ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រកាសគាំទ្រចំពោះការបេ្តជ្ញាចិត្តបំពេញបន្ថែមរាល់ចំណុចខ្វះខាតដើម្បីធ្វើឱ្យបណ្តាវគ្គហ្វឹកហ្វឺនឆ្នាំ២០២០ដំណើរការកាន់តែប្រសើរ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ប្រភេទអូសសណ្តោង ជំនាន់ទី១ និងជំនាញកុំព្យូទ័ររដ្ឋបាលវគ្គទី១-វគ្គទី២ របស់កងពលតូចដឹកជញ្ជូនលេខ៩០ ក្នុងខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

មានប្រសាសន៍នាឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការងារហ្វឹកហ្វឺន គឺជាការងារស្នូលសំខាន់ចាំបាច់ត្រូវធ្វើជាប់ជាប្រចាំ ដើម្បីឆ្លើយតបបានទៅនឹងសំណូមពរភារកិច្ចចំពោះមុខរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាតម្រូវការនៃការអភិវឌ្ឍសមត្ថភាពរបស់យោធិនឱ្យមានសមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ ដែលជាផ្នែកមួយដ៏សំខាន់នៃការងារកែទម្រង់របស់កងយោធពលខេមរភូមិន្ទ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ប្រភេទអូសសណ្តោងជំនាន់ទី១ ដែលពិតជាបានឆ្លើយតបនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខរបស់កងពលតូចដឹកជញ្ជូនលេខ៩០ នៅក្នុងការសម្រេចភារកិច្ចដឹកជញ្ជូនក្នុងគ្រប់សភាពការណ៍ ដោយបានផ្តល់ឱ្យសិក្ខាកាម នូវចំណេះដឹង និងចំណេះធ្វើលើជំនាញបើកបររថយន្តធុនធ្ងន់អូសសណ្តោង, ការងារបច្ចេកទេសជួសជុលថែទាំ, ចំណេះដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងច្បាប់វិន័យកងទ័ព និងលំហាត់របៀបសណ្តាប់ធ្នាប់ជួរទ័ព ដែលជាបទដ្ឋានគោលសម្រាប់រក្សាអត្តសញ្ញាណរបស់កងយោធខេមរភូមិន្ទ។ ការបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ប្រភេទអូសសណ្តោង ជំនាន់ទី១នេះ គឺជាជំហានថ្មីមួយទៀត អនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ និងស្របពេលដែលស្ថានភាពបច្ចុប្បន្នរបស់កងទ័ពជើងគោក កំពុងជួបប្រទះនូវបញ្ហាខ្វះខាតធនធានមនុស្សផ្នែកជំនាញនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់កសាងកម្លាំងដឹកជញ្ជូនឱ្យបានរឹងមាំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការងារដឹកជញ្ជូន និងឈានទៅសម្រេចភារកិច្ចទាំងមូលរបស់កងទ័ព។

មេបញ្ជាការកងទ័ពជើងគោក ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការព្យាយាមយកចិត្តទុកដាក់របស់កងពលតូចដឹកជញ្ជូនលេខ៩០ ក្នុងការពុះពារជម្នះរាល់ឧបសគ្គ និងការខ្វះខាតនានា ដើម្បីសម្រេចបាននូវបទបញ្ជា និងសេចក្តីណែនាំនានារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ទទួលបានលទ្ធផលល្អប្រសើរ ទាំងលើការងារជំនាញដឹកជញ្ជូន ជាពិសេសនៅក្នុងព្រឹត្តិការណ៍កងទ័ព និងព្រឹត្តិការណ៍ជាតិសំខាន់ៗជាច្រើនក្នុងរយៈកាលកន្លងមក, ការងារគ្រប់គ្រងកម្លាំង, និងការងារជួសជុល-ថែទាំសម្ភារបច្ចេកទេស, ក៏ដូចជាការខិតខំកសាងពង្រឹងអង្គភាព ដោយសម្រេចបានសមិទ្ធិផល និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន បម្រើឱ្យការបំពេញការងារកាន់តែមានប្រសិទ្ធភាព ហើយជីវភាព និងសុខមាលភាពរបស់កងទ័ពកាន់តែល្អសមរម្យ។ ទាំងនេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីសមត្ថភាពរបស់កងពលក្នុងការក្តាប់ជាប់នូវតួនាទី និងភារកិច្ចលើការងារដឹកជញ្ជូន ដែលជាសរសៃឈាមរស់ពុំអាចខ្វះបាន រួមចំណែកផ្សារភ្ជាប់ទាន់ពេលវេលា រវាងសមរភូមិមុខ និងសមរភូមិក្រោយ និងដែលមានអត្ថន័យកំណត់ដល់លទ្ធផលការងារភ័ស្តុភារកងទ័ព។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រកាសគាំទ្រចំពោះការបេ្តជ្ញាចិត្តក្នុងការខិតខំកែខៃបំពេញបន្ថែមរាល់ចំណុចខ្វះខាតនានា ដើម្បីធ្វើយ៉ាងណាឱ្យបណ្តាវគ្គហ្វឹកហ្វឺនឆ្នាំ២០២០នាពេលខាងមុខ អាចដំណើរការទៅកាន់តែប្រសើរឡើង និងសូមណែនាំដល់គ្រប់បណ្តាអង្គភាព និងសាលាចំណុះកងទ័ពជើងគោកទាំងអស់ ចាំបាច់ត្រូវចាប់ផ្តើមយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឱ្យការហ្វឹកហ្វឺន ធានាបាននូវគុណភាពជាជាងបរិមាណ និងត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ពពេលហ្វឹកហ្វឺន ធានាសុខុមាលភាព សន្តិសុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈគ្រឿងបំពាក់ឱ្យបានល្អប្រសើរ។

នៅចុងបញ្ចប់នៃកម្មវិធីនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ, គោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ និងត្រូវយកចិត្តទុកដាក់ជាចាំបាច់លើការងារអប់រំចិត្តសាស្ត្រ និងស្វែងយល់អំពីសភាពការណ៍ថ្មីៗ ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ សំដៅធានាប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពជាតិ។ មានតែសន្តិភាពទេ ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ដូចដែលយើងកំពុងមានសព្វថ្ងៃនេះ និងសម្រាប់បន្តដល់អ្នកជំនាន់ក្រោយៗបន្តបន្ទាប់ទៀតផងដែរ។ សូមអរគុណសន្តិភាព, សូមអរគុណអ្នករកសន្តិភាព និងសូមនាំគ្នាថែរក្សាកុំឱ្យបាត់បង់។ ទន្ទឹមនឹងនេះ ក៏ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាក្នុងការលើកស្ទួយជីវភាពរស់នៅ និងសុខមាលភាពរបស់កងទ័ព និងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាមនុស្ស ឬធម្មជាតិ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានរហ័សបំផុត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation