សម្តេចក្រឡាហោម ស ខេង ផ្តល់សម្ភារៈការិយាល័យដល់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដើម្បីបើកដំណើការមជ្ឈមណ្ឌលព័ត៌មាន Digital 
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់សម្ភារៈការិយាល័យដែលរួមមានកុំព្យូទ័រចំនួន៣០គ្រឿង ម៉ាស៊ីនព្រីនទ័រចំនួន៦គ្រឿង និងតុកៅអី៣០ឈុត ដល់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តបតាមសំណើដើម្បីបម្រើដល់គោលបំណងរបស់សហភាពសហព័ន្ធក្នុងការបើកដំណើរការមជ្ឈមណ្ឌលព័ត៌មាន Digital ស្របតាមតម្រូវការនិងការវិវត្តន៍ជឿនលឿននៃបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រទេស តំបន់ និងសកលលោក។

ពិធីប្រគល់និងទទួលសម្ភារៈការិយាល័យដែលមានតម្លៃជាទឹកប្រាក់រង្វង់៣ម៉ឺនដុល្លារអាមេរិកនេះបានប្រារព្ធធ្វើឡើងនៅ អគារសេរីភាព ទីស្នាក់ការកណ្តាល នៃ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នារសៀលថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមប្រគល់ផ្ទាល់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ ជា សុគន្ធា អគ្គលេខាធិការរងក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង និងទទួលដោយលោក ហ៊ុយ វណ្ណៈ ព្រមទាំង គណៈនាយក ទីប្រឹក្សា សមាជិកលេខាធិការដ្ឋាននៃ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ 

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌កម្ពុជា បានថ្លែងចាត់ទុកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានផ្តល់នៅពេលនេះ គឺចំពេលដែលស.ស.ស.ក កំពុងអភិវឌ្ឍខ្លួនឲ្យក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកសារព័ត៌មាន ក៏ដូចជាកំពុងរៀបចំយុទ្ធនាការ «ព័ត៌មានស្អាត» និងត្រៀមបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន អំពីព័ត៌មាននៅក្នុងយុគសម័យ Digital នាពេលខាងមុខដ៏ឆាប់នេះ។

លោក ហ៊ុយ វណ្ណៈ បានថ្លែងបន្តថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់សម្តេចក្រឡាហោម ស ខេង ដែលតែងតែយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រជាសម្ភារៈនិងថវិកាជាបន្តបន្ទាប់ ដើម្បីទ្រទ្រង់ដល់សកម្មភាពការងាររបស់ ស.ស.ស.ក លើបុព្វហេតុអភិវឌ្ឍគុណសម្បត្តិ និងគុណតម្លៃសារព័ត៌មាន ដើរតួនាទីចូលរួមផ្សព្វផ្សាយ ដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា»។ ជាមួយគ្នានេះ លោក ហ៊ុយ វណ្ណៈ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ខៀវ សុភ័គ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោមផងដែរ ដែលជាបន្តបន្ទាប់ខិតខំជួយដល់នីរន្តភាពរបស់ ស.ស.ស.ក។

បើតាមការគូសបញ្ជាក់របស់លោក ហ៊ុយ វណ្ណៈ ការកសាងស្ថាប័នមួយឲ្យមានលក្ខណៈសម្បត្តិពេញលេញ និងមានសមត្ថភាពគ្រប់គ្រាន់ អាចបំពេញតួនាទីឲ្យមានប្រសិទ្ធភាព គឺចាំបាច់មានការចូលគាំទ្រពីតួអង្គជាច្រើន ទាំងថ្នាក់ដឹកនាំរដ្ឋ វិស័យឯកជន ម្ចាស់ជំនួយដទៃទៀត និងសារព័ត៌មានខ្លួនឯងផងដែរ ដែលត្រូវបន្តខិតខំប្រមូលផ្តុំអភិវឌ្ឍន៍ធនធានមនុស្ស កសាងកម្មវិធីការងារជាប្រចាំ ព្រមទាំងមានមូលដ្ឋានហិរញ្ញវត្ថុនិងសម្ភារៈគាំទ្រ។ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មាន សម្តែងក្តីសង្ឃឹមថា មជ្ឈមណ្ឌលព័ត៌មាន Digital របស់ ស.ស.ស.ក នឹងមានតួនាទីរួមចំណែកកសាងសមត្ថភាពអ្នកសារព័ត៌មាន បង្កើតកាលានុវត្តភាពថ្មីក្នុងការចាប់យកបច្ចកវិទ្យា ដើម្បីពង្រឹងគុណភាព និងតួនាទីសារព័ត៌មាននិងការផ្សព្វផ្សាយនៅប្រទេសកម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation