ជប៉ុនផ្តល់លុយជិត ២៨ម៉ឺនដុល្លារអាមេរិក សម្រាប់ការសាងសង់អគារសិក្សា និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត
| ព័ត៌មានជាតិ
SHARE

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២៧៦,២៦៦ដុល្លារអាមេរិក ដល់អង្គភាពចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរ។

គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យបន្ទាយប្រណាកខេត្តកំពង់ស្ពឺ ដោយថវិកាចំនួន ៩០,៧៥៤ដុល្លារអាមេរិក ក្នុងគម្រោងនេះ អគារសិក្សាចំនួន ៦បន្ទប់ បំពាក់ជាមួយនឹងគ្រឿងសង្ហារឹម និងបង្គន់អនាម័យចំនួន ២បន្ទប់ នឹងត្រូវសាងសង់នៅអនុវិទ្យាល័យបន្ទាយប្រណាកក្នុងខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នសិស្សដែលនៅក្នុងសាលានេះមានការលំ បាកក្នុងការសិក្សាដោយសារតែខ្វះខាតនូវបរិក្ខារសិក្សា។ គម្រោងនេះ នឹងធានាបាននូវបរិយាកាសសិក្សាប្រកបដោយ សុវត្ថិភាពនិងមានផាសុខភាពជាងមុន។ យើងរំពឹងថា ការកែលម្អគុណភាពនៃការអប់រំនេះ នឹងផ្តល់ប្រយោជន៍ដល់ សិស្សានុសិស្ស ព្រមទាំងគ្រូប្រមាណ ៥០០នាក់។

រីឯគម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ដោយថវិកា ចំនួន ១៨៥,៥១២ដុល្លារអាមេរិក ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវបានសាងសង់ ហើយបណ្តាញចែក ចាយទឹកប្រមាណ ៣០គីឡូម៉ែត្រ នឹងត្រូវបានតម្លើងក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។ ប្រជាជនភាគច្រើន ដែលរស់នៅក្នុងមណ្ឌលនេះ គឺមានពិការភាព ហើយពួកគេកំពុងជួបការលំបាកក្នុងការទទួលបាន ទឹក ពីព្រោះមិនមានប្រព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងមណ្ឌលនោះទេ។ តាមរយៈគម្រោងនេះ ប្រជាជនប្រមាណ ១,៨០០នាក់ នឹងមានទឹកស្អាតប្រើប្រាស់ ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។

សូមជម្រាបថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍនិងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសល ដែលអាច គំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជា ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦២២គម្រោង នៅទូទាំងប្រទេសកម្ពុជា៕អត្ថបទ៖ ចេង ឆហួត​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation