«ឆ្មាំព្រៃ» ខ្សែភាពយន្តឯកសារបង្ហាញពីប្រវត្តិសាស្រ្តនិងតម្លៃព្រៃឈើ នឹងចាក់បញ្ចាំងនាថ្ងៃទី២១ ខែមិថុនា
| សិល្បៈកម្សាន្ត
SHARE

ឧត្តរមានជ័យ ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ខ្សែភាពយន្តឯកសាររឿង «ឆ្មាំព្រៃ» នឹងត្រូវចាក់បញ្ចាំង ជាលើកដំបូង នៅបរិវេណមុខសាលាខេត្តឧត្តរមានជ័យ។
រឿង «ឆ្មាំព្រៃ» បានលើកឡើងពីគំនិតផ្តួចផ្តើមនិងការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃមួយអង្គព្រះនាម ប៊ុន សាលួត ដែលជាមេគណៈសង្ឃក្នុងខេត្តឧត្តរមានជ័យ ក្នុងការដឹកនាំការងារអភិរក្សព្រៃឈើ ដែលនៅសេសសល់ក្នុងខេត្តឧត្តរមានជ័យ។

ហើយដែលរឿងនេះមានគោលបំណងលើកទឹកចិត្តមហាជនទូទៅបានស្វែងយល់ពីប្រវត្តិសាស្រ្ត និងតម្លៃនៃការថែរក្សាព្រៃឈើ ហើយខ្សែភាពយន្តឯកសារនេះ នឹងបង្ហាញពីជីវិតសត្វព្រៃ, ធនធានធម្មជាតិ និងព្រៃឈើនៅតំបន់ព្រៃសហគមន៍ ក្នុងខេត្តឧត្តរមានជ័យ ជាពិសេស បង្ហាញលម្អិតពីតំបន់អន្លង់វែង ជាតំបន់កាន់កាប់ចុងក្រោយរបស់ខ្មែរក្រហម ស្ថិតនៅភាគជើងនៃប្រទេសកម្ពុជា ហើយក៏ជាតំបន់ដែលទទួលបានសន្តិភាព ចាប់ផ្តើមជាលើកដំបូងនៅប្រទេសកម្ពុជា។

ព្រះតេជគុណ ប៊ុន សាលួត ជាប្រធានសហគមន៍សង្ឃរុក្ខវ័ន្ត បានមានសង្ឃដីកាថា ការបង្ហាញអំពីព្រៃឈើ និងតំបន់អន្លង់វែង មិនត្រឹមតែជាគោលបំណងមួយ របស់ភាពយន្តឯកសារតែប៉ុណ្ណោះទេ ក៏ប៉ុន្តែដើម្បីលុបបំបាត់ និងកែច្នៃភាពសាហាវឃោរឃៅ របស់របបខ្មែរក្រហមឲ្យទៅជាស្មារតីជាតិរួមគ្នាថ្មីមួយ ដែលមានយូរលង់ដំណាលគ្នា ទៅនឹងការកកើតព្រៃឈើនៅតំបន់នេះដែរ។

«ឆ្មាំព្រៃ» ជាខ្សែភាពដែលមានសុទិដ្ឋិនិយមហើយនឹងការជឿជាក់ លើយុវវ័យជំនាន់ក្រោយដែលនឹងយកគំរូតាមព្រះតេជគុណ ប៊ុន សាលួត ដែលជាការប្តេជ្ញា និងមានស្មារតីជាតិក្នុងការអភិរក្សវប្បធម៌ និងធនធានធម្មជាតិរបស់កម្ពុជា។ «ឆ្មាំព្រៃ» នឹងនាំអ្នក ទស្សនាផ្សារភ្ជាប់ខ្លួន ទៅនឹងជីវចម្រុះនៃព្រៃឈើ។
ព្រះតេជគុណ ប៊ុន សាលួត ដែលជាមេគណៈខេត្តឧត្តរមានជ័យ មានសង្ឃដីកាបន្ថែមថា តំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ជាព្រៃសេសសល់ចុងក្រោយនៃខេត្តឧត្តរមានជ័យ។ កាលពីមុនតំបន់ព្រៃសង្ឃរុក្ខវ័ន្តត្រូវបានទន្ទ្រាន និងកាប់ឈើលក់ទៅឲ្យឈ្មួញ ធ្វើឲ្យព្រៃឈើនៅតំបន់នេះចាប់ផ្តើមរេចរឹលបន្តិចម្តងៗ ហើយជម្រកសត្វព្រៃក៏បានបាត់បង់ជាបណ្តើរៗ។ដូច្នេះព្រះអង្គក៏ស្ម័គ្រចិត្ត ចូលបម្រើការងារថែរក្សាព្រៃនេះ និងបានបំពេញឯកសារទៅស្ថាប័នពាក់ព័ន្ធក្រសួង និងរដ្ឋាភិបាល ដើម្បីសុំសិទ្ធិការពារថែរក្សា និងអភិរក្សតំបន់ព្រៃសហគមន៍នេះ ចាប់តាំងពីឆ្នាំ២០០១។

ព្រះអង្គបង្កើតកម្មវិធីផ្សេងៗតាមបែបសាសនារួមមាន៖ ការរៀបចំពិធីបុណ្យទាន, ការបំបួសដើមឈើ ដើម្បីអប់រំនិងណែនាំ ប្រជាជន ក្នុងសហគមន៍អំពីសារសំខាន់នៃព្រៃឈើ។ សព្វថ្ងៃព្រះអង្គសង់ទីស្នាក់ការចំនួន៧កន្លែង សម្រាប់ឃ្លាំមើលព្រៃឈើ ដោយទីស្នាក់ការនីមួយៗ មានកម្លាំងយាមល្បាតចំនួន៣-៤នាក់រួមមានទាំងព្រះសង្ឃដែរ។ ទោះបីជាជួបបញ្ហាប្រឈមទាក់ទង នឹងការបំពេញការងារកន្លងមក ក៏ព្រះអង្គមិនដែលមានចិត្តរុញរា ឬចង់បញ្ឈប់សកម្មភាពរបស់ព្រះអង្គដែរព្រោះ ព្រះអង្គស្រឡាញ់ ធម្មជាតិ និងចង់អភិរក្សតំបន់សហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ចម្រុះ ដែលអាចទាក់ទាញភ្ញៀវ ទេសចរណ៍មកពី គ្រប់ទីកន្លែងឲ្យចូលមកដើរកម្សាន្តនៅក្នុងព្រៃនេះ។

ជិត២០ឆ្នាំកន្លងមកនេះ ព្រះអង្គបានខិតខំអភិរក្សតំបន់សហគមន៍ព្រៃសង្ឃរុក្ខវ័ន្តនេះ ហើយជាលទ្ធផល សហគមន៍ព្រៃសង្ឃ រុក្ខវ័ន្តក៏បានផ្តល់ ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលពីអនុផលព្រៃឈើ ក្នុងតំបន់នេះ ចំនួន៩ភូមិ ស្មើនឹងជិតមួយរយគ្រួសារ។
ពិសេសតំបន់សហគមន៍ព្រៃសង្ឃរុក្ខវ័ន្តនេះ ក៏បានផ្តល់ជាទីជម្រកដល់សត្វព្រៃ ជាច្រើនសន្ធឹកសន្ធាប់ដែរ។ ព្រះអង្គសង្ឃឹមថា ប្រជាជនកម្ពុជានឹងមានការយល់ដឹងច្រើន ពីសារសំខាន់នៃព្រៃឈើព្រោះ ព្រៃឈើ និងមនុស្សត្រូវតែមានទំនាក់ទំនង និងអាស្រ័យផលគ្នាទៅវិញទៅមក។ ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត នឹងត្រូវបានការពារ និងថែរក្សាដោយយកចិត្តទុកដាក់ ដើម្បីរក្សាទុកជាសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

សូមជម្រាបថា ព្រៃឈើដែលងាយរងគ្រោះក្នុងតំបន់អន្លង់វែង ត្រូវបានអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យរក្សាទៅ ជាព្រៃអភិរក្ស ដែលត្រូវបានដាក់ឈ្មោះជាផ្លូវការថា «ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត»។ ព្រះតេជគុណ ប៊ុន សាលួត ជាប្រធាន សហគមន៍ បានមានសង្ឃដីកាថា ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តមានទំហំសរុប៣០,២៥៦ហិចតា លាតសន្ធឹងក្នុងស្រុកចំនួន៣រួមមាន៖ ស្រុកសំរោង, ស្រុកចុងកាល់ និងស្រុកអន្លង់វែង។ ព្រៃនេះត្រូវបានចាត់ចូល ជាព្រៃ ដែលទទួលបានការពារតាមរយៈអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា។
អត្ថបទ៖កង កល្យាណ

https://youtu.be/ljyLhFoByHo


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation