សម្ដេចក្រឡាហោម ស ខេង ៖ ឆ្នាំ២០១៩ ដំណើរការអត្តសញ្ញាណកម្ម មានភាពល្អប្រសើរ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទោះបីជាការអនុវត្តយុទ្ធសាស្ដ្រនៃផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពី អត្តសញ្ញាណកម្ម ឆ្នាំ២០១៨ មានការយឺតយ៉ាវបន្ដិចបន្តួចក៏ពិតមែន ប៉ុន្ដែសម្រាប់ឆ្នាំ២០១៩កន្លងមកនេះ សម្រាប់ដំណើរការអត្តសញ្ញាណកម្មនេះគឺមានលក្ខណៈល្អប្រសើរ ។

ក្នុងកិច្ចប្រជុំលើកទី៤គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ សម្តេច ស ខេង បានថ្លែងថា ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពី អត្តសញ្ញាណកម្ម ជាផែនការដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលមានទស្សនៈវិស័យ ក្នុងការដឹកតម្រង់ទិស លើការងារគ្រប់គ្រងទិន្ន័យ អត្តសញ្ញាណពលរដ្ឋ តាមប្រព័ន្ធព័ត៌មានវិទ្យាទំនើប នៅការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព នៃការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ។

សម្ដេចបន្ដថា សមិទ្ធផលនៃផែនការយុទ្ធសាស្ត្រនេះ នឹងជួយគាំទ្រកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អាស៊ាន លើការផ្លាស់ប្ដូរកម្លាំងពលកម្ម ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជា ការស្វែងរក ឬកំណត់អត្តសញ្ញាណបុគ្គល។

សម្ដេចមានប្រសាសន៍ថា «តាមការកត់សំគាល់របស់ខ្ញុំ ការអនុវត្តគោលបំណងយុទ្ធសាស្ដ្រនីមួយៗ នៃផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពី អត្តសញ្ញាណកម្ម មានភាពយឺតយ៉ាវបន្ដិច នៅឆ្នាំ២០១៨។ ក៏ប៉ុន្ដែ ហាក់បីដូចជា មានដំណើរការល្អប្រសើរ នៅឆ្នាំ២០១៩»។

ដើម្បីឲ្យការងារនេះកាន់តែមានភាពល្អប្រសើរ សម្ដេចក្រឡាហោម ស ខេង ផ្ដល់អនុសាស្ដ្រមួយចំនួន ដូចជា ៖ ទី១- ការរៀបចំគោលនយោបាយ និងក្របខណ្ឌច្បាប់ ។ ក្នុងនោះ រៀបចំសេចក្ដីព្រៀងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងបទដ្ឋានកត្តិយុទ្ធ មួយចំនួនទៀត។

ទី២-បង្កើនប្រព័ន្ធអប់រំ អត្តសញ្ញាណកម្មយុវជនដែលហៅថា IP IS ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងសិ្ថតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ ជាដើម។

និងទី៣-ក្រោយពីបង្កើតប្រព័ន្ធខាងលើហើយ ជំហានបន្ទាប់គឺជាប់បណ្ដាញទំនាក់ទំនងទាំងអស់ ដើម្បីប្រមូលផ្ដុំនៅច្រកទិន្នន័យចូលក្នុងប្រព័ន្ធរួមមួយ ដែលជាប្រភពព័ត៌មាន សម្រាប់ការបម្រើនៃការបែងចែក និងការផ្ទៀងផ្ទាត់ ទិន្នន័យអត្តសញ្ញាណបុគ្គល។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ បន្ថែមថា បច្ចុប្បន្នប្រទេសធំៗជាច្រើន នៅលើសកលលោក កំពុងផ្ដោតយកចិត្តទុកដាក់ ក្នុងការពង្រឹងឲ្យមានប្រសិទ្ធិភាព ឬការគ្រប់គ្រង អត្តសញ្ញាណប្រជាពលរដ្ឋរបស់ខ្លួន និងធ្វើឲ្យប្រសើរឡើង ក្នុងការផ្ដល់សេវាសាធារណៈ តាមរយៈធ្វើទំនើបកម្ម លើប្រព័ន្ធគ្រប់គ្រងនៅការផ្លាស់ប្ដូរ ប្រព័ន្ធការងារពីការចុះបញ្ជីដោយដៃ ដូចជា ៖ អត្រានុកូលដ្ឋាន គ្រប់ការស្នាក់នៅ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនជាដើម ឲ្យទៅចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យា។

រដ្ឋមន្ដ្រីមហាផ្ទៃ បន្ដថា ការផ្លាស់ប្ដូរនេះជាតម្រូវការចាំបាច់ ដែលប្រទេសនីមួយៗត្រូវរៀបចំខ្លួន សម្រាប់សមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចឌីជីថល ដើម្បីឲ្យដើរឲ្យទាន់ប្រទេសជិតខាងក្នុងតំបន់ ក្នុងការអនុវត្តសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍដ៏ឆាប់រហ័ស នៃបច្ចេកវិទ្យាទំនើប។

រដ្ឋមន្ដ្រីមហាផ្ទៃបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាជននេះ គឺជាឆ្អឹងខ្នងនៃផ្ដល់ប្រព័ន្ធសេវាទាំងអស់ ទាំងសេវាផ្នែកសាធារណៈ និងផ្នែកឯកជន ហើយក៏ជាកិច្ចការដែលកម្ពុជាត្រូវចូលរួមចំណែក ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសក្របខណ្ឌថ្នាក់តំបន់ អាស៊ី ប៉ាស៊ីហ្វិក ស្ដីពី អត្រានុកូលដ្ឋាន និងសិ្ថតិអត្រានុកូលដ្ឋាន ឆ្នាំ២០១៥-២០២៤  ដែលបានអនុម័តក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រី អាស៊ី ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំ២០១៩ ៕អត្ថបទ÷ឃឹម វិសាល  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation