ប្រមុខការពារជាតិកម្ពុជា ជម្រុញឲ្យកងទ័ពជើងទឹក ខិតខំពង្រឹងសមត្ថភាព និងទំនាក់ទំនង ជាមួយប្រទេសជាមិត្ត ដើម្បីឲ្យស្របទៅនឹង ភាពរីកចម្រើន របស់ប្រទេសជាតិ និងដើម្បីឆ្លើយតបនឹង ស្ថានការណ៍ប្រែប្រួលរបស់ពិភពលោក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ : សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ កងទ័ពជើងទឹក នៅតែរក្សាការពារបាន នូវសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជនរស់នៅ យ៉ាងសុខសាន្ត សុខដុមរម្យនា។

ការលើកឡើងរបស់សម្ដេចពិជ័យសេនាទៀបាញ់បានធ្វើឡើងនៅ រសៀលថ្ងៃទី២០ ខែមករានេះ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ របស់ទីបញ្ជាការដ្ឋានកងទ័ពជើងទឹក។

សម្តេចបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចតេជោ បានធ្វើឲ្យបរិយាកាសនយោបាយ កាន់តែមានភាពល្អប្រសើរឡើង តាមរយៈការប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្រោមកិច្ចដំណើរការ កែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយឆន្ទៈមុតស្រួច នឹងកាន់តែមានប្រសិទ្ធភាព និងបានដាក់ចេញនូវផែនការថ្មីៗយ៉ាងម៉ឹងម៉ាត់ និងប្រទាក់ក្រឡាគ្នា និងបានការពាររបបរាជានិយម និងអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ ប្រកបដោយលទ្ធផលផ្លែផ្កា។

ទោះបីទទួលបានលទ្ធផលល្អពិតមែន តែនៅតែមានបញ្ហាខ្លះកើតមានឡើង ដូចជាបញ្ហាកង្វះធនធានមនុស្សរោងជួសជុលនាវា នៅតែជាការចាំបាច់ មិនអាចខ្វះបានដើម្បីឲ្យស្របទៅនឹងការរីកចម្រើន របស់ប្រទេសជាតិ និងសម័យ Digital នាពេលបច្ចុប្បន្ននេះ។

ដោយសារស្ថានការណ៍ នៅលើពិភពលោក មានការប្រែប្រួល, សម្តេចពិជ័យសេនា បានបញ្ជាឲ្យកងទ័ពជើងទឹក ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ជាមួយនឹងប្រទេសជិតខាង ក៏ដូចជាប្រទេសនៅលើពិភពលោក ទាក់ទងទៅនឹងបញ្ហាសន្តិសុខលម្ហសមុទ្រ ប្រកបដោយសុទិដ្ឋិនិយម និងប្រកបដោយវឌ្ឍនភាព។ កងទ័ពជើងទឹក ក៏ត្រូវតែខិតខំពង្រឹងសមត្ថភាព ទាំងវិជ្ជាជីវៈសមត្ថភាពសុជីវធម៌ វិន័យតាមរយៈការបណ្ដុះបណ្ដាល ទៅលើការប្រើប្រាស់ឧបករណ៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងរឹង ឲ្យស្របទៅនឹងភាពរីកចម្រើន របស់ប្រទេសជាតិលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងទៅអនាគត។

បន្ថែមពីលើនេះ កងទ័ពជើងទឹក ត្រូវពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយនឹងបណ្ដាប្រទេសជាមិត្តទាំងអស់ តាមរយៈការចូលចតនាវា នៅកំពង់ផែកម្ពុជាដើម្បីធ្វើកិច្ចផ្លាស់ប្ដូរយោបល់ ជាមួយគ្នាទៅវិញទៅមកការចូលរួមយុទ្ធនាការ និងកិច្ចប្រជុំ ជាមួយនឹងអាស៊ាននិងប្រទេសជិតខាង ដើម្បីចែករំលែក ព័ត៌មានទៅវិញទៅមក ពង្រឹងសមត្ថភាពមន្ត្រីយោធាជំនាញលើកកម្ពស់ទំនាក់ទំនង ឲ្យកាន់តែល្អប្រសើរ ជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់ ជាពិសេសជាមួយនឹងប្រទេសជិតខាង ដើម្បីខិតខំប្រឹងប្រែងរួមគ្នា ធ្វើឲ្យមានសណ្តាប់ធ្នាប់ និងបរិស្ថានល្អ នៅក្នុងដែនសមុទ្រជារបស់យើង។

កងទ័ពជើងទឹក ក៏ត្រូវគិតគូរទុកជាមុន នូវការប្រឈមទាំងឡាយ ដែលនឹងអាចកើតមានឡើង នៅលើលំហសមុទ្រកម្ពុជា សម្រាប់សន្តិសុខបែបប្រពៃណី និងមិនប្រពៃណី ដូចជាបញ្ហាអធិបតេយ្យភាពដែនសមុទ្របញ្ហាចារកម្ម បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរគ្រឿងញៀន ការនេសាទខុសច្បាប់មការបំពុលបរិស្ថានគ្រោះមហន្តរាយធម្មជាតិ អំពើភេរវកម្ម ដែលទាំងនេះទាមទារ អោយកងទ័ពជើងទឹក ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជិតខាង ខិតខំរួមគ្នាលើវិស័យនាវាចរណ៍ ដើម្បីធានាបាននូវសុខសន្តិភាព លើផ្ទៃសមុទ្រនៃប្រទេសជាតិយើង។

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក បានប្តេជ្ញា ខិតខំពង្រឹង ប្រព័ន្ធការពារជាតិ នៅតាមកោះ ឆ្នេរ ឲ្យបានរឹងមាំ តាមដាន និងក្តាប់សភាពការណ៍ទូទៅនៅតាមកោះ ឆ្នេរ ដាក់ប៉ុស្តី៍សង្កេតការណ៍ នៅតាមបណ្តាកោះ ធ្វើការល្បាតត្រួតពិនិត្យភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន ឲ្យបានជាប់ជាប្រចាំ និងយកចិត្តទុកដាក់ម្ចាស់ការ ចូលរួមថែរក្សា ស្ថេរភាពនយោបាយ សន្តិសុខសាធារណៈ និងសហការជាមួយសមត្ថកិច្ច គ្រប់ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ចូលរួមឲ្យបានសកម្ម ក្នុងការអនុវត្តន៍ច្បាប់ ទប់ស្កាត់ ភាពអនាធិបតេយ្យខុសច្បាប់ និងបទល្មើសផ្សេងៗ ជាពិសេស ការពារនិងថែរក្សាធនធានធម្មជាតិ ទាំងលើសមុទ្រ ទាំងនៅក្នុងបាតសមុទ្រ ឲ្យបានគង់វង្ស៕អត្ថបទ : សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation