ពលរដ្ឋស្រុកជើងព្រៃ ទទួលបានផ្លូវលំមួយខ្សែទៀត ប្រវែង៦គីឡូម៉ែត្រ អមដោយដើមក្ងោក២ពាន់ដើម ពីបណ្ឌិត ហ៊ុន ម៉ាណែត
| ព័ត៌មានជាតិ
SHARE

កំពង់ចាម ៖ ផ្លូវលំក្រាលគ្រួសក្រហម មួយខ្សែ ប្រវែង៦គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ត្រូវបានដាក់សម្ពោធ ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីយុវជនក្រុម៨ ដែលដឹកនាំដោយ លោកបណ្ឌិត ម៉ឹង មករា រួមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណជិត៤ពាន់នាក់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ក្នុងពិធីសម្ពោធផ្លូវនោះ ដោយបានកោតសរសើរ ដល់យុវជនក្រុម៨ តែងតែយកចិត្តទុក នៅក្បែរបងប្អូនប្រជាពលរដ្ឋ បំពេញនូវគ្រប់តម្រូវរបស់ប្រជាពលរដ្ឋ ជាបន្ដបន្ទាប់ មិនថាផ្លូវថ្នល់ ទឹកប្រើប្រាស់ និងជួយសម្រាលការលំបាករបស់ពលរដ្ឋភ្លាមៗពេលជួបនូវគ្រោះមហន្ដរាយនានា ដូចជា កង្វះទឹក ទឹកជំនន់ និងខ្យល់កន្ដ្រាក់នានា ដោយមិនប្រកាន់និន្នាការនយោបាយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ប្រទេសជាតិស្ថិតក្នុងស្ថានភាពនយោបាយ សុខសន្តិភាព ពេញលេញបរិបូរណ៍ ទើបមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ហើយថ្ងៃនេះដែរ ក្រុមការងារ ក៏បាកសាងជួសជុសពង្រីកផ្លូវពីទំហំ៣ម៉ែត្រ ក្លាយទៅជា៦ម៉ែត្រ ជូនប្រជាពលរដ្ឋ ចំនួន៥ភូមិ (ភូមិពង្រ ភូមិប្រតេន ភូមិទម្ពរ ភូមិត្នោតបាក់ និងភូមិអរក្ស) គឺដើម្បីបន្ដការអភិវឌ្ឍភូមិឃុំ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកកសិផល ដែលប្រមូលផលរួច យកទៅលក់នៅតាមទីផ្សារឱ្យកាន់តែមានល្អប្រសើរឡើងមួយកម្រិតទៀត។

លើសពីនោះ ដើម្បីចូលរួមការពារ និងលើកកម្ពស់សោភណ្ឌភាពបរិស្ថាននៅតាមដងផ្លូវ យុវជនក្រុម៨ ដែលដឹកនាំដោយ លោកបណ្ឌិត ម៉ឹង មករា បានដាំដើមក្ងោក អមតាមសងខាងផ្លូវនេះ ចំនួន២០០០ដើម ឱ្យមានភាពស្រស់ស្អាតជាមួយធម្មជាតិពណ៌បៃតង និងផ្កាក្រហមឆ្អិនឆ្អៅ ជាពិសេស ជួយកាត់បន្ថយកំដៅពេលប្រជាពលរដ្ឋធ្វើដំណើតាមផ្លូវផងដែរ។

ជាងនេះទៅទៀត «ការដាំដើមឈើនេះ នឹងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងចូលរួមបំផុសនូវការស្រលាញ់ធម្មជាតិ ហើយយើងនឹងបន្ដអភិវឌ្ឍភូមិឃុំ នៅក្នុងស្រុកជើងព្រៃឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដោយធ្វើយ៉ាងណាជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋយើងឱ្យកាន់តែមានធូរធារ»។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ម៉ឹង មករា។

សូមជម្រាបថា ការជួសជុល និងពង្រីកផ្លូវក្រាលគ្រួសក្រហមប្រវែង ៦,០០០ម៉ែត្រនៅលើផ្លូវចាស់មានទទឹង ៣,៥ម៉ែត្រ មានសភាពតូចចង្អៀត និងលិចទឹកនៅរដូវវស្សា ឥលូវនេះត្រូវបានពង្រីកទទឹង៦ម៉ែត្រ ព្រមទាំងលើកកម្ពស់តួរផ្លូវ និងដាក់លូកាត់ទទឹងផ្លូវបានចំនួន១២កន្លែង។

សម្រាប់ផ្លូវនេះ ប្រជាជនចំនួន៥ភូមិ (ភូមិពង្រ ភូមិប្រតេន ភូមិទម្ពរ ភូមិត្នោតបាក់ និងភូមិអរក្ស) សរុបប្រមាណ៧០០គ្រួសារ និងពលរដ្ឋផ្សេងទៀតឆ្លងកាត់ នឹងទទួលបានទាំងភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកដំណាំកសិផលប្រចាំថ្ងៃផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation