កម្ពុជាកំពុងតែខិតខំលើកកម្ពស់ភាពប្រកួតប្រជែង ដើម្បីទាក់ទាញវិនិយោគិនមកពីសហគមអឺរ៉ុប ឲ្យមកធ្វើការវិនិយោគនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជួបរវាងលោកជំទាវ ខាមែន ម៉ូរេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សហភាពអឺរ៉ុបនៅតែមានសុឆន្ទៈខ្ពស់ និងពិតប្រាកដ ក្នុងការចូលរួមចំណែកដល់កិច្ចអភិវឌ្ឍនៅកម្ពុជា ឈានឆ្ពោះទៅគោលដៅឆ្នាំ២០៣០ និង២០៥០ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ដែលកាន់តែរឹងមាំជាងមុន ដើម្បីបន្តជម្រុញឲ្យកិច្ចសហប្រតិបត្តិការកម្ពុជា និងសហភាពអឺរ៉ុប ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា ក្រៅពីជំនួយសម្រាប់ការអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលនៅតែបន្តដើរតួនាទី សំខាន់ចូលរួមចំណែកសម្រាប់ការអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេលមធ្យមខាងមុខនេះ កម្ពុជាត្រូវការជាចាំបាច់ នូវពិពិធកម្មសេដ្ឋកិច្ចជាមួយដៃគូរសំខាន់ដូចជាសហភាពអឺរ៉ុប តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន ទាក់ទាញវិនិយោគ និងពាណិជ្ជកម្មមកពីសហគមអឺរ៉ុប។ ក្នុងន័យនេះ កម្ពុជាកំពុងតែខិតខំឲ្យមានការយល់កាន់ តែច្បាស់អំពីកម្ពុជា លើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា រៀបចំកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសម្រាប់ ការវិនិយោគនៅកម្ពុជាឲ្យកាន់ល្អប្រសើរ សម្រាប់ទាក់ទាញវិនិយោគិនមកពីសហគមអឺរ៉ុប។ ជាមួយគ្នានេះ ត្រូវខិតខំ បន្ថែមក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវាងកម្ពុជា និងអឺរ៉ុប តាមរយៈ ទេសចរណ៍, បម្លាស់ប្តូរវប្បធម៌, ការបណ្តុះបណ្តាលធនធានមនុស្ស, វិជ្ជាជីវៈ និងការតភ្ជាប់ទាំងផ្នែកទន់ និងផ្នែករូបវន្ត ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា វត្តមានរបស់លោកជំទាវនឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសហភាពអឺរ៉ុបឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាប ជូនអំពីស្ថានភាពសេដ្ឋកិច្ច ដែលកម្ពុជាកំពុងសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំជាមួយនឹងកំណើន សេដ្ឋកិច្ចខ្ពស់។ កម្ពុជាកំពុងបន្តដំណើរតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៍ ដោយបានកំណត់យកឆ្នាំ២០៣០ ជាឆ្នាំគោល ដែលត្រូវសម្រេចឱ្យបាននូវលទ្ធផលជាសារវ័ន្ធនៃកំណែ ទម្រង់សំខាន់ៗ និងការប្រែក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។ 

ជាមួយគ្នានេះ លោកជំទាវក៏បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់ប្រតិបត្តិការរបស់ សហភាពអឺរ៉ុប រហូតទទួលបានជោគជ័យក្នុងកិច្ចសហប្រតិបត្តិការកន្លងមក។ លោកជំទាវនឹងបន្ត គាំទ្រជំរុញកិច្ចសហ ប្រតិបត្តិការកម្ពុជា-សភាពអឺរ៉ុប ឲ្យកាន់តែស៊ីជម្រៅ និងជាយុទ្ធសាស្រ្តថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការ ដែលស្រមតាមតម្រូវការជាអាទិភាព ជាក់ស្តែង និងកម្មវិធីអភិវឌ្ឍន៍របស់កម្ពុជា ក៏ដូចជាបន្តការគាំទ្រដល់កម្មវិធីនៃកិច្ច សហប្រតិបត្តិការដែលកំពុងតែអនុវត្តន៍ ដូចជា កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការបណ្តុះបណ្តាល ធនធានមនុស្ស ជាដើម៕អត្ថបទ៖ ចេង ឆហួត  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation