កម្ពុជា-វៀតណាម បន្តកិច្ចសហការតាមព្រំដែន និងដោះស្រាយបញ្ហាផ្សេងៗ
| ព័ត៌មានជាតិ
SHARE

ប្រទេសកម្ពុជា និងប្រទេសវៀតណាម បន្តកិច្ចសហការតាមព្រំដែន និងដោះស្រាយបញ្ហាផ្សេងៗ ដោយសន្តិវិធី ឈរលើគោលការណ៍ ឯករាជ្យ និងអធិបភាពតេយ្យ  ទៅវិញទៅមក។

នេះជាលទ្ឋផលត្រូវបានបង្ហាញឡើង ក្រោយពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបំពេញទស្សនកិច្ច៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ តបតាមការអញ្ជើញ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រី ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅទីក្រុងហូជីមិញ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បើកកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២០ ជាមួយសមភាគីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក តូ ឡឹម ។ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលសម្រេចបានក្នុងឆ្នាំ២០១៩កន្លងទៅ មានជាអាទិ កិច្ចសហការផ្លាស់ប្តូរព័ត៌មានដើម្បីថែរក្សាសន្តិសុខជាតិការពារព្រឹត្តិការណ៍ជាតិធំៗ។

បន្ទាប់មក ភាគីទាំងពីរក៏បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២០ និងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗមួយចំនួនទៀត រួមមាន បន្តចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិផ្សេងៗ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងនៅតាមតំបន់មួយចំនួនដែលមានភូមិសាស្រ្តស្មុគស្មាញ, បន្តជំរុញចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់, បន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងសហការដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ឈរលើគោលការណ៍គោរពឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញទៅមក។

នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងនូវការអបអរសាទរចំពោះប្រទេសវៀតណាម ក្នុងឱកាសទទួលភារកិច្ចជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២០នេះ និងការជាប់ឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិក្នុងអាណត្តិ២០២០-២០២១។

ឯកឧត្តម តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានចូលរួមសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០នេះដែរ ។ ភាគីទាំងពីរបានប្តេជ្ញាជួយគាំទ្រគ្នាទៅវិញទៅមកគ្រប់លទ្ធភាព ដើម្បីបម្រើឲ្យការប្រារព្វព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងនេះ ដំណើរការទៅដោយជោគជ័យតាមការគ្រោងទុក។

ដើម្បីបន្តយន្តការកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានអញ្ជើញឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២១ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្រប៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation