កាកបាទក្រហមកម្ពុជា ផ្តល់អំណោយឧបត្ថម្ភជាលើកទី៤ ដល់សមាគមមរតកកុមារបាសាក់
| ព័ត៌មានជាតិ
SHARE

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងសហការី បានទទួលជួបសំណេះសំណាល និងប្រគល់អំណោយជាអង្ករ២តោន និង ថវិកា៥លានរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានជាលើកទី៤ ឧបត្ថម្ភជូនដល់សមាគមមរតកកុមារបាសាក់ ដែលមានលោកសាស្រ្តាចារ្យសិល្បះ អៀង ស៊ីធុលជាប្រធានសមាគម ដើម្បីជួយដល់កុមារកំព្រា និងកុមារទីទ័លក្រ ដែលសម្ដែងសិល្បៈបុរាណខ្មែរនៅក្នុងសមាគម ដោយមានសមាជិកសរុបចំនួន ៦៥នាក់ (ក្នុងនោះមាន ៤នាក់ជាគ្រូបង្គោល, ៤៧នាក់ជាអ្នកអាចសម្ដែងបាន និងមានកុមារតូចៗកំពុងនៅហាត់រៀន) ពិធីនេះបានប្រារព្វឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ នាថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នា២០២០ ។

ក្នុងឱកាសនោះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរដល់ប្រធានសមាគម លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យក្នុងសមាគមដែលបានលះបង់ពេលវេលា ចូលរួមក្នុងការថែរក្សា ការពារ និងលើកកម្ពស់មរតកសិល្បះវប្បធម៌ជាតិខ្មែរ តាមរយះការចូលរួមចំណែកជួយបណ្ដុះបណ្ដាលដល់កុមារកំព្រាឱ្យយល់ដឹងនិងចេះសម្តែងសិល្បៈបានល្អប្រសើរ ព្រមទាំងបង្ហាត់បង្រៀនកុមារទាំងនោះឱ្យក្លាយជាសិល្បករប្រកបដោយគុណធម៌ សីលធម៌ ដើម្បីលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិខ្មែរដែលជាមរតកដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបានអោយកាន់តែរីកចម្រើន និងស្ថិតស្ថេរយូរអង្វែងតរៀងទៅ ។

ជាមួយគ្នានេះ លោក អៀង ស៊ីធុល ប្រធានសមាគមមរតកកុមារបាសាក់ និងលោកស្រី ឌី សាវ៉េតបានបង្ហាញអារម្មណ៍ប្រកបដោយក្តីរំភើបសប្បាយរីករាយ ព្រមទាំងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លាមិនអាចរកអ្វីប្រៀបផ្ទឹមបាន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែបានគិតគូរពីសុខទុក្ខនិងជីវភាពការរស់នៅ ពិសេសបានលើកទឹកចិត្ត និងជួយឧបត្ថម្ភដល់សមាគមសិល្បៈ សមាគមឬអង្គការនានា ក៏ដូចជាកុមារកំព្រា ចាស់ជរា ជនពិការនានា និងប្រជាពលរដ្ឋជួបការលំបាក ដោយគ្មានការរើសអើងវណ្ណះពណ៌សប្បុរ មានក្រសឬខ្មៅ និងពូជសាសន៍ សាសនាអ្វីឡើយ ។

សូមបញ្ជាក់ថា ៖ កាកបាទក្រហមកម្ពុជា បានផ្តល់ការឧបត្ថម្ភដល់សមាគមមរតកកុមារបាសាក់ បានចំនួន ៤លើករួចមកហើយ ក្នុងនោះបានផ្តល់ ថវិកា ១ម៉ឺនដុល្លារអាមេរិក កាលពីឆ្នាំ២០១៧ សម្រាប់ជួយជាដើមទុនក្នុងការស្វែងរកចំណូលសម្រាប់សមាគម និង ឧបត្ថម្ភប្រចាំឆ្នាំ២០១៨ ឆ្នាំ២០១៩ និង២០២០នេះ ក្នុងមួយឆ្នាំៗ រួមមាន អង្ករចំនួន ២តោន និងថវិកាចំនួន ៥លានរៀល។
គួររំលឹកថា សមាគមមរតកកុមារបាសាក់ បានបង្កើតឡើងនៅឆ្នាំ២០០១ ដែលនៅពេលនោះមានឈ្មោះថា "សមាគមបណ្ដុះបណ្ដាលវប្បធម៌ សេដ្ឋកិច្ច កុមារកំព្រាទីទ័លក្រ" រហូតដល់ឆ្នាំ២០០៨ ទើបប្ដូរឈ្មោះមកជា "សមាគមមរតកកុមារបាសាក់" រហូតមកដល់បច្ចុប្បន្ន ហើយសមាគមនេះបានជួយបណ្តុះបណ្តាលជំនាញ តន្ត្រីចម្រៀងបុរាណ ចម្រៀងមហោរី របាំប្រពៃណី និងរបាំបុរាណ ជាដើម៕ អត្ថបទ ៖ ថឹង ចាន់ថារ៉ាន់



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation