជាជនកម្ពុជាផងដែរ។ លោកជំទាវ បានបញ្ជាក់ថា ស្ដ្រីមានចំនួន៥២ភាគរយ នៃចំនួនប្រជាពលរដ្ឋ សរុបទូទាំងប្រទេសកម្ពុជា។

ពាក់ព័ន្ធទៅនឹងវិស័យ សហគ្រាសធុនតូច និងមធ្យម (SME) លោកជំទាវ អ៉ឹង កន្ថាផាវី បានគូសបញ្ជាក់ថា មានស្ដ្រីរហូតទៅដល់៦០ភាគរយ ដែលកំពុងបម្រើការងារ នៅក្នុងវិស័យនេះ។

លោកជំទាវ ក៏លើកឡើង អំពីយុទ្ធការធំៗចំនួន២ ក្នុងការលើកស្ទួយសមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជា ដែលមានដូចជា ក្រុមប្រឹក្សាជាតិ​កម្ពុជា ដើម្បីស្ដ្រី និងក្រសួងកិច្ចនារី។ លោកជំទាវ បានលើកឡើងថា គ្រប់ក្រសួងទាំងអស់ នៅក្នុងប្រទេសកម្ពុជា មានការបញ្ជ្រាបយេនឌ័រ៕អត្ថបទ​​ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation