ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជា ពិភាក្សាដើម្បីត្រៀមប្រមូលបញ្ហាផ្សេងៗ ដាក់ជូនសម្តេចតេជោ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩

image

នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមការងារសម្របសម្រួល និងសហប្រធានក្រុមការងារទាំង១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនមានរៀបចំកិច្ចប្រជុំ ពិភាក្សា ដើម្បីត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ ជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សហប្រធានក្រុមការងារ និងអនុសហប្រធានក្រុមការងារទាំង ១៣ ផ្នែកឯកជន និងមានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

គោលបំណង គឺដើម្បីត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ និងការធ្វើសេចក្តីរាយការណ៍សកម្មភាពវឌ្ឍនភាពនៃក្រុមការងារ ទាំង ១៣ ជូនអង្គប្រជុំ តាមក្រុមការងារនីមួយៗ ក៏ដូចជាដាក់ទិសដៅសកម្មភាពជូនក្រុមការងារទាំង ១៣ គឺក្រុមការងារទាំង១៣ ត្រូវរៀបចំ នឹងផ្តល់របាយការណ៍ លទ្ធផលមកសភាពាណិជ្ជកម្មកម្ពុជា ដែលជាលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន ដើម្បីបញ្ជូនរបាយការណ៍លទ្ធផល និងបញ្ហាផ្សេងៗរបស់ផ្នែកឯកជន ទៅផ្នែករដ្ឋាភិបាលជាដៃគូ ដើម្បីធ្វើសេចក្តីរាយការណ៍ជូនដល់ប្រមុខដឹកនាំរដ្ឋាភិបាល ដើម្បីផ្តល់អនុសាសន៍ និងពិនិត្យសម្រេចដោះស្រាយជូនដល់ផ្នែកឯកជន។

នៅក្រោយកិច្ចប្រជុំពិភាក្សានេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាការត្រៀមប្រមូលបញ្ហារបស់ក្រុមហ៊ុន សហគ្រាស និងអ្នករកទទួលទាននៃវិស័យឯកជន ដែលជួបបញ្ហាលំបាកជាមួយមន្រ្តី និងស្ថាប័នរដ្ឋនានា ដើម្បីដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ខាងមុខ៕