អភិបាលរងខេត្តមណ្ឌលគិរី ជំរុញដល់យុវជនដែលបោះបង់ការសិក្សា ត្រូវរៀនជំនាញបច្ចេកទេសនិងវិជ្ជាវីវៈមួយពិតប្រាកដ 
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ លោក សាយ ម៉េងគីម អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានជំរុញដល់យុវជនដែលបោះបង់ការសិក្សា ត្រូវរៀនជំនាញបច្ចេកទេស និងវិជ្ជាវីវៈមួយពិតប្រាកដ ដើម្បីអាចបង្កើនប្រាក់ចំណូលបាន ក្នុងការផ្គត់ផ្គងជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ អភិបាលរងខេត្ត បានថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

  លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ លោកនាយក និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំបំពេញការងារ និងប្រមែលប្រមូលធនធានមនុស្ស ជាពិសេស យុវជនឱ្យមកសិក្សាជំនាញមួយ សម្រាប់ស្វែងរកការងារធ្វើដើម្បីចិញ្ចឹមជីវិត។ លោក ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ដែលមកសិក្សានៅមជ្ឈមណ្ឌលនេះ ត្រូវខិតខំក្រេបជញ្ចក់នូវចំណេះដឹង ជំនាញពីលោកគ្រូ អ្នកគ្រូ ដែលជារៀមច្បងរបស់យើង ហើយមានតែចំណេះដឹងទេ គឺជាទ្រព្យនៅក្នុងខ្លួន ដែលចោរមិនអាចលួចបាន។ លោក អភិបាលរងខេត្ត ក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការបង្ការជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរូណា ដែលមានប្រភពមកពីប្រទេសចិន ស្របតាមវិធានការណ៍របស់ក្រសួងសុខាភិបាលក្នុងន័យទប់ស្កាត់ និងលើកម្ពស់សុខភាពអនាម័យនៅតាមសាលារៀន និងមូលដ្ឋានភូមិឃុំផងដែរ។

តាមរបាយការណ៍របស់លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងទៅនេះ មជ្ឈមមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបណ្តុះបណ្តាលបានចំនួន ៦៦៤នាក់ ស្រី ៣៦៨នាក់ ដោយឡែក  សម្រាប់ការបើកបវេសនកាលនាពេលនេះ ដែលមានសិស្ស និស្សិតជាន់ខ្ពស់បច្ចេកទេស សរុប៥៤នាក់ ស្រី ២៥នាក់ ជំនាញអគ្គិសនីឆ្នាំទី២ ០៦នាក់ ស្រី ៤នាក់ ជំនាញអគ្គិសនីឆ្នាំទី១ ១៦នាក់ ស្រី ៦នាក់ ជំនាញព័ត៌មានវិទ្យា ១៥នាក់ ស្រី៦នាក់ និងពាណិជ្ជកម្ម ១៤នាក់ ស្រី ១៣នាក់ និងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈចំនួន ៦នាក់ ស្រី៣នាក់។

នាឱកាសនោះ លោក សាយ ម៉េងគីម អភិបាលរងខេត្ត ក៏បានឧបត្ថម្ភថវិកា និងមុង ជូនដល់លោកគ្រូ អ្នកគ្រូ មន្រ្តីអធិការកិច្ច នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងសិស្សានុសិស្សប្រមាណជា៦០នាក់ផងដែរ៕ដោយ៖ ប៊ុត សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation