ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតស្វីស ថា រដ្ឋាភិបាលស្វីស នឹងបន្តផ្តល់ហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា លើការបណ្តុះបណ្តាលបច្ចេកទេស កសិកម្ម និងសន្តិសុខស្បៀង

image

នារសៀលថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារ ជាមួយលោកជំទាវ Helene Budliger Artieda ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាន និវេសនដ្ឋាននៅទីក្រុងបាងកក ។ លោកជំទាវ Helene Budliger Artieda ក៏ជាឯកអគ្គរដ្ឋទូត នៃប្រទេសស្វីស ប្រចាំ ប្រទេសថៃ និងឡាវផងដែរ ។

នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ Helene Budliger Artieda ដែលត្រូវបានរដ្ឋាភិបាលសហព័ន្ធស្វីស តែងតាំងជាឯកអគ្គរដ្ឋទូតនៃប្រទេសស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយក រដ្ឋមន្ត្រី បានថ្លែងអំណរគុណគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ប្រជាជន និងផ្នែកឯកជនស្វីស ដែលបាន និងបន្ត ផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា រួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម និង ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ ជាក់ស្តែង, មន្ទីរពេទ្យគន្ធបុប្ផា ដែលមានលោកវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិក គឺជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន និងរដ្ឋាភិបាលស្វីស ។ មន្ទីរពេទ្យនេះបានជួយ សង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់ តាមរយៈការផ្តល់សេវាសុខាភិបាលប្រកបដោយស្តង់ដារ ការយកចិត្តទុកដាក់ ខ្ពស់ពីគ្រូពេទ្យ និងព្យាបាលដោយឥតគិតថ្លៃ ។

លោកជំទាវ Helene Budliger Artieda បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងការលូតលាស់លើគ្រប់វិស័យនៅក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងមកនេះ ។ ដោយមើលឃើញពីសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា សភាពាណិជ្ជកម្មស្វីសដែលមានមូលដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ មានបំណងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនៃ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ស្វែងរកកាលានុវត្តភាពក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ។ លោកជំទាវឯកអគ្គរដ្ឋទូត ស្វីស ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលស្វីស នឹងបន្តផ្តល់ហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ជាពិសេស លើការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ, កសិកម្ម និងសន្តិសុខស្បៀង, និង ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

បច្ចុប្បន្ន ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) កំពុងពិនិត្យលទ្ធភាពអនុវត្តគម្រោងអភិវឌ្ឍន៍ ជាច្រើនទៀតនៅកម្ពុជា ។ ជាមួយគ្នា, បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផា និងជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំ គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យ និង អ្នកជម្ងឺនៅទីនោះ លោកជំទាវឯកអគ្គរដ្ឋទូតស្វីស មានសេចក្តីសោមនស្សរីករាយ ដោយបានឃើញស្ថានភាពជាក់ស្តែង នៃការផ្តល់សេវារបស់មន្ទីរពេទ្យគន្ធបុប្ផាមានភាពល្អប្រសើរ ។ លោកជំទាវឯកអគ្គរដ្ឋទូតស្វីស មានសេចក្តីរីករាយ ដោយបានឃើញការខិតខំជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជួយមន្ទីរពេទ្យគន្ធបុប្ផា ឲ្យមន្ទីរពេទ្យនៅបន្តរក្សាបាន នូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងដោយឥតគិតថ្លៃ ដូចកាលពីស្ថិតក្រោមការដឹកនាំរបស់លោក វេជ្ជបណ្ឌិត Beat Richner ដែរ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបលោកជំទាវ ឯកអគ្គរដ្ឋទូតស្វីស ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួង-ស្ថាប័ននានា នៃរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការមកបំពេញ ទស្សនកិច្ច នៅកម្ពុជារបស់គណៈប្រតិភូសភាពាណិជ្ជកម្មស្វីស ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកផ្នែកឯកជន គឺជាក្បាល ម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូក្នុងការអភិវឌ្ឍ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ សំដៅកែលម្អបរិស្ថានវិនិយោគ, ធ្វើពិពិធកម្មកម្មសេដ្ឋកិច្ច, និងពង្រឹងភាពប្រកួតប្រជែង របស់កម្ពុជា ដើម្បីទាក់ទាញនូវការវិនិយោគ ។

ពាក់ព័ន្ធនឹងមន្ទីរពេទ្យគន្ធបុប្ផា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើមន្ទីរពេទ្យគន្ធបុប្ផា ដោយបានផ្តល់វិភាគទានថវិការដ្ឋ ថវិកាផ្ទាល់ខ្លួន និងកៀរគរថវិកាពីសប្បុរសជនសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យនេះ សំដៅឲ្យមន្ទីរពេទ្យបន្តផ្តល់សេវាសុខាភិបាលជូនកុមារកម្ពុជា ប្រកបដោយគុណភាព និងដោយឥតគិតថ្លៃសម្រាប់រយៈ វែង តទៅមុខទៀត ៕អត្ថបទ ៖ ចេង ឆហួត