ទូតចិន ៖ ភាគីចិន នឹងបន្ដធានាសុវត្ថិភាព និងសុខភាព ជូនដល់បងប្អូនកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសចិន
| ព័ត៌មានជាតិ
SHARE

យោងតាមសារព័ត៌មាន HUA SHANG Daily ចុះផ្សាយថា បច្ចុប្បន្ននេះមាននិស្សិតកម្ពុជា៣រូប កំពុងនៅក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន ដោយពួកគេមានសុខភាពល្អ និងសុវត្ថិភាព។

រដ្ឋាភិបាលចិន បានផ្ដល់ការមើលថែយ៉ាងយកចិត្តទុកដាក់បំផុត ដល់ពួកគេទាំងអស់គ្នា ហើយអ្វីៗគ្រប់យ៉ាងគឺមានសភាពធម្មតាទាំងអស់ សូមសមាជិកគ្រួសាររបស់ពួកគាត់ កុំមានការព្រួយបារម្ភ។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា។

ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា ភាគីចិននឹងបន្ដធានាសុវត្ថិភាព និងសុខភាពជូនដល់បងប្អូនកម្ពុជាដែលកំពុងស្នាក់អាស្រ័យនៅក្នុងប្រទេសចិន ហើយនិងផ្ដល់រាល់ការជួយដ៏ចាំបាច់ជូនដល់ពួកគេទាំងអស់គ្នា។

យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣មករា ឲ្យដឹងថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះស្ថានការណ៍វិវត្តនៃការរាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងបណ្តាស្ថានតំណាងរបស់កម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងក្រសួងការបរទេសចិន ដើម្បីតាមដានបច្ចុប្បន្នភាពនៃសុខុមាលភាពរបស់ពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ។

ទន្ទឹមនឹងការផ្តល់ទំនុកចិត្តលើចំណាត់ការប្រកបដោយការទទួលខុសត្រូវរបស់អាជ្ញាធរចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឱ្យស្ថានតំណាងព្រះរាជាណា-ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ទាក់ទងជាប្រចាំជាមួយនឹងអាជ្ញាធរពាក់ព័ន្ធរបស់ចិន ដើម្បីផ្ញើជូននិស្សិតខ្មែរនូវគ្រឿងបរិក្ខារអនាម័យចាំបាច់នានា។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានទទួលការបញ្ជាក់ប្រកបដោយភាពកក់ក្តៅថា សាកលវិទ្យាល័យចិនបានឧបត្ថម្ភស្បៀងនិងសម្ភារៈចាំបាច់នានាដល់និស្សិត  ហើយបានសំណូមពរអោយអនុវត្ត និងគោរពតាមវិធានការបង្ការ និងទប់ស្កាត់ដែលអាជ្ញាធរចិនបានដាក់ចេញ ដើម្បីធានានូវសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួនផង និងសាធារណៈផង។

មកដល់បច្ចុប្បន្ននេះ ពុំមានករណីឆ្លងមេរោគនេះលើពលរដ្ឋខ្មែរទេ។ ក្នុងស្មារតីយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងតាមដានសុខុមាលភាពរបស់ពលរដ្ឋយើង         ជាពិសេសនិស្សិតខ្មែរដែលកំពុងស្នាក់នៅ និងសិក្សានៅប្រទេសចិន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតបណ្តាញ WeChat ជាមួយនិស្សិតខ្មែរនៅតាមតំបន់នានា នៅប្រទេសចិន ដើម្បីសំរួលដល់ទំនាក់ទំនង និងការផ្តល់ព័ត៌មានបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក៏បានរៀបចំជាប្រព័ន្ធទូរស័ព្ទសំរាប់មាតាបិតាអាណាព្យាបាលនិស្សិតដែលកំពុងស្នាក់អាស្រ័យនៅប្រទេសចិន ដែលចង់បានព័ត៌មានបន្ថែមឬមានចំងល់ទាក់ទងនឹងសុវត្ថិភាព និងសុខភាពនិស្សិត តាមលេខទំនាក់ទំនង ៖ លោក ជ័យ រដ្ឋា  077 575 807 លោក យស សុខេមរិន  012 445 959 និងលោក ហន ឧសភា 089 216 599៕អត្ថបទ ៖ វង សុភ័ក្ត្រ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation