រដ្ឋាភិបាលម៉ាឡេស៊ី នឹងជំរុញឲ្យក្រុមហ៊ុនម៉ាឡេស៊ីដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០០៦ ទំហំវិនិយោគផ្ទាល់ (FDI) ពីម៉ាឡេស៊ីនៅកម្ពុជា ស្ថិតក្នុង ចំណាត់ថ្នាក់លេខ១។ ក្នុងន័យនេះ រដ្ឋាភិបាលម៉ាឡេស៊ី នឹងជំរុញឲ្យក្រុមហ៊ុនម៉ាឡេស៊ី ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត សំដៅឈានទៅមានទំហំទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ជាថ្មីម្តងទៀត។ នេះជាការលើកឡើងរបស់ឯកអគ្គរាជទូតម៉ាឡេស៊ីនៅក្នុងឱកាសដែលឯកឧត្តមបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នាទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មីប្រចាំកម្ពុជារូបនេះ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់ក្រុមហ៊ុនម៉ាឡេស៊ី ដែលវិនិយោគនៅកម្ពុជា ទាំងលើក្របខ័ណ្ឌគតិយុត្តិ និងកិច្ចសម្រួលពាណិជ្ជកម្ម។ ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន កំពុងប្រកបធុរកិច្ចនៅកម្ពុជាដោយរលូន និងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនទៀត បានសម្លឹងឃើញសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេស ការវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, សំណង់លំនៅឋានមានតម្លៃសមរម្យ, ទេសចរណ៍, សុខាភិបាល និងសេដ្ឋកិច្ចឌីជីថល។

ជាកិច្ចឆ្លើយតបឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុកថា ម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា ជាមួយនោះឯកឧត្តមបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនិងប្រជាជនម៉ាឡេស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ចំពោះការវិនិយោគបន្ថែមទៀតនៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនវិនិយោគទុនម៉ាឡេស៊ី។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប្រព្រឹត្តកម្មស្មើភាពគ្នា ចំពោះគ្រប់ក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ កម្ពុជា និងម៉ាឡេស៊ី មានចំណងការទូត និង កិច្ចសហប្រតិបត្តិការជាយូរលង់ណាស់មកហើយ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌអាស៊ាន និងនៅលើឆាកអន្តរជាតិ ហើយក្នុងនោះដែរ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម និងវិនិយោគក៏ត្រូវបានពង្រឹង និង ពង្រីកឥតឈប់ឈរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានរៀបចំឲ្យមានយន្តការដោះស្រាយបញ្ហាដែលជាឧបសគ្គដល់ធុរកិច្ច វិនិយោគ និងពាណិជ្ជកម្មផងដែរ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាពន្ធគយ និងពន្ធដារ។ ស្របពេលដែលមានកំណើន វិនិយោគពីម៉ាឡេស៊ី ប្រទេសទាំងពីរ កម្ពុជា និងម៉ាឡេស៊ី នឹងចុះកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកយកពន្ធត្រួតគ្នា នាពេលឆាប់ៗខាងមុខនេះ៕អត្ថបទ៖ចេង ឆហួត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation