មន្ត្រីជំនាញ៖ មិនទាន់មានការផ្អាកជើងហោះហើរជាមួយចិននោះទេ ខណៈវីរុសកូរ៉ូណាថ្មី កំពុងផ្ទុះខ្លាំងនៅចិន និងរាតត្បាតពិភពលោក
| ព័ត៌មានជាតិ
SHARE

រហូតមកទល់នឹងពេលនេះជើងហោះហើររវាងកម្ពុជា និងចិន មិនទាន់មានការផ្អាកដំណើរការនោះទេ បើទោះបីជាពិភពលោកកំពុងព្រួយបារម្ភពីការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគរលាកសួតកូរ៉ូណាថ្មី ដែលមានប្រភពចេញមកពីប្រទេសចិនក៏ដោយ។

ជុំវិញមូលហេតុដែលកម្ពុជាសម្រេចមិនផ្អាកជើងហោះហើរជាមួយប្រទេសចិននេះ ត្រូវបាន ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា អះ អាងថា ដោយយោងតាមច្បាប់អន្តរជាតិ ដែលមិនលើកទឹកចិត្តឲ្យមានការផ្អាកជើងហោះហើរនោះឡើយ ព្រោះវាអាចនឹងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទេសចរ ការទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរ។

ឯកឧត្តមបានបញ្ជាក់ថា ចំពោះការលើកឡើងថា ប្រទេសខ្លះដែលរឹតត្បិតជើងហោះហើរជា មួយចិន ក្នុងហេតុផលថា ការពារការឆ្លងមេរោគរលាកសួតកូរ៉ណាថ្មីចូលក្នុងប្រទេសរបស់ខ្លួននោះ វាជាគោលការណ៍របស់ប្រទេសនោះ ប៉ុន្តែសម្រាប់កម្ពុជា​ នៅពេលនេះមិនទាន់មានគោលការណ៍ណែនាំឲ្យធ្វើដូច្នេះនៅឡើយ។

យ៉ាងណាក៏ដោយ ឯកឧត្តមបានថ្លែងថា ទោះបីជាដាក់វិធានការផ្អាកជើងហោះហើរជាមួយចិនក៏ដោយ ក៏មិនប្រាកដថា អាចគ្រប់គ្រងមេរោគរលាកសួតកូរ៉ូណាថ្មីនេះបានដែរ ព្រោះវាបានរីករាលដាលស្ទើរតែពាសពេញពិភពលោកទៅហើយ។ ដូច្នេះអ្វីដែលជាវិធានការចាំបាច់ចំពោះមុខនៅពេលនេះ គឺយើងត្រូវបង្កើនការត្រួតពិនិត្យឲ្យបានហ្មត់ចត់បំផុតរាល់ការចេញចូលរបស់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលឆ្លងកាត់ ឬក៏ចូលមកប្រទេសកម្ពុជា ជាពិសេសត្រូវតាមដានអ្នកដែលសង្ស័យថា មានផ្ទុកមេរោគនេះ ឬអ្នកឆ្លងមេរោគនេះរួចហើយត្រូវប្រឹងប្រែងព្យាបាលឲ្យជាសះស្បើយ និងធ្វើយ៉ាងណាមិនត្រូវឲ្យឆ្លងរាលដាលទៅអ្នកដទៃបន្តទៀត។

ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា រហូតមកទល់នឹងពេលនេះ ការហោះហើរពីទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងប្រភពផ្ទុះជំងឺរលាកសួតកូរ៉ូណាថ្មី ដ៏ខ្លាំងក្លានោះ ត្រូវបានអាជ្ញាធរចិនបានផ្អាកប្រតិបត្តិការហោះហើរទៅកាន់បណ្តាប្រទេសនានាហើយ ក្នុងនោះរួមទាំងកម្ពុជាផងដែរ។

តាមការបញ្ជាក់ពីឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា បានឲ្យដឹងថា កម្ពុជា មានជើងហោះហើរចេញចូលជាមួយប្រទេសចិន ក្នុងមួយសប្តាហ៍ជាមធ្យមចំនួន ២៦៤ជើង ក្នុងនោះការហោះហើរផ្ទាល់ពីអាកាសយន្តដ្ឋានអន្តរជាតិកម្ពុជាទាំង៣ ទៅកាន់ទីក្រុងវូហាន ប្រទេសចិន មានចំនួន ៦ទៅ ៧ជើង ក្នុងមួយសប្តាហ៍។ ប៉ុន្តែបច្ចុប្បន្នជើងហោះហើរជាមួយចិន បានថយចុះ ៥០ភាគរយ ក្រោយពីផ្ទុះជំងឺរលាកសួតដ៏កាចសាហាវនេះមក។

មន្ត្រីអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះ បានបញ្ជាក់ថា ការផ្ទុះជំងឺរលាកសួតកូរ៉ូណាថ្មី នេះ នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍កម្ពុជា នាពេលនេះ ខណៈទេសចរ ចិន ជាប្រភពទេសចរណ៍ដ៏សំខាន់ដែលមកទស្សនាកម្ពុជា។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ២៩ខែមករា ឆ្នាំ ២០២០នេះ ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាថ្មី នៅប្រទេសចិនកើនដល់ ១៣២នាក់ និងជិត ៦០០០នាក់ បានឆ្លង ខណៈ ប្រទេសចំនួន ១៤ផ្សេងទៀត បានប្រកាសពីការផ្ទុះនៃមេរោគនេះ ក្នុងនោះ នៅកម្ពុជា ក៏មាន ចំនួន ១ករណីផងដែរ ដែលបានកើតនៅលើជនជាតិចិនម្នាក់ កំពុងស្នាក់នៅខេត្តព្រះសីហនុ៕

អត្ថបទ៖ សៀម ប៊ុនធី



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation