​សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំទី១លើពិភពលោកដែលធ្វើដំណើរទៅកាន់ប្រទេសចិន បន្ទាប់ពីផ្ទុះវីរុសកូរ៉ូណា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នៅវេលាម៉ោង ២៖៣០នាទីរសៀលនៅរាជធានីភ្នំពេញ ត្រូវនឹងម៉ោង៣៖៣០នាទីនៅទីក្រុងប៉េកាំង នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណប្រតិភូ ទៅដល់ទីក្រុងប៉េកាំងប្រទេសចិនហើយ។ អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។

វត្តមានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង របស់សម្តេចតេជោ ហ៊ុន សែន និងគណប្រតិភូ ត្រូវបានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន ។

តាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នៅលើផេកហ្វេសបុកផ្លូវការ គឺសម្តេច គ្រោងនឹងជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីចិន លី ខឺឈាង នៅម៉ោង៥៖១៥នាទីល្ងាច បន្ទាប់មកជួបប្រធានាធិបតី ស៊ី ជីនពីង នៅម៉ោង៦៖០០នាទីល្ងាច។

ទស្សនកិច្ចការងាររយៈពេល១ថ្ងៃ នៅទីក្រុងប៉េកាំងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតបតាមការអញ្ជើញរបស់ របស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន។

កាលពីព្រឹកមិញ សម្តេចតេជោហ៊ុន សែន បានអះងាថា ការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដោយគ្មានគម្រោងនេះ គឺ ដើម្បីបានជួបសម្តែងការគួរសមជាមួយភាគីមិត្តចិននិងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន។

តាមគម្រោង បន្ទាប់ពីបញ្ចប់ការងារនៅក្នុងទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណប្រតិភូធ្វើដំណើរវិល ត្រឡប់ ទៅកាន់ប្រទេសកម្ពុជាវិញ នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃពុធនេះ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា គម្រោងដែល សម្តេចគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ ត្រូវបានលុបចោល ដោយសារតែកាលពីយប់ម៉ោង១១:០០ម្សិលមិញ ក្រសួងការបរទេសចិនជូនដំណឹងមកសម្តេចថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់សម្តេចទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation