សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពីក្រុងបាងកក អបអរសាទរដល់សាសនិកឥស្លាមកម្ពុជាដែលបញ្ចប់បួសខែរ៉ាម៉ាឌននៅថ្ងៃនេះ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ខណៈដែលសម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណប្រតិភូអញ្ញើញចូលរួមក្នុងកិច្ចប្រជុំកំពូល ACMECS លើកទី៨ និងកិច្ចប្រជុំកំពូល CLMV លើកទី៩ នៅក្នុងទីក្រុងបាងកក ប្រទេសថៃនោះ នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះ តាមរយៈទំព័រហ្វេសបុកផ្លូវការសម្តេចតេជោ បានផ្ញើសារចូលរួមអបអរ និងជូនពរជ័យដល់បងប្អូន សាសនិកឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅលើសាកលលោក ដែលបានបញ្ចប់បួសខែរ៉ាម៉ាឌន នៅថ្ងៃនេះ បន្ទាប់ពីបួសតមអាហាររយៈពេល១ខែ។

ដើម្បីអបអរដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានជូនពរជ័យបងប្អូនសាសនិកឥស្លាមយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជាក្នុង និងនៅក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅលើសាកលលោកផងដែរ ដែលបានបញ្ចប់បួសខែរ៉ាម៉ាឌន នាថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨នេះ។ ឆ្លៀតក្នុងឱកាសថ្ងៃដ៍ល្អមហាប្រសើរ ថ្លៃថ្លានេះ ខ្ញុំសូមបួងសួងឲ្យបងប្អូនទាំងអស់ ទទួលបាននូវសេចក្កីសុខ សេចក្ដីចំរើនរុងរឿង សម្បូរសប្បាយប្រកបដោយក្ដីមេត្តា ករុណាពីអល់ឡស់គ្រប់ៗគ្នា និងសុំឲ្យអល់ឡស់ មេត្តាទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ាម៉ាឌនទាំងអស់ដែលបងប្អូន បានគោរពប្រតិបត្តិសាងឡើង និងនៅខែខាងមុខៗទៀត កុំបីឃ្លៀងឃ្លាតឡើយ»។

សូមជម្រាបថា បងប្អូនសាសនិកឥស្លាមកម្ពុជាក្នុង និងក្រៅប្រទេស រួមទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងពិភពលោក បានចូលបួសខែរ៉ម៉ាឌន ដែលចាប់ផ្ដើម កាលពីថ្ងៃព្រហស្បតិ៍ទី ១ ខែ រ៉ម៉ាឌន ឆ្នាំ ១៤៣៩ ម៉ូហាំម៉ាត់ សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ ហើយបានត្រូវបញ្ចប់បួសខែរ៉ាម៉ាឌន ដោយធ្វើពិធីថ្ងៃរ៉យ៉ាហ្វិតត្រស់ នៅថ្ងៃសុក្រទី ១ កើត ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៣៩ ម៉ូហាំម៉ាត់ សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨នេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation