កម្ពុជា និងអង្គការសហប្រជាជាតិ នឹងបន្ត​សហការគ្នាបន្ថែមទៀត ដើម្បីសម្រេច​គោលដៅអភិវឌ្ឍន៍សហវត្សរ៍ ឆ្នាំ២០៣០
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ​៖ ក្នុងជំនួបរវាង លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រក្រសួងកិច្ចការនារី ​ជាមួយនឹង លោកស្រី ប៉ូលីន ថាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នៅទីស្តីការក្រសួង, ភាគីទាំងពីរ បានឯកភាពគ្នា ​ក្នុងការបន្តកិច្ចសហការ ជាមួយគ្នាបន្ថែមទៀត ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ ឆ្នាំ២០៣០។

​លោកស្រីតំណាង អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួបលើកទី​៧៥ របស់អង្គការសហប្រជាជាតិ ដូចនេះ​អង្គការសហប្រជាជាតិ នឹងរៀបចំនូវ​ព្រឹត្តិការណ៍ជាច្រើន ធ្វើយ៉ាងណា ដើម្បីសម្រេចបាននូវរបៀបវារៈ របស់អង្គការសហប្រជាជាតិ។

លោកស្រីបន្ថែមថា ឆ្នាំ២០២០នេះ នឹងមានព្រឹត្តិការណ៍ជាច្រើន ជាពិសេសផ្ដោតទៅលើការជំរុញ ការចូលរួមរបស់យុវជន ក៏ដូចជាការពិនិត្យឡើងវិញ ថាត្រូវធ្វើដូចម្តេច ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សហវត្សរ៍ ឆ្នាំ២០៣០។ ដូច្នេះយើងត្រូវរៀបចំគំនិតនាវានុវត្តន៍ ឲ្យមានយុទ្ធសាស្ត្រថ្មីៗ ដើម្បីឆាប់សម្រេចបាន នូវគោលដៅ របៀបវារៈអង្គការអង្គការ សហប្រជាជាតិ និងពិភពលោកឆ្នាំ២០៣០ ហើយរកវិធីសាស្ត្រណា ​ដើម្បីកាត់បន្ថយនូវចំណុច ដែលយើងមិនទាន់បានជោគជ័យ និងចំណុចដែលនៅ​មានអាទិ៍ភាពបន្តទៀត រួមចូលទាំង សមភាពយេនឌ័រ ការប្រែប្រួលអាកាសធាតុ និងការគាំពារសង្គម​។

ស្របពេលជាមួយនោះ ទិវាអន្តរជាតិនារី ជិតមកដល់, លោកជំទាវរដ្ឋមន្ត្រី និងលោកស្រីតំណាអង្គការសហប្រជាជាតិ ក៏បានពិភាក្សាគ្នា ថាតើយើងសហការគ្នាយ៉ាងម៉េច ដើម្បីរៀបចំយុទ្ធនាការអបអរសាទរទិវា៨មីនានេះ។ ក្នុងនោះភាគីទាំងពីរ បានជជែកទៅលើ ការរៀបចំយុទ្ធនាការឌីជីថល តាមបណ្ដាញសង្គមអ៊ីនធឺណិត, ការប្រគុំតន្ត្រីដែលមាន​តារាល្បី​ ហើយរំពឹងថា នឹងបានទៅដល់មនុស្ស២លាននាក់។ ​

ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បាន​អញ្ជើញលោកស្រីតំណាងអង្គការសហប្រជាជាតិ ដើម្បីថ្លែងចំណាប់អារម្មណ៍ ពាក់ព័ន្ធទៅនឹង វឌ្ឍនភាព និងការរីកចម្រើនផ្សេងៗ នៅក្នុងសាកលលោក តំបន់ និងកម្ពុជា នៅក្នុងទិវា៨មីនា ដែលគ្រោងនឹងធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែមីនាខាងមុខ៕អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation