ព័ត៌មានជាតិ

ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងថា៖ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាពការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់

image

ឯកឧត្តម ឧត្តមសេនីយ៍ ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិមានប្រសាសន៍ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនប្រមាណជាង២០០នាក់ នៅព្រឹកថ្ងៃទី២០ ខែមករានេះ។ឯកឧត្តម ឧត្តមសេនីយ៍ ឯក លឹម សុខារស្មីបានបន្តអោយដឹងថាការបំពាក់បំប៉នភ្នាក់ងារសន្តិសុខឯកជន ឲ្យមានសមត្ថភាពពេញលេញដើម្បីចូលរួម កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព តាមបណ្តាគោលដៅ និងក៏ដូចជាសង្គមជាតិទាំងមូល។ វិស័យសន្តិសុខឯកជន មានការរីកចម្រើនយ៉ាងខ្លាំង ស្របតាមប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយវិស័យនេះ បានការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមជាតិយ៉ាងផុលផុស។

ឯកឧត្តម ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានអះអាងទៀតថា វិស័យសន្តិសុខឯកជន ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាពការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាន នាយកដ្ឋានគ្រប់គ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់គឺ ស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្តិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងកិច្ចការពារសន្តិសុខសង្គម។

គួរបញ្ជាក់ថានេះជាវគ្គបណ្តុះបណ្តាលលើកទី២៦ដែលក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃ ក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា