ជប៉ុន នឹងបន្តជួយដល់កម្ពុជា លើវិស័យដោះមីន​ ហើយក៏កំពុងពិចារណារៀបចំ ដើម្បី​ជួយដល់កម្ពុជា ក្នុងការរៀបចំ កិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅក្នុងឆ្នាំនេះ និងកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២២​
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យ ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា​ ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ បានជម្រាបជូន សម្ដេចតេជោថា ​ឯកឧត្តម​បានសង្កេតឃើញ ហើយក៏សូមវាយតំលៃ ចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច។ ឯកឧត្តម មានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្តីរីករាយ និងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលជប៉ុនបានចូលរួមចំណែក ក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ជាពិសេសសហប្រតិបត្តិការជាមួយកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមមានប្រសាសន៍ផងដែរថា ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត។


ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើបរិយាកាសវិនិយោគ ជាពិសេស ការវិនិយោគរបស់ជប៉ុន។ ឯកឧត្តមមានប្រសាសន៍ថា អ្នកវិនិយោគជប៉ុន បានធ្វើការជាមួយស្ថាប័នកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយពេលនេះទៀតសោត ការវិនិយោគរបស់ជប៉ុន កំពុងមានការរីកចម្រើនកាន់តែខ្លាំងឡើង មានន័យថាចំនួនអ្នកវិនិយោគជប៉ុន នឹងមកកាន់កម្ពុជាកាន់តែច្រើន ហើយជាពិសេសការវិនិយោគទាំងនោះ មានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា។


ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននិងស្ថាប័ននៃប្រទេសទាំងពីរ ឯកឧត្តមបានជម្រាបជូនសម្ដេចថា ជប៉ុនកំពុងតែធ្វើការសហការ ជាមួយក្រសួងរ៉ែនិងថាមពល លើវិស័យអគ្គិសនី ដោយបានពិភាក្សាជាមួយឯកឧត្តម ស៊ុយ សែម ម្ដងហើយ និងពិភាក្សាម្ដងទៀត ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យអគ្គិសនី។ ពីនោះទៅទៀត ក៏មានកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំផែនការមេ សម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជាផងដែរ ក៏ដូចជាមានការពិភាក្សា និងសិក្សាអំពីផែនការមេ ក្នុងការពង្រីកពង្រឹង វិនិយោគកំពង់ផែក្រុងព្រះសីហនុ ក៏ដូចជាការចូលរួមចំណែករបស់ជប៉ុន ក្នុងការតាក់តែងច្បាប់សំណង់ និងរៀបចំបទដ្ឋានគតិយុត្ត ជាបន្តបន្ទាប់។ ជាពិសេសទៅទៀតនោះ ជប៉ុនកំពុងយកចិត្តទុកដាក់ បន្ទាប់ពីបានជួយរាជធានីភ្នំពេញ លើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ហើយការយកចិត្តទុកដាក់ នៅពេលនេះលើវិស័យសំរាមតែម្ដង ដែលវិស័យសំរាមនេះ គឺជាកត្តាចាំបាច់ ហើយជប៉ុនក៏មានក្រុមហ៊ុន ចំនួន៣ ដែលមានចំណាប់អារម្មណ៍ មកវិនិយោគនៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោ​ថា ក្រុមហ៊ុនទាំងនេះ នឹងចូលរួមចំណែកដេញថ្លៃ ក្នុងការប្រមូលសំរាមនៅកម្ពុជា។


ឯកអគ្គរដ្ឋទូតជប៉ុន ក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា ជប៉ុននឹងបន្តជួយដល់កម្ពុជា លើវិស័យដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កំពុងតែពិចារណាផ្ដល់ថវិកាបន្ថែម ដល់អង្គភាពនេះ ហើយក៏កំពុងពិចារណារៀបចំ ដើម្បីធ្វើយ៉ាងណាជួយដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅក្នុងឆ្នាំនេះ និងកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២២ខាងមុខ ហើយជប៉ុនក៏កំពុងពិចារណា ផ្ដល់ថវិកាជួយដល់កម្ពុជា ក្នុងការទិញរថយន្ត និងសម្ភារៈសម្រាប់ការប្រើប្រាស់ ក្នុងការរៀបចំកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០២២នេះ។


ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម មីកាមិ ចំពោះការវាយតម្លៃ កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន សម្ដេចបានមានប្រសាសន៍ថា កម្ពុជានឹងបន្តធ្វើយ៉ាងណា សម្របសម្រួលធ្វើឲ្យអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជា ទទួលបានជោគជ័យ ជាអាទិ៍នៅខែកុម្ភៈនេះ កម្ពុជាបានបន្ថយតម្លៃអគ្គិសនីចំនួនមួយសេន ក្នុងមួយគីឡូវ៉ាត់ ហើយកម្ពុជា នឹងបន្តធ្វើយ៉ាងណា ឱ្យកាន់តែល្អប្រសើរឡើង ថែមទៀត លើការដឹកជញ្ជូនជាដើម ដើម្បីឱ្យការវិនិយោគ មានការទាក់ទាញកាន់តែខ្លាំងឡើង។


សម្ដេចតេជោ​ បានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជា នឹងបន្តជួយដល់កម្ពុជា លើវិស័យដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ក៏ដូចជារៀបចំជួយដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងអាស៊ាន នាពេលខាងមុខ ទទួលបានជោគជ័យ។ សម្ដេចក៏បានថ្លែងអំណរគុណជាបន្តទៀត ចំពោះជំនួយរបស់ជប៉ុន ដល់ការតាក់តែងច្បាប់ឲ្យសំណង់។ សម្ដេចបានស្នើសុំឲ្យជប៉ុន បន្តជួយដល់កម្ពុជា ធ្វើយ៉ាងណាពង្រឹងបទដ្ឋានគតិយុត្ត ក៏ដូចជាធ្វើការត្រួតពិនិត្យ លើសំណង់ទាំងឡាយ ដែលកម្ពុជាមានកំពុងសាងសង់ ដើម្បីឲ្យវិស័យនេះមានការរឹងមាំ។ ពាក់ព័ន្ធនឹងកំពង់ផែក្រុងព្រះសីហនុ ដែលជប៉ុនកំពុងតែរៀបចំ ជួយសហការធ្វើផែនការមេនេះ សម្ដេចបានមានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុ មានសារៈសំខាន់ណាស់ គឺជាកំពង់ផែតែមួយគត់ ដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិកម្ពុជា។
ដោយឡែកជាចុងក្រោយ ពាក់ព័ន្ធនឹងការប្រមូលសំរាម សម្ដេចបានមានប្រសាសន៍ថា នៅពេលនេះរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ កំពុងតែដាក់ការប្រមូលសំរាមនេះ ស្ថិតនៅក្នុងអន្តរ
កាល ព្រោះថាក្រុមហ៊ុនចាស់ ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញ មានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ៦០០គីឡូម៉ែត្រការ៉េ ហើយនៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ, ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ ការប្រមូលសំរាមនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation