អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការយ៉ាងតឹងរឹងចំពោះការបង្ហោះDrone នៅក្នុងតំបន់រមណីយដ្ឋានអង្គរ
| ព័ត៌មានជាតិ
SHARE

(សៀមរាប) ៖ អាជ្ញាធរជាតិអប្សរាបានប្រកាសថា ដើម្បីទប់ស្កាត់ការបង្ហោះយន្តហោះខ្នាតតូច (Drone) ក្នុងតំបន់អង្គរឲ្យកាន់តែមានប្រសិទ្ធភាព ជាងមុន ជាពិសេសក្នុងតំបន់ហាមឃាត់ក្នុងរមណីយដ្ឋានអង្គរនោះ គឺអាជ្ញាធរជាតិអប្សរានឹងចាត់វិធានការជាបណ្តោះអាសន្ន ដោយត្រូវចាប់Droneដែលបង្ហោះនោះមករក្សាទុកមួយរយៈ ហើយតម្រូវឲ្យម្ចាស់បំពេញបែបបទស្នើសុំតាមក្រោយ។


ការប្រកាសចេញនូវវិធានការបែបនេះរបស់អាជ្ញាធរជាតិអប្សរាធ្វើឡើង បន្ទាប់ពីកើតមានការលួចបង្ហោះ Drone ក្នុងរមណីយដ្ឋាន អង្គរមានការកើនឡើងយ៉ាងគំហុក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺត្រីមាសទី១ ឆ្នាំ២០១៧ មានចំនួន៥៨ គ្រឿង និងត្រីមាសទី១ឆ្នាំ២០១៨ មានរហូតដល់ចំនួន ១៥៨ គ្រឿង បើទោះជាអាជ្ញាធរជាតិអប្សរាធ្លាប់បានផ្សព្វផ្សាយជា សាធារណៈ និង ក្រុមការងារបានព្យាយាមទប់ស្កាត់យ៉ាងណាក្តី។


ការប្រកាសចេញវិធានការចំពោះការបង្ហោះDroneនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សាជាមួយ ស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗដើម្បីរិះរកវិធានការស្របច្បាប់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។


ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឱ្យពន្យល់ពីភាពចាំបាច់នៃវិធានការចំពោះការបង្ហោះ Drone ក្នុងតំបន់អង្គរនេះថា កំណើននៃDroneក្នុងតំបន់អង្គរនេះ វាជាហានិភ័យដល់ប្រាង្គប្រាសាទនានា បង្កការរំខាន និងអាចប៉ះពាល់ ដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរណ៏ និង ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ ។ ម្យ៉ាងវិញទៀត Drone ជាបច្ចេកវិជ្ជាដ៏ទំនើប ដែលអាចបង្កភាពងាយស្រួល ដល់ក្រុមភេរវកម្មក្នុងការបំផ្លាញដល់រមណីដ្ឋានបេតិកភណ្ឌពិភពលោកទៀតផង។


ដោយឡែក លោក ក្រូច វ៉ាន់ឌី អនុប្រធាននាយកដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ជាគោលការណ៍ កន្លងមក លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានកំណត់មិនឲ្យមានប្រើប្រាស់Droneជាលក្ខណៈបុគ្គលឡើយ។ អាចអនុញ្ញាតបានតែក្នុងករណីក្រុមហ៊ុនមានចុះបញ្ជីត្រឹមត្រូវ និងអាចអនុញ្ញាតឲ្យបង្ហោះក្នុងរយៈចម្ងាយ១៥០គម ពីតំបន់ហាមឃាត់ និងមិនឲ្យហួសពីកម្ពស់១៥០ម៉ែត្រពីដី។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡាយ ប៊ុនថន ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានបង្ហាញការគាំទ្រចំពោះការរឹតបន្តឹង នូវវិធានការទប់ស្កាត់ និងបង្ក្រាបនូវការបង្ហោះDroneក្នុងតំបន់ហាមឃាត់ ជាពិសេសគឺរមណីយដ្ឋានអង្គរតែម្តង។ ឯកឧត្ដមបញ្ជាក់ ថា វិធានការដែលសំខាន់គឺការទប់ស្កាត់កុំឲ្យមានអ្នកលួចបង្ហោះបាន តាមរយៈការផ្សព្វផ្សាយឲ្យបានទូលំទូលាយ គ្រប់ទីតាំង សំខាន់ៗដែលភ្ញៀវទេសចរឆ្លងកាត់ និងស្នាក់នៅ មុននឹងពួកគាត់ធ្វើដំណើរទៅកាន់កន្លែងកម្សាន្ត។


ជុំវិញវិធានការនេះ ស្ថាបន័ជំនាញទាំងអស់បានព្រមព្រៀងគ្នាដើម្បីបង្កើតក្រុមការងារចម្រុះមួយដែលនឹងពិភាក្សាទៅលើអង្គច្បាប់ ដើម្បីចាត់វិធានការតឹងរឹងបន្ថែមទៀត ចំពោះអ្នកបង្ហោះDrone ហើយគ្រប់ភាគីពាក់ពន្ធ័ នឹងរៀបចំការផ្សព្វផ្សាយឲ្យកាន់តែ ទូលំទូលាយថែមទៀត នូវបម្រាមប្រើប្រាស់Droneក្នុងតំបន់អង្គរ៕

អត្ថបទ៖អោម ចែតច័ន្ទណារ៉ា


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation