សម្ដេចក្រឡាហោម ស ខេង សន្និដ្ឋានថា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរនឹងកើនឡើង បើគ្មានវិធានការទាន់ពេលនិងមានប្រសិទ្ធភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានអញ្ជើញបើក កិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សន្និដ្ឋានថា ក្រោយពីគ្រោះថ្នាក់ចរាចរនៅកម្ពុជា កើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរផ្លូវគោក នៅតែបន្តកើនឡើង បើសិនភាគីពាក់ព័ន្ធ មិនដាក់ចេញនូវវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព។

បើតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើនឡើង៤,១២១លើក និងសម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។ គិតជាមធ្យមភាគ ក្នុង១ថ្ងៃមានមនុស្សស្លាប់ ៥.៤នាក់។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ផ្អែកលើសភាពការណ៍ និងបញ្ហាប្រឈមដូចពោលខាងលើ យើងអាចសន្និដ្ឋានថា ឆ្នាំ ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែបន្តកើនឡើង រីឯជនរងគ្រោះស្លាប់ និងរបួសកាន់តែច្រើន ប្រសិនបើយើងមិនបានដាក់ចេញនូវវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព»។

សម្ដេចបន្ដថា បញ្ហាទាំងនេះទាមទារឲ្យទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលបាន និងកំពុងកើតឡើង សំដៅកាត់បន្ថយទាំងចំនួនហេតុការណ៍គ្រោះថ្នាក់ និងចំនួនជនរងគ្រោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ដូចនេះ សម្ដេចស្នើដល់ថ្នាក់ដឹកនាំ រាជធានី-ខេត្ត ត្រូវខិតខំជំរុញអនុវត្តឲ្យបានសម្រេចតាមផែនការសកម្មភាព ស្តីពី ការអនុវត្តវិធានការបន្ទាន់ក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងខិតខំអនុវត្តកិច្ចការសំខាន់ៗ ផ្សេងទៀតតាមទិសដៅ ដែលបានដាក់ចេញ នាពេលកន្លងទៅ។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋមន្ដ្រីមហាផ្ទៃ ដាក់ចេញវិធានការមួយចំនួន ដូចជា ៖ ត្រូវពង្រឹងយន្តការនៅថ្នាក់រាជធានី-ខេត្ត ,ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំ ឲ្យបានទូលំទូលាយ ,ត្រូវពង្រឹងវិធានការរឹតបន្ដឹងច្បាប់ ,ត្រូវពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ,ត្រូវជំរុញការងារប្រឡងប្រណាំងតំបន់ពិសេស នៃសុវត្ថិភាពចរាចរណ៍ ,បន្តលើកកម្ពស់សមត្ថភាព និងគុណភាពរបស់កងកម្លាំងអនុវត្តច្បាប់ ,ត្រូវជំរុញការសិក្សាស្រាវជ្រាវក្នុងប្រទេស ដើម្បីទទួលបទពិសោធន៍ល្អៗ នៃការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាមានយានយន្ត ៥.៣៣៨.៣៩៤គ្រឿង ក្នុងនោះ ម៉ូតូ ៤.៥៥៥. ២ ២ ១គ្រឿង និងរថយន្តគ្រប់ប្រភេទ ៧៨៣.១៧៣ គ្រឿង បានធ្វើឲ្យសកម្មភាពចរាចរណ៍នៅទូទាំងប្រទេស កាន់តែមានភាពមមាញឹក និងចង្អៀត។ស្ថានភាពបែបនេះ បានបង្កើតឲ្យមានបញ្ហាប្រឈមមួយចំនួន ដូចជា ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើង ស្របពេលដែលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មិនទាន់ឆ្លើយតបតាមតម្រូវការ ដូចជា កង្វះចំណតយានយន្ត កង្វះការគ្រប់គ្រងចំណីផ្លូវ និងកង្វះការបំពាក់បរិក្ខាសុវត្ថិភាពផ្លូវ ជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation