ប្រធានវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ(AIBD)ជំរាបសម្តេចតេជោ ថា ប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាកំពុងតែមានការរីកចម្រើន និងលូតលាស់ជាទីចាប់អារម្មណ៍
| ព័ត៌មានជាតិ
SHARE

នេះជាការលើកឡើងរបស់លោក ហ្វាយ៉ា ស៊ីហឺយ៉ាFayyar Sheheryar ប្រធានវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ(AIBD) ក្នុងឪកាសដឹកនាំគណះប្រតិភូចូលជួបសំដែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ មុននឹងអញ្ជើញបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា នៃខេត្តសៀមរាប។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ក្នុងជំនួបនោះ លោក Fayyar Sheheryar បានគោរពសំដែងនូវការវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាដែលកំពុងតែមានការរីកចម្រើន និងលូតលាស់ និងជាទីចាប់អារម្មណ៍។

លោកក៏បានគោរពជម្រាបជូនសម្តេចតេជោថា លោកពិតជាមានកិត្តិយសណាស់ដែលបានដឹកនាំប្រតិភូនៃវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ(AIBD) មកជួបសំដែងការគួរសមជាមួយសម្ដេចតេជោនាពេលនេះជាពិសេសនៅក្នុងទីក្រុងសៀមរាបដែលជាទីក្រុងទឹកដីអង្គរដ៏បវររបស់កម្ពុជា។

លោកបានគោរពជម្រាបជូនសម្តេចតេជោថា វត្តមានរបស់លោកនិងសមាជិករបស់លោកក្នុងសន្និសីទនេះគឺដើម្បីធ្វើការចែករំលែកនូវចំណេះដឹង និងរៀនសូត្រពីគ្នាទៅវិញទៅមកផង ដើម្បីបម្រើប្រជាជនទូទាំងពិភពលោកជាពិសេសនៅក្នុងតំបន់ឲ្យបានទទួលនូវព័ត៌មានតាមវិជ្ជាជីវៈ។

លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ជាពិសេសនៅក្នុងបរិបទនៃការផ្លាស់ប្ដូរការវិវឌ្ឍនៃបច្ចេកវិទ្យានេះ យើងគប្បីណាសហការរួមគ្នាជំរុញវឌ្ឍនភាពលើការផ្សព្វផ្សាយនេះឲ្យស្របទៅតាមការវិវឌ្ឍរបស់បច្ចេកវិទ្យា ជាពិសេសធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយនេះមានភាពជាវិជ្ជមាន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍សមាជិក វិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ(AIBD) ដែលបានមកចូលរួមក្នុងសន្និសីទនៅខេត្តសៀមរាបនៅពេលនេះ។ សម្ដេចបានមានប្រសាសន៍ជម្រាបជូនប្រតិភូថា កម្ពុជាកំពុងតែធ្វើការផ្លាស់ប្ដូរអំពីការផ្សព្វផ្សាយពីអាណាឡុកទៅជាឌីជីថលដោយត្រូវបញ្ចប់រួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។

ហើយទូរទស្សន៍ជាតិកម្ពុជាក៏មានការប្រើប្រាស់ពីអាណូឡូកទៅជាឌីជីថលហើយដែរ សម្ដេចក៏បានជម្រាបជូនប្រតិភូជាមួយផងដែរថាការផ្លាស់ប្ដូរការវិវឌ្ឍខាងបច្ចេកវិទ្យានេះ គឺជារឿងមួយ ប៉ុន្តែការផ្លាស់ប្ដូរ និងការអភិវឌ្ឍន៍ខ្លឹមសារនៃការផ្សព្វផ្សាយគឺជារឿងមួយទៀត ជាពិសេសពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានដែលមិនពិត។ ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា ទន្ទឹមនឹងការជឿនលឿនផ្នែកបច្ចេកវិទ្យាដ៏វិជ្ជមាននេះ យើងគប្បីណាជំរុញ និងរៀបចំធ្វើយ៉ាងណាឲ្យមានការវិវឌ្ឍលើការផ្សព្វផ្សាយព័ត៌មានឲ្យមានភាពវិជ្ជមានផងដែរ៕អត្ថបទ លោក ហ៊ន សុភ័ក្រ
រូបភាព លោក អេង សុគុណ និង លោក លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation