រដ្ឋបាលខេត្តព្រះសីហនុប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកស្ទឹងហាវ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ មានប្រសាសន៍នៅក្នុងឱកាសប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកស្ទឹងហាវ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្ដព្រះសីហនុ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខាងនយោបាយ យ៉ាងមុតស្រួចក្នុងការជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យមានការវិវត្តទៅមុខជាបន្តបន្ទាប់ ដែលមកដល់ពេលនេះ យើងបានឈានដល់ដំណាក់កាលកាន់តែស៊ីជម្រៅដោយផ្ដោតលើការផ្ទេរមុខងារ ធនធាន និងការ ទទួលខុសត្រូវក្នុងការចាត់ចែងមុខងារ និងធនធានដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបសេចក្ដីត្រូវ ការរបស់ប្រជាពលរដ្ឋ។ ដើម្បីគាំទ្រនឹងជំរុញការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ រាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តនូវ “កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ” រយ:ពេល១០ឆ្នាំ (២០១០-២០២០)។ ដើម្បីផ្ដល់ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តច្បាប់រៀបចំអង្គការជាជំហានៗ សំដៅធានាដល់ការឯកភាពស្រុះ ស្រួលគ្នា និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពម្ចាស់ការរបស់ រាជរដ្ឋាភិបាល។

អភិបាលខេត្តព្រះសីហនុ បានបន្តថា គិតរហូតមកដល់ពេលនេះ យើងបានរួមសហការគ្នារៀបចំ និងអនុវត្តកម្មវិធីជាតិនេះអស់រយ:ពេល ៩ឆ្នាំ ដោយសម្រេចបានសមទ្ធិផលធំៗគួរឲ្យកត់សម្គាល់រួមមាន៖

១.ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ។

២.ការរៀបចំ ប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឈធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

៣.ការបង្កើតមូលនិធិឃុំ សង្កត់ និងក្រុង ស្រុក រួមទាំងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ។

៤.ការរៀបចំប្រព័ន្ធកសាងផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ និង

៥.ការកែសម្រួលរចនាសម្ព័នរដ្ឋបាល ក្រុង ស្រុក ខណ្ឌ រួមទាំងការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖

ទី១/ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន តាមរយ:ការបោះ ឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងសាធារណ:របស់ប្រជាពលរដ្ឋ និងជា តួអង្គដ៏សំខាន់ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាមគោលការណ៍ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន។

ទី២/ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណ: និងការអភិវឌ្ឍមូល ដ្ឋានតាមរយ:ការនាំមកនូវការផ្លាស់ប្ដូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោ បាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ មានលទ្ធភាព មានភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្ដល់សេវាសា ធារណ: និងការអភិវឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងនានារបស់ប្រជា ពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ទី៣ /លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្ដីសម្រេច ពាក់ព័ន្ធនឹងការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាពលរដ្ឋ៕ដោយ៖ ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation