ប្រទេសកម្ពុជា និងប្រទេសគុយបា នឹងប្រារព្ឋខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំង២
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោកជំទាវ  លីយ៉ូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះលោកជំទាវ  លីយ៉ូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរដែលមានតាំងពីយូលង់ណាស់មកហើយឱ្យកាន់តែរឹងមាំថែមទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ  លីយ៉ូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជម្រាបថា ឆ្នាំនេះ គឺជាឆ្នាំខួបលើកទី៦០នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ លោកជំទាវបានសន្យាថា នឹងរៀបចំសកម្មភាពសំខាន់ៗ ឱ្យបានច្រើន ដើម្បីអបអរសាទរខួបលើកទី៦០នេះ។

ជាពិសេសលោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពី ជំនួបរវាងលោកជំទាវជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងអំពី កម្មវិធី និងសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីប្រារព្ធខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់លោកជំទាវឯកអគ្គរដ្ឋទូត។ ប្រទេសទាំងពីរ កម្ពុជា និងគុយបា បានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ដោយស្នាប្រហស្តព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំគុយបាជំនាន់មុន។ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ស្តែងឡើងតាមរយៈនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញរបស់ប្រទេសទាំងពីរ ក៏ដូជាការជួយឧបត្ថម្ភគាំទ្រគ្នាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញអំពី ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទសទាំងពីរ មានការរីកចម្រើនជាលំដាប់។ ជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលគុយបា ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ និងផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជាក្នុងគ្រប់កាលទេសទាំងអស់ តាំងពីសម័យតស៊ូរំដោះជាតិរហូតមកដល់ពេលបច្ចុប្បន្ននេះ៕អត្ថបទ ៖ វង សុភក្រ្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation