កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាបង្កើនកិច្ចសហការរវាងកម្លាំងអនុវត្តច្បាប់ដើម្បីប្រយុទ្ធឆាំងបទល្មើសគ្រប់ប្រភេទ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការរីករាយ វត្តមានរបស់ឯកឧត្តមដែលបានមកបំពេញបេសកកម្មនៅកម្ពុជា សម្ដេចសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី កាន់តែល្អប្រសើរបន្ថែមទៀត ខណៈសម្ដេចខ្លួនឯងផ្ទាល់បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយស្ថានទូតម៉ាឡេស៊ី លើកិច្ចការពាក់ព័ន្ធផ្សេងៗ។

ឯកឧត្តម Eldeen Husaini BIN MOHD HASHIM បានលើកឡើងថា លោកពិតមានអារម្មណ៍សប្បាយរីករាយ ដែលបានទទួលអាណត្តិការងារនៅកម្ពុជា ហើយលោកបានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ស ខេង ដែលកន្លងមកបានដើរតួនាទី និងជួយជ្រោមជ្រែងធ្វើឲ្យទំនាក់ទំនងល្អប្រសើរ របស់កម្លាំងអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអបអរសាទរចំពោះវឌ្ឍនភាពរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសមួយលេចធ្លាក្នុងតំបន់អាស៊ាន ហើយការរីកចម្រើនរបស់ម៉ាឡេស៊ីក៏ផ្ដល់ផលល្អ ដល់ប្រទេសនានាក្នុងតំបន់អាស៊ានផងដែរ ហើយសម្ដេចក៏អបអរសាទរចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ដែលកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា កម្ពុជា-ម៉ាឡេស៊ី សង្ឃឹមយ៉ាងម៉ុតមាំថា តាមរយៈឯកអគ្គរាជទូតថ្មី ស្នើពិនិត្យលទ្ធភាព លើកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ខណៈដែលបច្ចុប្បន្នកម្ពុជា កំពុងខិតខំយកចិត្ដទុកដាក់ បង្ក្រាបលើការងារ ជួញដូរគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ ដែលនេះជាផ្នែកមួយអាចជាឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរ៕


អត្ថបទ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation