នាយករដ្ឋមន្ដ្រីស្ដីទី អំពាវនាវ អង្គការ សង្គមស៊ីវិល ត្រូវលាតត្រដាងការពិត កុំលាក់ព័ត៌មាន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីបានអញ្ជើញជាអធិបតី ក្នុងវេទិកាលើកទី៤ ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ។

សម្ដេច ស ខេង បានថ្លែងថា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានទទួលសេចក្តីរាយការណ៍២ករណីប៉ុណ្ណោះ ពាក់ព័ន្ធការសួរនាំពីអាជ្ញាធរមូលដ្ឋាន នៅខេត្តបាត់ដំបង ដែលអាជ្ញាធរឃុំ ពុំចេញលិខិតបញ្ជាក់ អាសយដ្ឋាន ទីស្នាក់ការរបស់អង្គការ និងខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុកតម្រូវឲ្យអង្គការដាក់ លិខិតស្នើសុំធ្វើសកម្មភាព ដែលករណីនេះ គឺផ្ទុយទៅនឹងគោលការណ៍ណែនាំ របស់ក្រសួង ។

សម្ដេចបន្ដថា ចំពោះករណីទាំង២នេះ ក្រុមការងារអន្តរក្រសួង ក៏បានធ្វើការទំនាក់ទំនង ដោយផ្ទាល់ទៅរដ្ឋបាលខេត្ត ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាដែលបានកើតឡើងនោះ បានរួចរាល់ផងដែរ ។ សម្ដេចថា ទោះបីយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែមានការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការបន្តលើកកម្ពស់កិច្ច សហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយអង្គការ សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ។

សម្ដេច ស ខេង ស្វាគមន៍រាល់ការដោះស្រាយជាមួយអង្គការសង្គមស៊ីវិល ជាពិសេសក្រសួងក៏បានរៀបចំវេទិកាសាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីដោះស្រាយបញ្ហានានា ។ ជាងនេះទៅ សម្ដេចស្នើអង្គការត្រូវផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ព្រោះរាជរដ្ឋាភិបាល ចាត់ទុកអង្គការជាពីរប្រភេទរួមមាន ៖ ទី១- តស៊ូមតិ និងទី២- ចូលរួមអភិវឌ្ឍន៍គាំទ្រកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាល ។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី ក៏បានអំពាវនាវទៅដល់ ក្រុមអង្គការសង្គម សង្គមស៊ីវិល និងអង្គការ មិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវលាតត្រដាងការពិតអំពីអ្វីមួយ ហើយកុំលាក់ព័ត៌មាន ត្រូវរាយការណ៍ បើសិនជាអាជ្ញាធរ សមត្ថកិច្ចមិនដោះស្រាយ ឲ្យជាកំហុសរបស់ពួកគេ ។

សូមរំលឹកថា គិតត្រឹមឆ្នាំ២០១៩ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកតម្កល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃចំនួន៥.៥៦៤ ក្នុងនោះ សមាគម២.២៤៨ និងអង្គការមិនមែនរដ្ឋាភិបាល៣.៣១៦។ បន្ទាប់ពីច្បាប់ស្តីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាល ត្រូវចូលជាធរមាន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៩៦៦ ត្រូវបានចុះបញ្ជីស្របតាមច្បាប់ ក្នុងនោះសមាគមចំនួន៤៧១ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៤៩៥ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation