ក្រុមហ៊ុនខ្នាតយក្សអាមេរិកចំនួន ១៥ មកវិស័យកសិកម្ម និងបច្ចេកវិទ្យា ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មសរដ្ឋអាមេរិកប្រចាំនៅកម្ពុជា រៀបចំធ្វើវេទិការធុរកិច្ចអាមេរិកនៅកម្ពុជា ស្តីពី «ការលានុវត្តន៍ភាពធ្វើធុរកិច្ចក្នុងវិស័យកសិកម្មរបស់កម្ពុជា នៅឆ្នាំ ២០២០» រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៦-៧ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅរាជធានីភ្នំពេញ ដែលមានក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកចំនួន ១៥ ចូលរួម មកពីវិស័យសិកម្ម និងផលិតបច្ចេកវិទ្យា។

ក្រុមហ៊ុនទាំងនេះ មានដូចជា ក្រុមហ៊ុន Altech, ក្រុមហ៊ុន Amazon Web Service, ក្រុមហ៊ុន Archer Daniels Midland, ក្រុមហ៊ុន​​​ California Figs, ក្រុមហ៊ុន​ Corteva Agriscience, ក្រុមហ៊ុន DTN, ក្រុមហ៊ុន​ IBM និងក្រុមហ៊ុន John Deere (RMA) ជាដើម។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាស ន៍ថា ក្រុមហ៊ុនជាច្រើននៅក្នុងពិភពលោក រួមទាំងក្រុមហ៊ុនអាមេរិក បានចាប់ផ្តើមសម្លឹងមើលឳកាសវិនិយោគនៅប្រទេសកម្ពុជា ជាក់ស្តែងវត្តមានក្រុមហ៊ុនអាមេរិកខ្នាតយក្ស ដែលមានបច្ចេកវិទ្យាខ្ពស់ផ្នែកកសិកម្មទាំងនេះ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនអាមេរិក មានឆន្ទៈចង់បង្កើតទំនាក់ទំនងនៅក្នុងតំបន់ទន្លេមេ គង្គទាំងមូល ដែលរួមមានទាំងកម្ពុជា ដើម្បីជំរុញដល់ការធ្វើសមាហរណកម្មពាណិជ្ជកម្មនៅក្នុងតំបន់នេះ និងបណ្តាប្រទេសអាស៊ានដទៃទៀតឲ្យកាន់តែស៊ីជម្រៅជាងមុន។

ទន្ទឹមនឹងនេះលោកជឿថា ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលកម្ពុជា ទៅលើការប្រយុទ្ធប្រ ឆាំងអំពើពុករលួយ និងការធ្វើឲ្យបរិយាកាសវិនិយោគកាន់តែល្អប្រសើរនឹងបង្កើនការទាក់ទាញវិនិយោគពីក្រៅប្រទេស ក្នុងនោះរួមបញ្ចូលទាំងក្រុមហ៊ុនអាមេរិកផងដែរ ព្រោះថា ការ វិនិយោគរបស់ក្រុមហ៊ុនអាមេរិក តែងតែផ្តោតទៅលើការគោរពច្បាប់ តម្លាភាពវិនិយោគ និងការទទួលខុសត្រូវផ្នែកសង្គមខ្ពស់។

លោកអគ្គរដ្ឋទូតសហរដ្ឋអាមរិកលើកឡើងទៀតថា ប្រទេសកម្ពុជា មានសក្តានុពលផ្នែកកសិ កម្ម ហើយអ្វីដែលលោកកសម្គាល់ឃើញនោះគឺផលិតផលសិកម្មដូចជា ស្រូវ ម្រេច ស្វាយចន្ទី និងស្វាយ គឺជាផលិតផលដែលពលរដ្ឋអាមេរិកត្រូវការ ដូច្នេះយើងគិតថា ការនាំចេញទៅអាមេរិក នឹងកើនឡើង។

បន្ថែមពីលើនេះលោក W. Patrick Murphy បានគូសបញ្ជាក់ថា ការងារលើកកម្ពស់ផ្នែកវិនិយោគ គឺជាការងារដ៏សំខាន់មួយរបស់លោកនៅក្នុងប្រទេសកម្ពុជា ដែលធ្វើយ៉ាងណាជំរុញឲ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរីកលូតលាស់។ ហើយថា សហរដ្ឋអាមេរិកនឹងបន្តជួយផ្នែកសេដ្ឋកិច្ច និងវិស័យកសិកម្មរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបរទេសដែលផ្តោតលើផ្នែកបច្ចេកវិទ្យា អប់រំបណ្តុះបណ្តាលកសិករ ដែលអាចធ្វើកសិកម្មបានទិន្នផលខ្ពស់ បង្កើនប្រាក់ចំណូល និងបង្កើនការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេស។

យោងតាមរបាយការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា វិស័យកសិកម្មរួមចំណែក ២២ភាគរយ នៃផលិតផល ក្នុងស្រុកសរុប (GDP) របស់កម្ពុជា ហើយមនុស្សចំនួនប្រហែល ៣លាននាក់ ធ្វើការក្នុងវិស័យនេះ។ ការនាំចេញក្នុងវិស័យកសិកម្មកម្ពុជា នៅឆ្នាំ ២០១៨ បានកើនឡើងដល់ ៤,២លានតោន ដោយរួមមានស្រូវ​អង្ករ ដំឡូងមី ពោត ម្រេច ស្វាយ និងប្រេងរុក្ខជាតិ។

ចំណែកទំហំពាណិជ្ជកម្មផ្នែកកសិកម្ម រវាងសហរដ្ឋអាមេរិក និងកម្ពុជា មានប្រមាណ ២២០លានដុល្លារ ក្នុងមួយឆ្នាំ ហើយអាចមានកំណើនថែមទៀត ខណៈដែលសហរដ្ឋអាមេរិកបច្ចុ ប្បន្ន គឺជាទីផ្សារនាំចេញទំនិញធំបំផុតរបស់កម្ពុជា។

ផលិតផលកសិកម្មដែលកម្ពុជា នាំចេញទៅអាមេរិក មានតម្លៃទឹកប្រាក់ ១៥៧លានដុល្លារ ក្នុងឆ្នាំ ២០១៨ ហើយភាគច្រើនលើសលប់ជាផលិតផលឈើ។ ដោយឡែកការនាំចេញ ផលិតផលកសិកម្មអាមេរិក មកកម្ពុជា វិញមានតម្លៃ ៦២លានដុល្លារ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation