រដ្ឋមន្ត្រីក្រសួងសុខាភិបាលជំរុញឲ្យប្រធានព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ សហការជាមួយមន្ត្រីសុខាភិបាលរឹតបន្តឹងការទប់ស្កាត់ករណីឆ្លងវីរុសគ្រប់ប្រភេទចូលមកកម្ពុជា 
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖  ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយនឹងថ្នាក់ដឹកនាំមន្ត្រីជំនាញ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុដើម្បីផ្សព្វផ្សាយ អប់រំទៅដល់បងប្អូនដែលបម្រើការនៅព្រលានយន្តហោះទាំងអស់ បន្តតាមដានពិនិត្យអំពីប្រភេទជំងឺកូរ៉ូណាប្រភេទថ្មី ដែលបានមានវិជ្ជមាននៅក្នុងខេត្តព្រះសីហនុនេះ ក្នុងនោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យបងប្អូនទាំងអស់កុំមានការព្រួយបារម្ភខ្លាំងពេកអំពីបញ្ហាជំងឺព្រោះជំងឺមិនមែនបណ្ដាល ឱ្យឆ្លងមកតាមខ្យល់ ឬ ឆ្លងតាមសម្លៀកបំពាក់នោះដែរ ជំងឺនេះឆ្លងតាមរយៈការប៉ះដោយផ្ទាល់ ឬ ក៏ការនិយាយផ្ទាល់មាត់ ឬយកដៃដែលប៉ះពាល់អ្នកជំងឺមកជូតមុខមាត់របស់យើង ទើបបណ្ដាលឱ្យឆ្លង ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាលាងដៃអោយបានញឹកញាប់មុននឹងចាប់ធ្វើអ្វីមួយ ឬក៏ម្ហូបអាហារ ។

បន្ទាប់មកគណៈប្រតិភូបានអញ្ជើញមកសួរសុខទុក្ខបងប្អូនដែលផ្ទុក វីរុសប្រភេទថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តដែលកើតលើបុរសជនជាតិចិន ម្នាក់ឈ្មោះ ចា ជិនហួ ភេទប្រុសអាយុ ៦០ ឆ្នាំ បានធ្វើដំណើរមកពីប្រទេសចិនជាមួយនឹងក្រុមគ្រួសារចំនួន ៣នាក់ទៀត។ ក្រោយពីការសាកសួរ រោគសញ្ញារបស់គាត់ អ្នកជំងឺបានលើកឡើងថា គាត់បានធូរហើយ សុខភាពមិនមានបញ្ហាអ្វីនោះទេ។ 

នៅក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ប្រទេសកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសចិន ខេត្តព្រះសីហនុមាន អាកាសយានដ្ឋានអន្តរជាតិ ទំនាក់ទំនងពីបណ្ដាប្រទេសជាច្រើន ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ក្រោយពីពិនិត្យក្រុមគ្រួសារចំនួន ៤នាក់គឺមានតែម្នាក់បុរសអាយុ ៦០ឆ្នាំបានផ្ទុក វីរុសផ្លូវដង្ហើម រីឯក្រុមគ្រួសារចំនួន ៣ នាក់ទៀតគឺមិនមានផ្ទុកជម្ងឺនោះទេ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទូទៅឧស្សាហ៍លាងដៃនឹងសាប៊ូ ព្រោះដៃអាចកាន់នឹងប៉ះពាល់ទៅវត្ថុផ្សេងៗគ្រប់ប្រភេទ ដូចនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋទូទៅ មេត្តាលាងដៃអោយបានស្អាតមុននឹងកាន់ ប្រើប្រាស់សម្ភារៈផ្សេងៗ ដែលបង្កនាំឱ្យឆ្លងនូវមេរោគ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាហូបនៅរបស់ឆ្អិនទាំងបន្លែត្រីសាច់ដូចជាសម្ភារៈផ្សេងៗដែលត្រូវបរិភោគឲ្យបានឆ្អិនដើម្បីបញ្ហាការរាគរួសផ្សេងៗនិងសូមកុំឱ្យសូមកុំបរិភោគនូវសត្វព្រៃគ្រប់ប្រភេទ ព្រោះជាប្រភពនៃការចម្លងមេរោគផងដែរ។

ឯកឧត្តម ម៉ម ប៊ុនហេង សូមឲ្យប្រធានព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុត្រូវពង្រឹងនូវការត្រួតពិនិត្យ ដល់ភ្ញៀវទេសចរណ៍ទាំងអស់អោយបានយកចិត្តទុកដាក់ដោយមានការសហការជាមួយនឹងក្រសួងសុខាភិបាលធ្វើយ៉ាងណា ជៀសឲ្យផុតអំពីករណីឆ្លងវីរុសគ្រប់ប្រភេទមកដល់ប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏ដូចជាមន្ទីរទេសចរណ៍ខេត្តត្រូវសហការជាមួយមន្ទីរសុខាភិបាលខេត្តធ្វើយ៉ាងណាត្រួតពិនិត្យអំពីគុណភាព ម្ហូបអាហារនៅតាមរមណីយដ្ឋានអាហារដ្ឋាននានាធ្វើយ៉ាងណាឱ្យមានអនាម័យនិងបរិស្ថានល្អនៅក្នុងទីតាំងនីមួយៗសាកសមទៅនឹងអាទីក្រុងទេសចរណ៍ដែលរដ្ឋបាលខេត្តកំពុងមានការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍឲ្យមានសោភ័ណភាពនិងបរិស្ថានល្អ៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation