អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិនបញ្ជាក់ថា វត្តមានជាលើកទី២នៅកម្ពុជានាពេលនេះសង្កេតឃើញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែមិថុនា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ GAO Yan អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន។

នាឱកាសលោកជំទាវ GAO Yan បានមានប្រសាសន៍ថា នេះជាលើកទី២ដែលលោកជំទាវមកកម្ពុជាម្តងទៀត ដោយលោកជំទាវសង្កេតឃើញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលឆ្លុះបញ្ចាំងពីភាពរីកចំរើននៃជីវភាពរស់នៅរបស់ប្រជាជនទៀតផង។ លោកជំទាវ បានរាយការណ៍ជូន​ សម្តេចតេជោ​ នាយករដ្ឋមន្ត្រីថា លោកជំទាវនឹងជួបជាមួយ​ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន័ ដើម្បីចុះហត្ថលេខាលើឯកសារមួយចំនួន និងជួបពិភាក្សាជាមួយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរសក្តិ ផងដែរនៅល្ងាចនេះ។

លោកជំទាវ GAO Yan មានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់កម្ពុជានាពេលនេះ គឺដើម្បីអនុវត្តតាមអ្វីដែលថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរកម្ពុជា-ចិន បានចុះហត្ថលេខារួចមកហើយ ដើម្បីពង្រីក និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការតភ្ជាប់គោលនយោបាយជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ការជម្រុញការអភិវឌ្ឍលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ លើទំហំពាណិជ្ជកម្ម ដែលកម្ពុជា​ និងចិនបានទទួលជោគជ័យក្នុងការអនុវត្តទំហំពាណិជ្ជកម្ម ៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ហើយនៅពេលនេះកំពុងតែជម្រុញឲ្យកាន់តែកើនឡើងថែមទៀត តាមរយៈការរៀបចំឲ្យមានការចូលរួមពីកម្ពុជាក្នុងការរៀបចំពិពរណ៍ នៅប្រទេសចិនលើវិស័យកសិកម្ម និងសេដ្ឋកិច្ច។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរបាយការណ៍របស់លោក ជំទាវ និងបានយល់ស្របទាំងស្រុង និងគាំទ្រលើអ្វីដែលលោកជំទាវបានលើកឡើងផងដែរ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ចំណុចថ្មីមួយទៀត ហើយការអភិវឌ្ឍរបស់កម្ពុជាមិនអាចកាត់ផ្តាច់ ពីជំនួយរបស់មិត្តចិនបានឡើយ ពិសេសជំនួយលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងទំហំពាណិជ្ជកម្មដែលបានកើនឡើងលើសពីអ្វីដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានកំណត់ និងជំនួយដ៏ទៃទៀត ដែលនាំកម្ពុជាឈានដល់កំរិតនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី​ បានថ្លែងអំណរគុណដល់មិត្តចិនដែលតែងតែបានជួយដល់កម្ពុជាយើង និងបានជូនពរលោកជំទាវ​ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មក្នុងដំណើរ បំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះទទួលបាននូវភាពជោគជ័យ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation