សម្ដេចតេជោ គាំទ្រនូវការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា-អូស្ត្រាលី ព្រោះថា ទំនាក់ទំនង​នយោបាយរឹងមាំ គឺផ្តើមចេញពី ទំនាក់ទំនងពាណិជ្ជកម្ម​
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨ ខែមករានេះ បានអនុញ្ញាតឲ្យឯកឧត្តម ​ប៉ាប៊ីយ៉ូ ឈីហ៊ូ កាង (Pabio Chiho Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាពផងដែរ។

  តាមការបញ្ជាក់​ពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា ​ឯកអគ្គរដ្ឋទូត​ ​​បានបង្ហាញ​ក្តីរីករាយ ដោយបានតែងតាំង ជាឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា​។ ឯកឧត្តមបន្តថានេះ គឺជាបេសកកម្មគួរជាទីរីករាយមួយ ជាពិសេសមកកាន់ប្រទេស ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយអូស្ត្រាលី។

    ឯកឧត្តម បានជម្រាបជូនសម្ដេចថា នៅពេលនេះ អូស្ត្រាលីកំពុងបង្វែរ កិច្ចសហប្រតិបត្តិការ រវាងអូស្ត្រាលីនិងកម្ពុជា ទៅលើស្ថាប័នតែម្ដង នោះគឺកំពុងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងនានានៅកម្ពុជា​ ដូចជាក្រសួងហិរញ្ញវត្ថុ លើវិស័យពន្ធដារ ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ក៏ដូចជាក្រសួងការពារជាតិផងដែរ។

  ក្នុងបេសកកម្មកាទូត របស់ឯកឧត្តម មកកាន់កម្ពុជានៅពេលនេះ ឯកឧត្តមនិងបន្តជំរុញ កិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នទាំងអស់ ជាមួយកម្ពុជា ហើយក៏ផ្ដោតកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើពាណិជ្ជកម្ម។ ឯកឧត្តមបន្ថែមថា ​អូស្ត្រាលី បើកចំហជូនប្រជាជនកម្ពុជា ដើម្បីទៅធ្វើទស្សនកិច្ច ដើម្បីទៅវិនិយោគ ក៏ដូចជាដើម្បីទៅបន្តការសិក្សា នៅទីនោះផងដែរ។ ក្នុងន័យនេះ ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តមនឹងយកចិត្តទុកដាក់ ជាពិសេស លើបញ្ហាវិនិយោគ និងបញ្ហាពាណិជ្ជកម្មតែម្ដង ជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

  ជាការឆ្លើយតបសម្តេចតេជោ បានស្វាគមន៍ និងសំដែងការអបអរសាទរ ចំពោះឯកឧត្តមកាង ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសអូស្ត្រាលីនៅកម្ពុជា។ សម្ដេចយល់ស្រប ចំពោះការលើកឡើង របស់ឯកឧត្តមកាងចំពោះ ទំនាក់ទំនង រវាងប្រទេសទាំងពីរ។

  សម្ដេចមានប្រសាសន៍ថា ជាការពិតកម្ពុជានិងអូស្ត្រាលី មានទំនាក់ទំនងយ៉ាងច្រើនវិស័យ ជាមួយនឹងស្ថាប័ននិងស្ថាប័នជាដើម ហើយក៏មានទំនាក់ទំនងជាពិសេសផងដែរ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក្របខណ្ឌអាស៊ាន ក្របខណ្ឌអាស៊ីបូព៌ា ក៏ដូចជាដៃគូ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។

  ពីនោះទៅទៀត អូស្ត្រាលី ក៏មានកិច្ចសហប្រតិបត្តិការទ្វេភាគីពិសេស បន្ថែមទៅលើអ្វីដែលឯកឧត្តមកាង បានលើកឡើង គឺអូស្ត្រាលីបានជួយដល់កម្ពុជា ក្នុងការស្វែងរកសុខសន្តិភាពកន្លងមក ហើយជាពិសេសទៅទៀត អូស្ត្រាលីកាលពីដើមឡើយ បានដាក់អាទិភាពសំខាន់ ជួយដល់កម្ពុជាលើវិស័យកសិកម្ម ហើយលើវិស័យកសិកម្មនេះ អូស្ត្រាលី បានបង្កើតនៅវិទ្យាស្ថានកាឌី (Cardi) មួយដែលវិទ្យាស្ថាននេះ បានជួយជំរុញឲ្យស្រូវកម្ពុជា បង្កើនបានទិន្នផលខ្ពស់ ពីនោះទៅទៀតបានជួយស្រូវកម្ពុជា ឱ្យក្លាយទៅជាអង្ករលេខ ១ នៅក្នុងពិភពលោកផងដែរ។

  សម្ដេចតេជោក៏បានឯកភាព និងសំដែងនូវការរីករាយ ចំពោះអ្វីដែលឯកឧត្តមកាង បានលើកឡើង ជាពិសេសចំពោះការយកចិត្តទុកដាក់ ទៅលើកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម។ ក្នុងន័យនេះ សម្ដេចមានប្រសាសន៍ថា ទំនាក់ទំនងនយោបាយរឹងមាំ គឺចេញពីទំនាក់ទំនង ពាណិជ្ជកម្មនេះឯង សម្ដេចសូមគាំទ្រនូវអ្វីដែលឯកឧត្តមកាង បានលើកឡើង ក្នុងបេសកកម្មកាទូតរបស់ឯកឧត្តម មកកាន់កម្ពុជាពេលនេះ៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation