សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថាកុមារជាអ្នកបន្តវេនប្រកបដោយសក្តានុពល ហើយកម្ពុជាបានយកចិត្តទុកដាក់អប់រំកុមារតំាងពីឆ្នាំ១៩៧៩មក
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា កុមារ ជាអ្នកបន្តវេន ប្រកបដោយធនធានសក្តានុពលរបស់ប្រទេសជាតិ។ កុមារជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពសេចក្ដីថ្លៃថ្នូរ ដើម្បីរួមចំណែកកាត់បន្ថយគម្លាតសង្គម។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសាលាបឋមសិក្សាតាសួស ស្ថិតនៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្តេចបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះការអប់រំ រៀនសូត្ររបស់កុមារ មិនមែនជាកិច្ចការថ្មីនោះទេ រាជរដ្ឋាភិបាលកម្ពុជាបានផ្តើមយកចិត្តទុកដាក់អនុវត្ត តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មកម្ល៉េះ។ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានបង្កលក្ខណៈឱ្យយុវជនជំនាន់ក្រោយៗ ទទួលបានការសិក្សាពេញលេញ រហូតទទួលបានសញ្ញាបត្រ បរិញ្ញាបត្ររាប់ពាន់នាក់ ក្នុងមួយឆ្នាំៗ មានឱកាសធ្វើការងារ និងមានមុខរបរដូចនឹងបណ្តាប្រជាជាតិក្នុងតំបន់ និងបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកប ដោយចីរភាព និងការកាត់បន្ថយអត្រានៃភាពក្រីក្រនៅក្នុងប្រទេសជាតិ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កុមារនៅកម្ពុជា ត្រូវបានការពារ ការជួយឧបត្ថម្ភគាំទ្រ ការចិញ្ចឹមបីបាច់ថែរក្សា ការផ្តល់អាហារូបត្ថម្ភ ការអប់រំរៀនសូត្រ ត្រូវបានលើកតម្កើងជាបន្តបន្ទាប់។សម្តេចបានបន្តថា “យុវជនជាសសរទ្រូង ជាកម្លាំងស្នូល ដែលនឹងក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគត ដែលពួកគេនឹងក្លាយជាអ្នកដឹកនាំ គ្រប់គ្រងស្ថាប័នក្លាយជាមេគ្រួសារ ។កម្ពុជា តែងយកចិត្តទុកដាក់ក្នុងកិច្ចគាំពារ និងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមធម៌ ដើម្បីផ្តល់ឱកាសដល់កុមារគ្រប់រូប ទទួលបាននូវការគាំពារតាំងពីកុមារភាព។ ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺកុមារទាំងអស់ត្រូវទទួលបានការគាំពារ ការអប់រំកម្រិតមតេយ្យសិក្សា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរៀនទៅតាមកម្រិត នៃបឋមសិក្សា”។

សូមជម្រាបថា អគារសិក្សាថ្មីមួយខ្នង មាន៥បន្ទប់ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ជាការឧបត្ថម្ភរបស់ អង្គការស្គូល អេដ ជប៉ុន។ អង្គការនេះបានសាងសង់អាគារសិក្សាជាច្រើនខ្នងនៅទូទាំងប្រទេស ។ ក្រៅពីការកសាងអគារសិក្សា អង្គការស្គូល អេដ ជប៉ុន នៅមានសកម្មភាពផ្សេងៗទៀត ដូចជាផ្តល់អាហារូបករណ៍ ជាស្បៀង សម្ភារៈសិក្សា និងសំលៀកបំពាក់ដល់សិស្សក្រីក្រទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណ ឯកឧត្តម វ៉ាតាណាបេ មិគិ អតីតសមាជិកសភា ជប៉ុន និងជាប្រធានអង្គការស្គូល អេដ ជប៉ុន ប្រចាំកម្ពុជា ព្រមទាំងសហការី និងសប្បុរសជនជប៉ុន ដែលបានរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាលតែងបានផ្តល់ការឧបត្ថម្ភគាំទ្រលើគ្រប់វិស័យក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព ស្តារ និងអភិវឌ្ឍន៍ប្រទេស រហូតមកដល់ពេលបច្ចុប្បន្ននេះ។ វឌ្ឍនភាព និងការអភិវឌ្ឍ របស់កម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន ពិតជាមិនអាចកាត់ផ្តាច់ពីជំនួយដ៏ថ្លៃថ្លារបស់មិត្តជប៉ុន នោះឡើយ។

សម្តេចបានអំពាវនាវដល់មាតាបិតាទំាងអស់ត្រូវបញ្ជូនកូនគ្រប់អាយុសិក្សាទៅសាលារៀនឱ្យបានគ្រប់ៗគ្នា។ សម្តេចបានផ្តាំផ្ញើដល់យុវជន គោរពច្បាប់ចរាចរណ៍ និងជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន។ ប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ចុះស្វែងយល់ទុក្ខលំបាក និងដោះស្រាយបញ្ហាពលរដ្ឋឱ្យទាន់ពេលវេលា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation