ឥណ្ឌា-កម្ពុជាមានគម្រោងតាំងពិព័រណ៍ផ្នែកវេជ្ជសាស្រ្ត នៅពាក់កណ្តាលខែមីនាខាងមុខ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឲ្យលោកជំទាវ ម៉ាទីកា ជែម ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ បានថ្លែងថា ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាទៅលើវិស័យសុខាភិបាល ក្នុងព្រះរាជាណាចក្រកម្ពុជា និងឥណ្ឌា ។លោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា បានជំរាបឯកឧត្តមរដ្ឋមន្រ្តី ពីព្រឹត្តិការណ៏នៅពាក់កណ្តាលខែមីនា ក្នុងឆ្នាំ២០២០នេះថា សភាពាណិជ្ជកម្មឥណ្ឌា នឹងមានការរៀបចំធ្វើជាការតាំងពិព័រណ៌នៅក្នុងវិស័យវេជ្ជសាស្រ្តថែទាំសុខភាព នឹងមានគណៈប្រតិភូមកពីប្រទេសឥណ្ឌា ដើម្បីចែករំលែកនូវព័ត៌មាន ក៏ដូចជា ចំណេះដឹងមួយចំនួនទៀត សំរាប់អ្នកដែលមានចំណាប់អារម្មណ៏នៅក្នុងវិស័យវេជ្ជសាស្រ្ត ។ លោកជំទាវឯកអគ្គរដ្ឋក៏បានជំរាបថា នឹងមានមន្ទីរពេទ្យធំៗចំនួន៣របស់ឥណ្ឌា មកចូលរួមដែរ ក្នុងនោះក៏មានបង្ហាញផលិតផលមួយចំនួន ពាក់ព័ន្ធទៅលើការព្យាបាលតាមបែបវេជ្ជសាស្រ្តបុរាណរបស់ឥណ្ឌា ហើយបើសិននៅពេលនោះ រដ្ឋមន្រ្តីឥណ្ឌាអញ្ជើញមកទស្សនកិច្ចពិព័រណ៌ ខាងឥណ្ឌានឹងអញ្ជើញឯកឧត្តម ម៉ម ប៊ុនហេង ចូលរួមក្នុងពិធីនោះដែរ ។ម្យ៉ាងវិញទៀត បើសិនមានមន្រ្តីជាន់ខ្ពស់ឥណ្ឌាមកនឹងមានការពិភាក្សាគ្នាបន្ថែម ទៀតពីកិច្ចសហការទ្វេភាគីរវាង កម្ពុជា និង ឥណ្ឌា ។

ជាឆ្លើយតម ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានទទួលយក នឹងអរគុណដល់លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាដែរ ដែលបានឆ្លៀតឱកាសចូលជួបសំដែងការគួរសម ។ ទន្ទឹមនឹងដែរ ឯកឧត្តម បានសាទរចំពោះកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌា ហើយឯកឧត្តមរំពឹងថា ធ្វើយ៉ាងអោយកិច្ចសហការមួយនេះនៅតែរឺងមាំ និងមានប្រសិទ្ធភាព ។នៅក្នុងនោះឃើញថា ធុរៈកិច្ចឥណ្ឌាដែលធ្វើពាណិជ្ជកម្មផ្នែកឱសថមានចំនួនច្រើននៅព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម នឹងបន្តកិច្ចសហការទៅលើការបណ្តុះបណ្តាលធនធានមនសុ្សបន្តទៀត ព្រោះប្រទេសឥណ្ឌាបច្ចុប្បន្នមានការរីកចំរើនខ្លាំងផ្នែកវេជ្ជសាស្រ្តនេះ ហើយការជួយបណ្តុះបណ្តាលដល់មន្រ្តីសុខាភិបាលកម្ពុជា ចាត់ទុកជាការរួមចំណែកមួយក្នុងការពង្រឹងសេវាសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីវេជ្ជសាស្រ្តបុរាណ ដែលប្រជាជនឥណ្ឌាភាគច្រើនចូលចិត្តប្រើ មុនឈានទៅដល់ការព្យាបាលបែបទំនើប ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្រាប់ខាងឥណ្ឌាវិញថា កម្ពុជាក៏មានមជ្ឍមណ្ឌលវេជ្ជបុរាណដូចគ្នាដែរ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាចវេជ្ជសាស្រ្តបុរាណ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗទាក់ទងទៅនឹងការងារវេជ្ជសាស្រ្ត ហើយក៏មានការបង្ហាត់បង្រៀនគ្រូឱសថបុរាណ ទោះបីយ៉ាងណាក៏ប្រទេសកម្ពុជាដើរទន្ទឹមគ្នាដូចនៅប្រទេសឥណ្ឌាដែរ ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation