ព័ត៌មានជាតិ

ប្រធានរដ្ឋឡាវ បញ្ចប់ដំណើរទស្សនៈកិច្ច នៅកម្ពុជា  

image

ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប៊ុនញ៉ាំង វរជីត ( Bounnhang Vorachith) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅសា​ធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ វិញផងដែរ។

ប្រធានាធិបតីឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក៏ដូចជា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត ។

តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋ នៅ ព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី ០៩ នេះ ដល់ថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២០។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ប៊ុនញ៉ាំង វរជីត នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង ហើយឯកឧត្តម ប៊ុនញ៉ាំង វរជីត នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋ មន្រ្តី នៃ ព្រះ រាជាណាចក្រកម្ពុជា ។

ពេលស្នាក់នៅប្រទេសកម្ពុជា ឯកឧត្តម ប៊ុនញ៉ាំង វរជីត នឹងអញ្ជើញដាក់កម្រងផ្កានៅវិមាន ឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នាយប់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២០ ប្រធានាធិបតីឡាវ លោកប៊ុន ញ៉ាំង វរជិត (Bounnhang Vorachith) បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ជាមួយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសផងដែរ៕អត្ថបទ÷ឃឹម វិសាល