តម្លៃដីធ្លីនៅស្រុកអូររាំងឡើងថ្លៃមួយទ្វេជាដប់ ក្រោយលេចធ្លាយគម្រោងព្រលានយន្តហោះថ្មី
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ រឿងរ៉ាវនៃការហក់ឡើងយ៉ាងគំហុកនៃតម្លៃដីធ្លីនៅក្នុងតំបន់ស្រុកអូរាំងនេះ កើតមានឡើងក្រោយពីអាជ្ញាធរ ខេត្តមណ្ឌលគិរី សហការជាមួយក្រុមមន្ត្រីអាកាសចរណ៏ស៊ីវិល ចុះកំណត់ព្រំដីនិងសិក្សាបន្ថែម ដើម្បីឈានដល់ការអភិវឌ្ឍន៏ អាកាសយានដ្ឋានលើផ្ទៃដីទំហំជាង៣០០ហិចតា ស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ។

លោក សៀក មុន្នី អភិបាលស្រុកអូររាំងបានឲ្យដឹងថា កាលពីថ្មីៗនេះប្រតិភូរបស់អាកាចរណ៏ស៊ីវិល បានចុះពិនិត្យលើទីតាំង ជាក់ស្តែង ដែលបានកំណត់តាំងយូរមកហើយសម្រាប់អភិវឌ្ឍន៏ទៅជាប្រលានយន្តហោះ។អភិបាលស្រុកអូររាំង អះអាងថា ដោយសារតែនៅទីតាំងនេះ ត្រូវអភិវឌ្ឍន៏មានគម្រោងច្រើន ដូច្នេះផ្ទៃដីដែលទុកសម្រាប់ធ្វើព្រលានមានទំហំធំរាប់រយហិកតា ពោលគឺមានការសង់ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនបន្ថែមទៀត។

ឯ.ឧ ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានថ្លែងថា នៅពេលនេះគឺស្ថិតក្នុងដំណាក់កាលដែលអាជ្ញាធរខេត្តនិងអាកាស ចរណ៏ស៊ីវិល រួមគ្នាសិក្សារៀបចំទីតាំងដីតែប៉ុណ្ណោះ ប៉ុន្តែពាក់ព័ន្ឋនឹងគម្រោងសាងសង់ព្រលានយន្តហោះនោះ យើងនៅ មិនទាន់ប្រាកដថា តើត្រូវសាងសង់នៅពេលឆាប់ៗនេះ ឬក៏ទៅអនាគតខាងមុខ ពោលគឺមិនទាន់កំណាត់ថា យ៉ាងណានោះទេ ដោយសារឥឡូវនេះយើងក៏មិនទាន់មានថវិការ ឬដៃគូសម្រាប់សាងសង់ប្រលានហ្នឹងទេ ។

អភិបាលខេត្តមណ្ឌលគិរីបន្តថា ការត្រៀមដីបម្រុងទុកនេះក៏ជាបញ្ហាសំខាន់ដែរ ដើម្បី ជៀសវាងគ្មានទីតាំងនៅពេលដែល គម្រោងត្រូវចាប់ផ្តើមយើងមានដីទុកតែម្តង។ អភិបាលខេត្តមណ្ឌលគិរីបញ្ជាក់ទៀតថា បើយើងមិនធ្វើដូច្នោះទេ យើងអត់មាន ទីតាំងសម្រាប់សាងសង់ទេ ដូច្នេះហើយបានជាអាជ្ញាធរខិតខំការពារដីទុករហូតទំហំជាង៣០០ហិចតា។

ទោះបីជាគេនៅមិនទាន់ដឹងថា គម្រោងសាងសង់ប្រលានយន្តហោះថ្មីនេះ នឹងចាប់ផ្តើមសាងសង់ពិតប្រាកដនៅពេលណាក្តី ប៉ុន្តែ មន្ត្រីអាជ្ញាធរមូលដ្ឋានបានសម្តែងសុទ្ឋិនិយមថា បើគម្រោងព្រលានយន្តហោះនេះត្រូវបានសង់រួចរាល់ វាបានហុចផលយ៉ាង ច្រើនដល់ប្រជាពលរដ្ឋក្នុងតំបន់។ ជាពិសេសវានឹងបម្រើផលប្រយោជន៏លើវិស័យទេសចរណ៏បានប្រសើរជាមុន។

មិនត្រឹមតែប៉ុណ្ណោះ ចំពោះវិស័យដីធ្លីវិញ គេសង្កេតឃើញថា មានឈ្មួញគ្រាក់ៗរាប់រយនាក់ ពីទីក្រុងជាពិសេសថៅកែខ្លះ ស្កាត់តាំងពីខេត្តព្រះសីហនុ សម្រុកទៅរកទិញដីនៅតំបន់ស្រុកអូររាំង។

ដីដែលមានហាងឆេងជាងគេនៅតំបន់នេះ គឺដីនៅឃុំដាក់ដាំ និងឃុំសែនមនោរម្យ ដែលកាលពីមុនឆ្នាំ២០១៨ ដីនៅទីនេះ តាមបណ្តោយផ្លូវជាតិមានតម្លៃប្រមាណត្រឹម៥០០ដុល្លាទៅ៧០០ដុល្លាប៉ុណ្ណោះក្នុងមួយម៉ែត្រ,សម្រាប់ដីប្រភេទចម្ការមានតម្លៃ ចន្លោះពី១៥០០ដុល្លាទៅ៣០០០ដុល្លា ក្នុងមួយហិចតា តែចាប់ពីដើមឆ្នាំ២០១៩ រហូតមកទល់បច្ចុប្បន្នដីទាំងនោះបានកើនតម្លៃ ទ្វេមួយជាដប់។

ក្រុមអ្នកគួកជេដីនៅខេត្តមណ្ឌលគិរីបានឲ្យដឹងថា ដីនៅស្រុកអូររាំងសព្វថ្ងៃដែលនៅជាប់ផ្លូវជាតិមានតម្លៃចាប់ពី ១៥០០ដុល្លាទៅ ៣៥០០ដុល្លា ឬថ្លៃជាងនេះទៅតាមទីតាំងជាក់ស្តែង ហើយដីភ្នំឬប្រភេទចម្ការធំៗបានកើនឡើងរហូតដល់៥០០០ដុល្លា ទៅរាប់ម៉ឺនដុល្លាក្នុងមួយហិចតា ដោយសារមាននាយទុនទិញទុកលក់បន្ត ខ្លះទៀតទិញប្រភេទដីមានភ្នំឬទឹកអូរ សម្រាប់សង់ ជារីស៊ត ទើបធ្វើឲ្យតម្លៃដីនៅតំបន់នេះ ឡើងថ្លៃនឹកស្មានមិនដល់។

សូមរំឮកថា ខេត្តមណ្ឌលគិរីបានបាត់បង់ព្រលានយន្តហោះដែលមានតាំងពីកាលបង្កើតខេត្តនេះដំបូង ក្រោយរាជរដ្ឋាភិបាល សម្រេចយកព្រលានចាស់ ធ្វើជាសួនឧទ្យាជាតិមុនដំបូងគេនៅប្រទេសកម្ពុជា ដែលមានទីតាំងនៅកណ្តាលក្រុងសែនមនោរម្យ ជិតរង្វង់មូលគោព្រៃ៕ ដោយ៖នាង ចន្ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation